យុទ្ធនាការផ្ញើរសារអបអរសាទរចូលឆ្នាំថ្មី ឆ្នាំសកល២០២០ ដែលប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន និង មន្ត្រីជាន់ខ្ពស់របស់ខ្លួនប្រើប្រាស់ មានន័យថា អរគុណសន្តិភាព។
សារ«អរគុណសន្តិភាព» ត្រូវបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកពីសំណាក់មន្ត្រីជាន់ខ្ពស់ និងជាន់ទាបរដ្ឋាភិបាល ព្រមទាំងបានធ្វើជាបដា យកទៅចងភ្ជាប់នៅតាមទីសាធារណៈយ៉ាងព្រោងព្រាត។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃនេះ បានលើកឡើងលើទំព័រហ្វេសប៊ុករបស់ខ្លួនដោយ អរគុណបងប្អូនជនរួមជាតិដែលបានគាំទ្រដល់សារអរគុណសន្តិភាព ដែលជាសារនយោបាយរបស់លោក។
លោកអះអាងថា សារនយោបាយនេះ វាមានតម្លៃមិនសាបសូន្យមិនថាកន្លងមក ថ្ងៃនេះនិងទៅថ្ងៃក្រោយឡើយ។
លោកថា មនុស្សទាំងអស់គ្នាត្រូវការសន្តិភាពលើកលែងតែពួកភេរវករប៉ុណ្ណោះដែលចង់បំផ្លាញសន្តិភាព ហើយសារអរគុណសន្តិភាពបានក្លាយទៅជាពាក្យស្លោករបស់ប្រជាជនដែលស្រឡាញ់សន្តិភាពផងដែរ។
យ៉ាងណាសម្រាប់អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម លោកបណ្ឌិត ប៉ា ច័ន្ទរឿង បានលើកឡើងថា សន្តិភាព ដែលមានយុត្តិធម៌ទើបជាសន្តិភាពពេញលេញសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា។
កន្លងមកអ្នកវិភាគនយោបាយធ្លាប់ លើកឡើងថា សន្តិភាពដែលគ្មានភាពយុត្តិធម៌ គឺជាសន្តិភាពបណ្តោះអាសន្នប៉ុណ្ណោះ ហើយក៏ជៀសមិនផុតពីការងើបឡើងរបស់ពលរដ្ឋប្រឆាំងនឹងអំពើអយុត្តិធម៌ទាំងនោះ ឬ ក៏ប្រឆាំងនឹងមេដឹកនាំរដ្ឋដែលបង្កើតឱ្យមានភាពអយុត្តិធម៌សង្គម និងភាពឈឺចាប់កាន់តែច្រើន។
ក្រោយការរំលាយគណបក្សសង្រ្គោះជាតិឆ្នាំ២០១៧ មក កម្ពុជាត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃថាកំពុងមានវិបត្តិនយោបាយ និងអំពើអយុត្តិធម៌កាន់តែធ្ងន់ធ្ងរ ពិសេសកម្ពុជាកំពុងដើរប្រាសចាកពីគន្លងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។
កាលពីខែវិច្ឆិកាឆ្នាំមុន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតមកកាន់លោក ហ៊ុន សែន ដោយជំរុញឱ្យមេដឹកនាំប្រទេសកម្ពុជារូបនេះវិលត្រឡប់ទៅដើរលើផ្លូវត្រូវវិញ បើពុំនោះ សមិទ្ធផលសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់កម្ពុជានឹងជួបគ្រោះភ័យនៅពេលខាងមុខមិនខាន។
ជាការឆ្លើយតប លោក ហ៊ុន សែន សន្យាថានឹងស្តារស្ថានភាពនយោបាយនិង ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ ដោយថាលោកមិនចង់ឱ្យកម្ពុជា និងសហរដ្ឋអាមេរិកក្លាយជាចំណាត់ខ្មាំងនៃប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតកាលពីអតីតកាលឡើយ៕