34 C
Phnom Penh

លោក កឹម សុខា ថាគ្រោះថ្នាក់បាក់រលំអគារនៅខេត្តកែបជាពេលជួយសង្រ្គោះ ពុំមែនជាពេលចោទគ្នាឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា  បានលើកឡើងថា សោកនាដកម្មបាក់រលំអគារ កម្ពស់៧ជាន់ នៅខេត្តកែប គឺជាពេលវេលាជួយសង្គ្រោះ ពុំមែនជាពេលដែលត្រូវចោទប្រកាន់គ្នានោះ                ឡើយ។

កាលពីរសៀលថ្ងៃសុក្រ អគារកម្ពស់៧ជាន់បានបាក់រលំបណ្តាលឱ្យមនុស្ស៣៦នាក់ស្លាប់ និងរបួស២៣នាក់។

តាមរយៈអតីតប្រធានខុទ្ទកាល័យរបស់លោកកឹម សុខា គឺលោក មុត ចន្ថា បានលើកឡើងកាលពីថ្ងៃម្សិលមិញថា ប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បានប្រាប់ទៅសហការីឲ្យចូលរួមដោយសប្បុរសករណីរលំអគារនៅខេត្តកែបនោះ ព្រោះជារឿងសោកនាដកម្មរបស់ខ្មែរ មិនមែនជាពេលវេលាចោទគ្នានោះទេ។

ជាមួយគ្នានេះ លោក កឹម សុខា  បានចូលរួមចំណែកបរិច្ចាគថវិកាចំនួន២ពាន់ដុល្លារ ដល់ជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេក្នុងហេតុការណ៍បាក់រលំអគារនៅខេត្តកែប កាលពីចុងសប្តាហ៍មុន។

លោក មុត ចន្ថា បានសរសេរនៅលើហ្វេសប៊ុករបស់លោកថាអស់                  រយៈពេលបីថ្ងៃនេះ ទោះបីជាលោក កឹម សុខា មិនបានទៅដោយផ្ទាល់ដល់ទីកន្លែងកើតហេតុក៏ដោយ ប៉ុន្តែប្រធានគណបក្សប្រឆាំងរូបនេះ បានសង្កេតឃើញសមត្ថកិច្ចបានខឹតខំប្រឹងប្រែងយ៉ាងខ្លាំង គួរឲ្យកោតសរសើរក្នុងប្រតិបត្តិការជួយសង្គ្រោះ។

កាលពីរសៀលថ្ងៃទី៣ ខែមករា អគារកម្ពស់៧ជាន់នៅខេត្តកែប ដែលមានម្ចាស់សំណង់ជាជនជាតិខ្មែរឈ្មោះ ឯក សារុន និងប្រពន្ធឈ្មោះ ឈីវ សុធី បានបាក់រលំដោយអាជ្ញាធរអះអាងថាដោយសារសំណង់ខ្វះបច្ចេកទេស។

ចំពោះជនរងគ្រោះជិត៦០នាក់ទាំងស្លាប់ និងរបួសនោះ លោកហ៊ុន សែន បញ្ជាក់ថា អ្នករងរបួសនឹងទទួលបានថវិកាឧបត្ថម្ភម្នាក់ៗ ១ ម៉ឺនដុល្លារ ប៉ុន្តែមានចំនួន ៧នាក់ នឹងត្រូវទទួលបាន ២ម៉ឺនដុល្លារ។ សម្រាប់សាកសពម្នាក់ៗទទួលបាន ៥ ម៉ឺន និងថវិកាសម្រាប់ធ្វើបុណ្យ ១០ លានរៀលបន្ថែមទៀត។

យ៉ាងនេះក្តី កាលពីថ្ងៃម្សិលមិញក្នុងសន្និសីទកាសែត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថាហេតុការណ៍នេះ គ្មានមន្ត្រីរបស់លោកណាម្នាក់ត្រូវដកចេញពីតំណែងឬ ទទួលខុសត្រូវក្នុងរឿងរ៉ាវនេះឡើយ។

ការថ្លែងការពារមន្ត្រីរបស់ខ្លួនរបស់លោក ហ៊ុន សែន នេះ មិនមែនជាលើកទី១ឡើយ ហើយបញ្ហានេះត្រូវបានគេមើលឃើញថាលោកបានបង្កើតឱ្យមានវប្បធម៌គ្មានការទទួលខុសត្រូវ ព្រមទាំងបង្កឱ្យហេតុការណ៍ដដែលៗកើតឡើងបន្តទៀត៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស