ព័ត៌មានជាតិ

មេដឹកនាំផ្ដាច់វេណេហ្សូអេឡា ត្រូវបានចោទធ្វើរដ្ឋប្រហាររដ្ឋសភា ដោយដណ្ដើមតំណែងប្រធានសភា ពីមេបក្សប្រឆាំងវ័នកៃដូ

By ឌឹ ខេមបូឌា ដេលី

January 08, 2020

ក្រុមគណបក្សប្រឆាំងនៅប្រទេសវេណហ្សូអេឡា បានប្រកាសថា លោកប្រធានាធិបតី នីកូឡាម៉ាឌូរ៉ូ ដែលឡើងកាន់អំណាចដោយមិនស្របនឹងឆន្ទៈរបស់ពលរដ្ឋជាម្ចាស់ឆ្នោត គឺជាមេគំនិតនៃការ ដឹកនាំ ឲ្យមានរដ្ឋប្រហារ រដ្ឋសភា ដោយឃាឃាំងសមាជិកសភា ក្រុមប្រឆាំងមិនអោយចូលរួមបោះឆ្នោតជ្រើសតាំងប្រធានារដ្ឋសភា ប្រចាំឆ្នាំ២០២០ ដែលគេរំពឹងថា លោកវ័នកៃដូនឹងបន្តឈ្នះក្នុងការបោះឆ្នោត អោយធ្វើជាប្រធានរដ្ឋសភា ជាថ្មីទៀត។

សារព័ត៌មាន The Guardian បានចុះផ្សាយនៅថ្ងៃច័ន្ទទី៦ ខែមករានេះថា ការបោះឆ្នោតជ្រើសតាំងប្រធានសភាប្រចាំឆ្នាំ សម្រាប់ឆ្នាំ២០២០ នៃប្រទេសវណេហ្សូអេឡ ប្រព្រឹត្តទៅក្រោមបរិយាការហិង្សា និងច្របូលច្របល់ ដោយសារសមាជិកសភា ក្រុមប្រឆាំងត្រូវកងអង្គភាពការពារលោកម៉ាឌូរ៉ូ មិនអោយចូលប្រជុំដើម្បីបោះឆ្នោតជ្រើសតាំងតំណាងរបស់ខ្លួន សម្រាប់ប្រធានរដ្ឋសភាបន្តនៅឆ្នាំ២០២០ ដែលក្នុងនោះ ក្រុមប្រឆាំងមានបេក្ខជនម្នាក់ គឺលោកវ័ន្តកៃដូ ដែលជាប្រធានរដ្ឋសភាឆ្នាំ២០១៩។

នៅក្នុងការបោះឆ្នោតនេះ  បេក្ខជន ប្រកួតនឹងលោកវ័ន្តកៃដូ គឺលោក Luis Parra ដែលលោកម៉ាឌូរ៉ូ គាំទ្រត្រូវបានប្រកាសថា ជាប្រធានរដ្ឋសភា សម្រាប់ឆ្នាំ២០២០នេះ ហើយបានស្បថចូលកាន់តំណែងក្រោមការការពារ យ៉ាងរឹងមាំពីកងអង្គរក្ស របស់ប្រធានាធិបតី ។

នៅខាងក្រៅបរិវេណរដ្ឋសភា លោកវ័ន្ដកៃដូក៏ត្រូវបានសមាជិកសភា បក្សប្រឆាំង បន្តជ្រើសតាំងលោក ជាប្រធានរដ្ឋសភាសម្រាប់ឆ្នាំ២០២០នេះដែរ។ ក្រោយពីស្បថជាប្រធានរដ្ឋសភាជាថ្មីទៀត នៅខាងក្រៅបរិវេណរដ្ឋសភា លោកកៃដូ បានដើររុលទៅមុខដើម្បីចូលក្នុងរដ្ឋសភា។ លោកបានហក់តោងរបងរដ្ឋសភា ស្របពេលដែលកងសន្តិសុខ របស់រដ្ឋសភា និងកងអង្គរក្សលោកម៉ាឌូរ៉ូ រុញច្រានលោកឲ្យចេញទៅក្រៅវិញ ដែលនាំអោយមានការប៉ះទង្កិចគ្នា ។ នៅខណៈនេះលោកកៃដូបានស្រែកខ្លាំងៗប្រាប់សហគមន៍អន្តរជាតិថា លោកនៅតែជាប្រធានរដ្ឋសភា ដដែល ព្រោះលោកជាប់ឆ្នោតឡើងវិញ។

លោកកៃដូប្រកាស ថា លោកនឹងនៅតែធ្វើសកម្មភាពនយោបាយ ក្នុងនាមជាប្រធានរដ្ឋសភា។

នៅក្នុងព្រឹត្តិការណ៍នេះ មិនថាឡើយក្រុមសភា បក្សប្រឆាំង ត្រូវបាន កងសន្តិសុខ ឃាឃាំងមិនអោយចូលរដ្ឋសភា សូម្បីតែអ្នកសារព័ត៌មានក៏ត្រូវបានរាំងខ្ទប់ដែរ។

ភ្លាមៗ បន្ទាប់ពី ដឹងដំណឹងថា មានការធ្វើប្រហាររដ្ឋសភាដោយមេដឹកនាំផ្ដាច់ការលោកម៉ាឌូរ៉ូ គឺសហគមន៍អន្តរជាតិ បានប្រកាសថ្កោលទោស ដោយមិនទទួលស្គាល់ លោក Luis Parraជាប្រធានរដ្ឋសភា            វេណេហ្សូអេឡា សម្រាប់ឆ្នាំ២០២០នេះឡើយ។ ក្នុងចំណោមសហគមន៍ទាំងនោះ គឺ សហរដ្ឋអាមេរិក ប្រេស៊ីល អាហ្សង់ទីន ដឹកមុខគេ ប្រកាសថ្កោលទោស លោកម៉ាឌូរ៉ូ ប៉ុន្តែបានសាទរ លោកវ័នកៃដូបន្តធ្វើជាប្រធានរដ្ឋសភា។ សហរដ្ឋអាមេរិក តាមរយៈក្រសួងការបរទេស បាន ហៅ លោកកៃដូថា ជាប្រមុខរដ្ឋស្ដីទីរបស់ប្រជាជនវេណេហ្សូអេឡា។

សហរដ្ឋអាមេរិក សន្យាថា នៅតែនៅជាមួយប្រជាជន វេណេហ្សូអេឡាក្នុងការខិតខំប្រឹងប្រែង ដើម្បី បញ្ចប់របប ផ្ដាច់ការព្រៃផ្សៃ នៃមេដឹកនាំម៉ាឌូរ៉ូ។ សហរដ្ឋអាមេរិក និងប្រទេស៥៧ទៀតបានប្រកាសថា លោកកៃដូ នៅតែជាប្រមុខរដ្ឋស្ដីទី នៃប្រទេសវេណេហ្សូអេឡា ។

ចំណែកប្រទេសប្រេស៊ីល តាមរយៈសេចក្ដីថ្លែងការណ៍របស់ ក្រសួងការបរទេសនៃប្រទេសនេះ បានប្រាប់លោកម៉ាឌូរ៉ូ ថា ទោះជាខិតខំ ដណ្ដើម តំណែងប្រធានរដ្ឋសភា ពីបក្សប្រឆាំងក៏ដោយ  ក៏សហគមន៍អន្តរជាតិ នៅតែទទួលស្គាល់លោកកៃដូជាប្រធានរដ្ឋសភាដដែល។

ខណៈនេះប្រទេសអាហ្សង់ទីនបានចេញសេចក្ដីថ្លែងការណ៍សម្ដែងការខកចិត្ត នូវព្រឹត្តិការណ៍នេះ ដោយហៅទង្វើរបស់សមាជិកសភា បក្សកាន់អំណាចថា កាន់តែធ្វើអោយខ្លួនឯងបាក់មុខមាត់នៅលើឆាកអន្តរជាតិ។ 

ដោយឡែកសហភាពអឺរ៉ុបក៏បានប្រកាសថ្កោលទោស ដូចសហរដ្ឋអាមេរិកដែរ។ សហភាព អឺរ៉ុបដែលតាមរយៈការិយាយល័យអ្នកនាំពាក្យ បានហៅព្រឹត្តិការណ៍ នៃឃាឃាំងក្រុមសមាជិកសភាបក្សប្រឆាំងមិនអោយចូលប្រជុំសភា ដើម្បីជ្រើសរើសប្រធានរដ្ឋសភា របស់ខ្លួន ថាជារបបផ្តាច់ការ ហើយបានព្រមានថា វិបត្តិថ្មីនិងធ្ងន់ធ្ងរមួយទៀត នឹងកើតមានឡើងនៅពេលឆាប់ៗនេះ។

នៅក្នុងរដ្ឋសភានៃប្រទេស វេណេហ្សូអេឡា មាន ១៦៧  អាសនៈ ក្នុងនោះ បក្សប្រឆាំង កាន់កាប់១០៩ អាសនៈដែលបានឈ្នះនៅក្នុងការបោះឆ្នោត កាលពីឆ្នាំ២០១៥ គឺជាចំនួនលើសលុប លើបក្សកាន់អំណាចនៃបក្សសង្គមនិយម ដឹកនាំដោយ លោកម៉ាឌូរ៉ូ។

តែនៅមុនការបោះឆ្នោត មានព័ត៌មាន ជាច្រើនចុះផ្សាយថា លោកម៉ាឌូរ៉ូបាន ប្រើថវិការដ្ឋរាប់លានដុល្លារដើម្បីសូកប៉ាន់ និងទិញទឹកចិត្តតំណាងរាស្រ្តក្រុមបក្សប្រឆាំងកុំអោយបោះឆ្នោតគាំទ្រលោកវ័ន្តកៃដូជាប្រធានរដ្ឋសភាម្ដងទៀត។

យ៉ាងណាក៏ដោយ ចាប់ពីពេលនេះ តទៅ ប្រទេសវេណេហ្សូអេឡា មានប្រធានរដ្ឋសភា ពីររូប និងប្រមុខរដ្ឋក៏ពីររូប គឺលោកកៃដូ ជាប្រធានរដ្ឋសភា តំណាងក្រុមប្រឆាំងនិងជាប្រមុខរដ្ឋស្ដីទី ដែលសហរដ្ឋអាមេរិកនិងសមាជិកសហភាពអឺរ៉ុបគាំទ្រ ៕