29 C
Phnom Penh

រដ្ឋាភិបាលណែនាំឱ្យទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់ សាធារណៈ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រាជរដ្ឋាភិបាល បានធ្វើការណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ។ ការណែនាំនេះ ដើម្បីគ្រប់គ្រងទីតាំងប្រភពបំពុលខ្យល់ឱ្យបានកាន់តែប្រសើរសំដៅធានាដល់សុវត្ថិភាព និងសុខុមាលភាពប្រជាពលរដ្ឋ ព្រមទាំងកែលម្អសោភណភាពនៅតាមទីប្រជុំជន។

សារាចររបស់ប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន កាលពីថ្ងៃព្រហស្បត្តិ៍សប្តាហ៍មុន បានបញ្ជាក់ថា ការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងទីតាំងប្រភពបំពុលខ្យល់នៅមានកម្រិតនៅឡើយ និងមិនទាន់បានឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចជាតិនោះទេ។

លិខិតដដែលឲ្យដឹងទៀតថា កំហាប់ភាគល្អិតជាង ២,៥ មីក្រូម៉ែត្រ ជាភាពកខ្វក់ក្នុងខ្យល់កំពុងកើនឡើងអាចបង្កហានិភ័យដល់សុខភាពសាធារណៈ និងបរិស្ថាន។

ប្រភពដដែលឲ្យដឹងទៀតថា មូលហេតុបង្កឱ្យមានកំហាប់ភាគល្អិត កើនឡើង ដោយសារបណ្តាលមកពីការបញ្ចេញផ្សែងពីរោងចក្រឧស្សហកម្ម យានយន្តប្រើប្រាស់ប្រេងម៉ាស៊ូត និងចំហេះឥន្ធនៈផ្សេងៗទៀត ដូចជាភ្លើងឆេះព្រៃ ការដុតរានដីព្រៃ ការដុតវាលស្មៅ និងការដុតសំរាមជាដើម។ 

ប្រមុខរដ្ឋាភិបាល បានណែនាំឱ្យស្ថាប័នក្រោមឱវាទរបស់លោកត្រូវគ្រប់គ្រងនូវការដ្ឋានសំណង់ គុណភាពប្រេងឥន្ធនៈដែលផ្ទុកជាតិស្ពាន់ធ័រខ្ពស់ ការបញ្ចេញសារធាតុបំពុលខ្យល់ពីយានយន្ត ការបញ្ចេញសារធាតុបំពុលខ្យល់ពីទីតាំងផលិតកម្ម ការបង្កើតប្រព័ន្ធតាមដាន និងព្យាករការបំពុលខ្យល់ផងដែរ។

សកម្មជនបរិស្ថានធ្លាប់លើកឡើងថា ការប្រែប្រួលអាកាសធាតុ និងការបំពុលបរិយាកាសបច្ចុប្បន្ន គឺកើតឡើងមួយផ្នែកដោយសារការបាត់បង់ព្រៃឈើក្នុងទំហំធំធេងនាពេលបច្ចុប្បន្ន។ ព្រៃឈើបានចូលរួមកាត់បន្ថយសារធាតុពុលក្នុងបរិយាកាស ហើយបញ្ចេញឧស្ម័នកាបូនិចទៅក្នុងបរិយាកាសវិញ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស