31 C
Phnom Penh

លោក ហ៊ុន សែន ថា ឆ្នាំ២០១៩ ជាឆ្នាំបង្ក្រាបបានទាំងស្រុងនូវការប៉ុនប៉ងផ្លាស់ប្តូររបបនៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានគណបក្សប្រជាជនកម្ពុជា អះអាងអំពីសមិទ្ធផលរបស់ខ្លួនដែលសម្រេចបានក្នុងការដឹកនាំប្រទេសជាង៤០ឆ្នាំកន្លងមក ជាពិសេសសមិទ្ធផលក្នុងឆ្នាំ២០១៩កន្លងទៅ ដែលបានបង្ក្រាប និងទប់ស្កាត់ចលនាប៉ុនប៉ងផ្លាស់ប្តូររបបនៅកម្ពុជាបានទាំងស្រុង។

ថ្លែងក្នុងពិធីរលឹកខួប៤១ឆ្នាំនៃការយកជ័យជម្នះលើរបបខ្មែរក្រហមនៅរាជធានីភ្នំពេញនាព្រឹកនេះ លោក ហ៊ុន សែន អះអាងជាថ្មីទៀតថា ស្ថានភាពនយោបាយឆ្នាំមុន រដ្ឋាភិបាលសម្រេចបានក្នុងការទប់ស្កាត់ចលនាប៉ុនប៉ងផ្លាស់ប្តូររបប ជាពិសេសការចង់ផ្តួលរលំរដ្ឋាភិបាលដឹកនាំរបស់លោកតែម្តង។

មេដឹកនាំចាស់វស្សារូបនេះ ក៏បានប្តេជ្ញាថាកម្ពុជាត្រូវតែរួមគ្នាការពារ និងថែរក្សាសន្តិភាពអោយបានគង់វង្សជាដាច់ខាត ពីព្រោះសន្តិភាពនាំមកនូវការអភិវឌ្ឍ និងរីកចម្រើន។ បន្ថែមពីនេះ លោកបានអំពាវនាវអោយប្រជាពលរដ្ឋរួបរួមគ្នាថែរក្សាសន្តិភាព ពង្រឹងឯកភាពជាតិខ្មែរ និងរួមគ្នាថែរក្សាសមិទ្ធផលជាតិអោយបានគង់វង្ស ដើម្បីជាប្រយោជន៍ជាតិគ្រប់ជំនាន់។

ការអះអាងនេះ ធ្វើឡើងក្រោយពេលរដ្ឋាភិបាលរបស់លោកបានទប់ស្កាត់ការវិលចូលប្រទេសរបស់លោក សម រង្ស៊ី កាលពីថ្ងៃទី ៩ វិច្ឆិកា បានជោគជ័យ ដោយលោកបានចាត់ទុកការវិលចូលប្រទេសរបស់អតីតមេបក្សប្រឆាំងរូបនេះ ថាជាចលនាប៉ុនប៉ងផ្តួលរលំរដ្ឋាភិបាល។

លោក ហ៊ុន សែន បានបញ្ជាឱ្យកងកម្លាំងទាំងអស់ ត្រូវចាត់វិធានការភ្លាមៗចំពោះការវិលត្រឡប់របស់លោក សម រង្ស៊ី ពេលនោះ និងបានចាប់ខ្លួនសកម្មជនបក្សសង្រ្គោះជាតិ ជាបន្តបន្ទាប់ ដោយចោទថាបានចូលរួមសកម្មភាពក្បត់ជាតិជាមួយលោកសម រង្ស៊ី ពេលនោះ។

សម្រាប់លោកសម រង្ស៊ី និងមន្ត្រីរបស់លោកវិញ បានអះអាងថា ការវិលចូលប្រទេសកាលពីថ្ងៃទី ៩ ខែវិច្ឆិកា ពុំមែនជាការផ្លាស់ប្តូររបបទេ ប៉ុន្តែជាការរំដោះប្រទេសចេញពីអំណាចផ្តាច់ការរបស់លោកហ៊ុន សែន និងស្តារលទ្ធិប្រជាធិបតេយ្យ បញ្ចៀសមិនឱ្យកម្ពុជាត្រូវបានអឺរ៉ុបដក EBA ព្រមទាំងជំរុញឱ្យមានការដោះលែងលោក កឹម សុខា ជាដើម។

យ៉ាងណាក៏ដោយចុះ ស្ថានភាពនយោបាយនៅកម្ពុជានៅតែស្ថិតនៅក្នុងស្ថានភាពអាក្រក់ដដែល។

សហគមន៍អន្តរជាតិនៅតែទាមទារឱ្យមេដឹកនាំកម្ពុជាងាកទៅដើរលើផ្លូវលទ្ធិប្រជាធិបតេយ្យ និងគោរសិទ្ធិមនុស្សឡើងវិញ ក្រោយពេលពួកគេរកឃើញថាកម្ពុជាបានបំផ្លាញមូលដ្ឋានគ្រឹះលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរក្នុងរយៈពេលជាង២ឆ្នាំចុងក្រោយនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស