សហរដ្ឋអាមេរិកតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រដល់ប្រជាជនកម្ពុជា និងបំណងប្រាថ្នារបស់ពលរដ្ឋសម្រាប់មាគ៌ាផ្សះផ្សាជាតិ វិបុលភាព ប្រជាធិបតេយ្យ និងឯករាជ្យភាពរបស់ខ្លួន។
ការប្តេជ្ញារបស់អាមេរិកដែលធ្វើឡើងនៅថ្ងៃអង្គារ៍នេះ គឺក្នុងខួប៤១ឆ្នាំនៃការផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម។
ទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានលើកឡើងនៅថ្ងៃនេះថាយើងចងចាំប្រជាជនកម្ពុជាជិត ២លាននាក់ ដែលបានបាត់បង់ជីវិតហើយមានផលប៉ះពាល់ជាច្រើនរាប់មិនអស់នៅក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ប្រភពដដែលបន្តថា ប្រជាជនកម្ពុជាបានបង្ហាញនូវភាពរឹងមាំអស់ជាច្រើនទសវត្ស ចាប់តាំងពីសម័យដ៏ខ្មៅងងឹត និងការខិតខំប្តេជ្ញាចិត្ត បាននាំប្រទេសមួយនេះមកដល់សព្វថ្ងៃ។
សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រដល់ប្រជាជនកម្ពុជា និងសេចក្តីប្រាថ្នារបស់ពួកគេសម្រាប់ការផ្សះផ្សាជាតិ វិបុលភាព ប្រជាធិបតេយ្យ និងឯករាជ្យភាព ហើយដើម្បីធានាថាសោកនាដកម្មបែបនេះនឹងមិនកើតឡើងវិញ។
ថ្លែងនៅថ្ងៃអង្គារ៍នេះដែរ សម្រាប់ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក ហ៊ុន សែន ក៏បានជំរុញឱ្យប្រជាជនកម្ពុជាត្រូវរួមគ្នាការពារ និងថែរក្សាសន្តិភាពអោយបានគង់វង្សជាដាច់ខាត ពីព្រោះសន្តិភាពនាំមកនូវការអភិវឌ្ឍ និងរីកចម្រើន។ បន្ថែមពីនេះ លោកបានអំពាវនាវអោយប្រជាពលរដ្ឋរួបរួមគ្នាថែរក្សាសន្តិភាព ពង្រឹងឯកភាពជាតិខ្មែរ និងរួមគ្នាថែរក្សាសមិទ្ធផលជាតិអោយបានគង់វង្ស ដើម្បីជាប្រយោជន៍ជាតិគ្រប់ជំនាន់។
យ៉ាងណាក៏ដោយចុះ អ្នកវិភាគនយោបាយដែលកំពុងរស់នៅក្រៅប្រទេសលោក គឹម សុខ មើលឃើញថាប្រជាជនកម្ពុជានៅឆ្នាំ២០២០ នឹងមិនទទួលបានភាពរីករាយឡើយ ព្រោះស្ថានភាពនយោបាយនៅតែតានតឹងដដែល។
លោកបន្តថា លោក ហ៊ុន សែន នៅតែរឹតចំណងនយោបាយយ៉ាងណែនបំផុត ក្នុងកណ្ដាប់ដៃអំណាចរបស់គាត់ ដោយមិនងាយវិលទៅកាន់ផ្លូវប្រជាធិបតេយ្យស្រួលៗឡើយ។ ប៉ុន្តែអ្នកវិភាគរូបនេះ មើលឃើញថាបើមានការបន្ធូរមែន នោះវាគ្រាន់តែជារូបភាពល្អមើលបន្តិចបន្តួច ក្នុងគំនិតមិនសុចរិតនៃផែនការអំណាចបន្តត្រកូលរបស់លោក ហ៊ុន សែន តែប៉ុណ្ណោះ។
លោក គឹម សុខ វិភាគទៀតថា ឆ្នាំ២០២០ ប្រជាជាតិខ្មែរទាំងមូល នឹងបន្តមរតកនយោបាយហួងហែងអំណាចបំផ្លាញជាតិពីឆ្នាំ២០១៩របស់ក្រុមលោក ហ៊ុន សែន បន្ថែមទៀតតែប៉ុណ្ណោះ៕