27.5 C
Phnom Penh

ស្ថានការណ៍ដ៏តានតឹងឆ្ពោះទៅរកសង្រ្គាម រវាងអាមេរិក និងអ៊ីរ៉ង់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កងទ័ព ជើងអាកាសរបស់សហរដ្ឋអាមេរិកនៅក្នុងរដ្ឋ Utah បានចាប់ ផ្ដើមហ្វឹកហ្វឺន នូវយន្តហោះចម្បាំង ប្រភេទ F-35 សេរី A ចំនួន៥២គ្រឿង ដែលជាសារព្រមានទៅប្រទេសអ៊ីរ៉ង់អោយដឹងអំពីចលនា នៃការប្រើប្រាស់ ទ័ពអាកាសដើម្បី វាយប្រហារក្នុងករណីនៃការផ្ទុះសង្រ្គាម។

សារព័ត៌មាននៃគេហទំព័រ The Merrier.co.uk  នៃប្រទេសអង់គ្លេស បានចុះផ្សាយនៅថ្ងៃទី៧មករានេះថា យន្តហោះ F-35 សេរី A ទាំង៥២គ្រឿងនេះ បានចាប់ហ្វឹកហ្វឺន ដោយក្រុម កងទ័ពអាកាស ពីរក្រុម គឺ ៣៨៨ និង៤១៩ ហើយសមយុទ្ធនេះ គឺសំដៅត្រៀមប្រយុទ្ធជាមួយនឹងប្រទេសអ៊ីរ៉ង់ បើសង្រ្គាមឈូងសមុទ្រពែក្យផ្ទុះឡើង។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រុម ទ័ពអាកាស ៣៨៨ បាននិយាយថា ការធ្វើសមយុទ្ធនេះ គឺមានរយៈពេល ច្រើនខែ ដែល ជា ការត្រៀមបើប្រតិបត្តិការ វាយលុក ទាំងនៅលំហអាកាស និងវាយលើដីគោកផ្ទាល់ ដោយសំដៅ វាយអោយចំគោលដៅរបស់សត្រូវ។ 

លោកវរៈសេនីយ៍ Steven Behmer,  នៃកងទ័ពអាកាស ៣៨៨ បញ្ជាក់ថា ការពិតគេបាន ហ្វឹកហាត់ យន្តហោះ F-35 សេរី A កាលពី៤ឆ្នាំមុន ដែលវាមានសមត្ថភាពយ៉ាងប្រសិទ្ធភាពនៃការវាយប្រហារចំគោលដៅ។

យន្តហោះ ប្រភេទ F-35 សេរី A  មួយគ្រឿងៗមានតម្លៃ ៨៩លាន  ២សែនដុល្លារ។ វាជាប្រភេទយន្តហោះ ចុះលឿន និងឡើងលឿនបំផុត ហើយ អាចបិទបាំងពីប្រព័ន្ធរ៉ាដា ទៀតផង។

សហរដ្ឋអាមេរិក បានបញ្ជូនយន្តហោះ ចម្បាំងទៅ មជ្ឈឹមបូព៌ា និង ឈូងសមុទ្រពែក្យ គឺមានយន្តហោះប្រភេទ F-22 F-16 F-35 F-2B និង B-52 ។ សម្រាប់B-52 គឺជាប្រភេទយន្តហោះ ទម្លាក់គ្រាប់បែក ដែលអាចហោះ ផុតប្រព័ន្ធរ៉ាដា ដល់កំពស់១៦គីឡូម៉ែត្រ ហើយហោះសំកាំង បានច្រើនម៉ោងទៀតផង។

យន្តហោះនេះ អាចផ្ទុកគ្រាប់បែករាប់រយគ្រាប់ និងផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ដែលសត្រូវខ្លាចបំផុត។ ក្រៅពីនេះ អាមេរិកបានដាក់ពង្រាយនាវាផ្ទុកយន្តហោះ ធំៗចំនួន២គ្រឿង ដែលមួយគ្រឿងៗអាចផ្ទុកយន្តហោះ F-16 រាប់សិបគ្រឿង និងអាចផ្ទុករថក្រោះបានទៀតផង។

សហរដ្ឋអាមេរិក បានបញ្ចូនទ័ព ចំនួន ៣ពាន់ ៥០០នាក់ថែមទៀត កាលពីមួយថ្ងៃមុននេះ ដែលនាំអោយកងទ័ពអាមេរិក នៅមជ្ឈឹមបូព៌ាកើនឡើងជិត២ម៉ឺននាក់។

ខណៈស្ថានការណ៍នៅ មជ្ឈឹមបូព៌ា ឡើងកំដៅ ជាខ្លាំង សភានៃប្រទេសអ៊ីរ៉ាក់ បានអំពាវនាវសុំអោយ កងទ័ពបរទេស ទាំងអស់ចេញពីប្រទេសអ៊ីរ៉ាក់ ។ ប៉ុន្តែសភា អ៊ីរ៉ាក់មិនបានបញ្ជាក់អំពីកងទ័ពបរទេសនៃប្រទេសណានោះទេ។ តែសម្រាប់ សហរដ្ឋអាមេរិក បានទាត់ចោលបើមានសំណើដូច្នេះ។

លោករដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បានប្រាប់ សារព័ត៌មាន The Sky Newsថា អាមេរិកគ្មានផែនការនឹងដកទ័ពរបស់ខ្លួន ចេញពីប្រទេសអ៊ីរ៉ាក់នេះទេ គឺមានតែថែមមួយចំនួនទៀត។

លោកបញ្ជាក់ថា នៅពេលនេះ ស្ថានការណ៍ កាន់តែផុយស្រួយដែលអាមេរិកត្រូវរក្សាកងទ័ពដើម្បីការពារអត្ថប្រយោជន៍របស់អាមេរិក។ សហរដ្ឋអាមេរិក បានលុកលុយប្រទេសអ៊ីរ៉ាក់នៅឆ្នាំ២០០៣ដើម្បី បញ្ចប់របប ផ្ដាច់ការនៃបុរសខ្លាំងសាដាមហូសេន តែក្រោយមកបានដកទ័ពសឹងតែទាំអស់ពីប្រទេសនេះ ។ បច្ចប្បន្ននេះ អាមេរិកមានទ័ពរបស់ខ្លួន លើទឹកដី អ៊ីរ៉ាក់ តែ៥ពាន់នាក់ប៉ុណ្ណោះ។

កាលពីថ្ងៃទី ៦មករា សហរដ្ឋអាមេរិកបានបញ្ជូនកងទ័ព ចំនួន ៣៥០០នាក់ទៅកាន់ប្រទេសគុយវ៉ែត ជាប់ព្រំដែននឹងប្រទេសអ៊ីរ៉ាក់។

ចំណែកនៅក្នុងប្រទេសអ៊ីរ៉ង់វិញ មនុស្សជាន់គ្នាស្លាប់៣៥នាក់ ក្នុងពិធីហែសព មេទ័ពរបស់អ៊ីរ៉ង់ ឧត្តមសេនីយ៍ Qasem Soleimani ដែលអាមេរិកបាញ់ឲ្យស្លាប់។

នៅក្នុងក្បួនហែសព ឧត្តមសេនីយ៍ Qasem Soleimani ដែលអាមេរិកបានបាញ់ឲ្យស្លាប់ដោយយន្តហោះ ឌ្រូន កាលពីថ្ងៃទី៣ ខែមករា យ៉ាងហោចណាស់ មានមនុស្សចំនួន៣៥នាក់ស្លាប់ក្នុងឧបទ្ទវហេតុជាន់គ្នា ហើយច្រើនរយនាក់រងរបួស ដែលគេមិនដឹងពីមូលហេតុអ្វីច្បាស់លាស់នោះទេ។

ឧត្តមសេនីយ៍ Qasem Soleimani ត្រូវបានបាញ់សម្លាប់ខណៈចូលទឹកដីអ៊ីរ៉ាក់នៅពេលគាត់កំពុងជិះក្នុងរថយន្ត ដើម្បីទៅជួបមេទ័ពកងជីវពល អ៊ីរ៉ង់ និងអ៊ីរ៉ាក់នៅលើទឹកដីអ៊ីរ៉ាក់ដើម្បីចាត់តាំងអំពើភេរវកម្ម វាយប្រហារផលប្រយោជន៍អាមេរិក។

មរណភាពរបស់ ឧត្តមសេនីយមេទ័ពខាងយុទ្ធសាស្ត្រសង្រ្គាមវាយឆ្មក់និងអំពើភេរវកម្ម នាំអោយពលរដ្ឋអ៊ីរ៉ង់ ខឹងអាមេរិកយ៉ាងខ្លាំង។

នៅថ្ងៃនេះ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក អាយ៉ាតុលា ខេមេនី បានព្រមានថា អ៊ីរ៉ង់ពិតជាសងសឹកវាយបកអាមេរិក វិញ ដោយត្រង់លើ ផលប្រយោជន៍អាមេរិក និងកងទ័ពអាមេរិកតែម្ដង។ ប៉ុន្តែលោកមិនបានប្រាប់ថា នៅពេលណានោះទេ។ ប៉ុន្តែ អ៊ីរ៉ង់ ប្រកាសថា ការវាយប្រហារលើអាមរិកគឺមានទីតាំង៣៥កន្លែង។

ទោះជាយ៉ាងណាក៏ដោយ អគ្គលេខាធិកា នៃះអង្គការយោធាណាតូ លោក Jens Stoltenberg,  ដែលស្រង់មកចុះផ្សាយដោយបណ្ដាញផ្សាយព័ត៌មាន Al Jazeera ថា អង្គការនេះ បានប្រាប់ទៅសមាជិករបស់ខ្លួន ទាំងអស់ថាត្រូវឈរខាងអាមេរិក បើសង្រ្គាមផ្ទុះឡើងនៅមជ្ឈឹមបូព៌ា រវាងអាមេរិកនិងអ៊ីរ៉ង់។

លោក Jens Stoltenberg,  បានអះអាងដូចនេះ បន្ទាប់ពីមានកិច្ចប្រជុំជាបន្ទាន់ ជុំវិញ ស្ថានការណ៍នៅ មជ្ឈឹមបូព៌ា។តែលោកបានព្រមានអោយអ៊ីរ៉ង់ដកការសងសឹកជាបន្ទាន់ដោយកុំបង្កហិង្សា ជាថ្មីទៀត។

នៅក្នុងសមាជិកអង្គការណាតូ ចំនួន ៣០ប្រទេស ក៏មាន ប្រទេសអង់គ្លេសមួយដែរ។ ប្រទេសអង់គ្លេស ឈានមុខគេ ក្នុងការបញ្ជូនទ័ព ទៅកាន់មជ្ឈឹមបូព៌ា ។ កាលពីប៉ុន្មានថ្ងៃមកនេះ អង់គ្លេស បានបញ្ជូននាវា ចម្បាំង២គ្រឿង និង នាវាមុជទឹកដែល បំពាក់ដោយកាំជ្រួច បានទៅដល់ឈូងសមុទ្រពែក្យហើយ។

ស្ថានការណ៍ នៅមជ្ឈឹមបូព៌ា ខណៈនេះ ត្រូវបានរាយការណ៍មកថា កំពុងផុយស្រួយបំផុត ដែល ជាដំណើររុលទៅរកសង្ត្រាម រវាងអាមេរិក និងអ៊ីរ៉ង់ ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូញូ ហ្គូតារ៉េស បានអំពាវនាវអោយអាមេរិក និងអ៊ីរ៉ង់ ព្យាយាមអត់ធ្មត់បំផុតនិងបញ្ជប់ភាពតានតឹងជាបន្ទាន់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស