ធនាគារជាតិនៃកម្ពុជា ដែលជាស្ថាប័នហិរញ្ញវត្ថុជាតិកំពូលមួយ បានព្រមានអំពីហានិភ័យនៃសេដ្ឋកិច្ចរបស់ជាតិ ថានឹងអាចប្រឈមការធ្លាក់ចុះនៅពេលខាងមុខ ប្រសិនបើកម្ពុជា បាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប។
សារព្រមាននេះ កើតឡើងក្រោយពេលសហភាពអឺរ៉ុបបានកំណត់ថ្ងៃឱសានុវាទចុងក្រោយថា នឹងសម្រេចព្យួរឬ មិនព្យួរប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា នៅត្រឹមខែកុម្ភៈ។ ការសម្រេចនេះ បន្ទាប់ពីសហភាពអឺរ៉ុបបានក្រើនរំលឹកមេដឹកនាំកម្ពុជាជាច្រើនសារ ឱ្យវិលត្រឡប់ទៅដើរលើគន្លងប្រជាធិបតេយ្យ សេរីពហុបក្ស គោរពសិទ្ធិមនុស្ស សិទ្ធិការងារជាដើមនោះ ប៉ុន្តែត្រូវបានប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន ច្រានចោលដោយថាខ្លួនមិនអោនក្បាលឬ មិនលក់អធិបតេយ្យភាព ជាថ្នូរនឹងប្រព័ន្ធអនុគ្រោះពន្ធណាមួយឡើយ។
កាលពីថ្ងៃទី២ ខែមករា ធនាគារជាតិ បានចេញរបាយការណ៍ វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០១៩ ព្រមទាំងដាក់ចេញទស្សនវិស័យឆ្នាំ២០២០ បានលើកឡើងថា សេដ្ឋកិច្ចឆ្នាំ២០២០របស់កម្ពុជា អាចប្រឈមនឹងបញ្ហាសំខាន់ៗមួយចំនួនដែលរួមមាន ការថយចុះសេដ្ឋកិច្ចចិន ពិសេសការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុបតែម្តង។
យ៉ាងនេះក្តី លោក ហ៊ុន សែន ធ្លាប់អួតអាងអំពីស្ថេរភាពសេដ្ឋកិច្ចជាតិ ថានៅឆ្នាំក្រោយនេះ កម្ពុជានៅតែរក្សាបានកំណើនសេដ្ឋកិច្ចរបស់ខ្លួនក្នុងរង្វង់ ៧ភាគរយបន្តទៀត។
កាលពីថ្ងៃទី២៦ ខែធ្នូ មូលនិធិរូបិយប័ណ្ឌអន្តរជាតិហៅកាត់ថា IMF បានចេញរបាយការណ៍មួយដោយបានព្យាការថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប ហើយនឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាថយចុះប្រមាណ៣ភាគរយ ។
IMF បញ្ជាក់ថា ការបាត់បង់ EBA នឹងបន្ថែមចំណាយសម្រាប់នាំចេញរបស់កម្ពុជាលើពន្ធគយនាំចូលអឺរ៉ុបចន្លោះពី ០.១ភាគរយ ដល់ ១២ភាគរយក្នុងឆ្នាំដំបូង ឬបន្ថែមពន្ធគយក្នុងរហូតដល់ជិត៧ លានដុល្លារ។
លើសពីនេះ ការយកពន្ធនេះនឹងធ្វើឱ្យការនាំចេញផលិតផលពីកម្ពុជា ទៅកាន់អឺរ៉ុបធ្លាក់ចុះប្រមាណ ១៣ភាគរយទៀតផង។ ស្របពេលជាមួយគ្នានោះ សេដ្ឋកិច្ចកម្ពុជាក៏នឹងរងផលប៉ះពាល់ផងដែរ នៅពេលដែលកំណើនសេដ្ឋកិច្ចចិនកំពុងដាំក្បាលចុះ។ ផលប៉ះពាល់ទាំងនេះនៅមិនទាន់គិតពីចរន្តនៃការផ្លាស់ប្ដូរទីតាំងរោងចក្រ សហគ្រាសឧស្សាហ៍កម្មចេញពីកម្ពុជាទៅរកប្រទេសផ្សេង បន្ទាប់ពីប្រទេសអច្ឆរិយមួយនេះបាត់បង់ EBA នៅឡើយផង៕