35 C
Phnom Penh

សហគមន៍ដីធ្លីនៅខេត្តត្បូងឃ្មុំនិងខេត្តស្វាយរៀងដាក់ញ្ញត្តិទៅក្រសួងចំនួនពីរទាមទារដោះលែងតំណាងរបស់ពួកគាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហគមន៍ដីធ្លីមកពីខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង ប្រមាណ១០០នាក់ នាំគ្នាយកញ្ញត្តិទៅដាក់នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រសួងមហាផ្ទៃ ដើម្បីជំរុញឱ្យដោះលែងតំណាងពលរដ្ឋមកពីខេត្តត្បូងឃ្មុំចំនួនពីររូបរួមមានលោក ផុន ឈឿន និង លោក សែម សាង ឱ្យមានសេរីភាពវិញ។

ការស្នើសុំនេះ ក្រោយពេលតំណាងពលរដ្ឋទាំងពីររូបនោះ ត្រូវបានអាជ្ញាធរចាប់ខ្លួនបញ្ជូនមកឃុំនៅពន្ធនាគារ កាលពីខែតុលា ឆ្នាំមុន តាមកាបង្គាប់របស់តុលាការខេត្តត្បូងឃ្មុំ។

ទំព័រហ្វេសប៊ុកសហគមន៍ដីធ្លីភូមិស្រែប្រាំង ខេត្តត្បូងឃ្មុំបានឱ្យដឹងថា នៅថ្ងៃនេះថា ក្រៅពីដាក់ញ្ញត្តិឱ្យក្រសួងពាក់ព័ន្ធជួយអន្តរាគមន៍ដោះលែងតំណាងរបស់ពលរដ្ឋទាំងនោះ ពួកគេក៏បានស្នើឱ្យក្រសួងយុត្តិធម៌ជួយអន្តរាគមន៍រឿងនេះផងដែរ ដោយស្នើឱ្យតុលាការទម្លាក់ចោលរាល់ការចោទប្រកាន់ទៅលើតំណាងរបស់ពួកគាត់។

ប្រភពដដែល អះអាងថា លោក ផុន ឈឿន និង លោក សែម សាង មិនបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ ផ្ទុយទៅវិញពួកគេតែងចេញមុខតវ៉ាចំពោះការរំលោភដីសហគមន៍ និងការពារព្រៃសហគមន៍នៅឃុំត្រពាំងព្រីង ពីសំណាក់ក្រុមហ៊ុនចិនឈ្មោះ ហាមិនីវេន អ៊ិនវេសមេន។

លើសពីនេះ ពលរដ្ឋក៏ស្នើឱ្យក្រសួងកសិកម្ម និងក្រសួងមហាផ្ទៃ ជួយដោះស្រាយបញ្ហាដីធ្លីជាង១ពាន់ហិកតា ជាមួយក្រុមហ៊ុនចិនមួយនេះឱ្យបានឆាប់រហ័ស។

យ៉ាងនេះក្តី សំណុំរឿងលោកផុន ឈឿន ត្រូវបានសាលាឧទ្ធរណ៍ កាលពីម្សិលមិញ បានសម្រេចបដិសេធសំណើសុំនៅក្រៅឃុំបើទោះបីជាតំណាងពលរដ្ឋរូបនេះ កំពុងមានជំងឺប្រចាំកាយ និងខ្វះបង្គោលក្នុងគ្រួសារដើម្បីរកប្រាក់ដោះបំណុលធនាគារក៏ដោយ។

កាលពីខែតុលា ឆ្នាំ២០១៩ លោក ផុន ឈឿន ត្រូវបានចាប់ខ្លួន រួមគ្នាជាមួយតំណាងសហគមន៍ម្នាក់ទៀតគឺលោក សែម សាង និងត្រូវប្រឈមនឹងបទចោទជាច្រើន ពាក់ព័ន្ធនឹងជម្លោះដីធ្លីសហគមន៍ចំនួនបីរួមមានសហគមន៍ភូមិស្រែប្រាំង ភូមិបុស្សស្នោរ និងភូមិជីទ្រុន ជាមួយក្រុមហ៊ុនចិនឈ្មោះហាមិនី អ៊ិនវេសមេន។

អង្គការការពារសិទ្ធិមនុស្សលីកាដូ កាលពីថ្ងៃច័ន្ទ បានចេញអត្ថបទមួយឱ្យដឹងថា កាលពីខែតុលា អ្នកភូមិនៅស្រុកតំបែរ បានដើរហែរក្បួនដើម្បីតវ៉ាប្រឆាំងនឹងការចាប់ខ្លួនលើអ្នកទាំងពីរ និងត្រូវបានហាមឃាត់ដោយកងកម្លាំងសន្ដិសុខ ក្នុងការឃ្លាំមើលសវនាការដំបូងដែលដំណើរការនៅសាលាដំបូងខេត្តត្បូងឃ្មុំ។

ពលរដ្ឋទាំងនោះក៏ត្រូវបានរារាំងមិនឱ្យឃ្លាំមើលករណីរដ្ឋប្បវេណី ដែលប្ដឹងដោយក្រុមហ៊ុន ហាម៉ិនីវីន អ៊ិនវេសមេន (Harmony Investment) ក្នុងការស្នើសុំតុលាការដើម្បីកុំឱ្យអ្នកភូមិអាចចូលទៅកាន់ដីព្រៃនោះបាន។ អង្គការសិទ្ធិមនុស្សដដែល បន្តថា ប្រជាពលរដ្ឋប្រមាណជាង៦០០គ្រួសារ ដែលពឹងផ្អែកលើដីសម្រាប់លំនៅដ្ឋាន និងធ្វើស្រែចំការ ត្រូវបានរងគ្រោះដោយជម្លោះដីធ្លី ដែលកើតមានឡើងតាំងពីឆ្នាំ២០១២  មកម្លេះ។

កាលពីចុងឆ្នាំមុន តំណាងក្រុមហ៊ុន ហាមិនី វីន អ៊ិនវេសមេន បាននាំគ្រឿងចក្រជាច្រើនគ្រឿងមកឈូសឆាយដីដែលមានទំនាស់នេះ ដោយមានវត្តមានទាហាន និងនគរបាលប្រហែល៣០នាក់មកជាមួយផងដែរ។ អ្នកភូមិនៅតែបន្តអំពាវនាវស្នើសុំឱ្យអាជ្ញាធរថ្នាក់ជាតិ និងក្រោមជាតិ ឱ្យជួយដោះស្រាយបញ្ហាជម្លោះដីធ្លីនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស