37 C
Phnom Penh

បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏រាប់ពាន់នាក់ តវ៉ាឱ្យតំណាងខ្លួនបានចូលធ្វើការ និងទាមទារលក្ខខណ្ឌការងារប្រសើរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ រាប់ពាន់នាក់នាំគ្នាធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុនតវ៉ាប្រឆាំងនឹងការធ្វើទុក្ខបុកម្នេញលើប្រធានសហជីពរបស់ខ្លួន ព្រមទាំងទាមទារឱ្យម្ចាស់ក្រុមហ៊ុន តម្លើងប្រាក់ឈ្នួលអប្បរមារ និងលក្ខខណ្ឌការងារប្រសើរ។

ទំព័រហ្វេសប៊ុករបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់នៅថ្ងៃនេះ បានបង្ហាញសកម្មភាពកម្មករក្រុមហ៊ុននេះ រាប់ពាន់នាក់នាំគ្នាចេញមកធ្វើកូដកម្ម និងមានកាន់បដាសរសេរក្នុងអត្ថន័យ ទាមទារឱ្យប្រធានសហជីពរបស់ខ្លួន កញ្ញា ឈឹម ស៊ីថរ បានចូលធ្វើការវិញ។

បន្ថែមពីនេះ មានអត្ថន័យស្នើសុំឱ្យបញ្ឈប់ការប្រើអំពើហិង្សា និង បៀតបៀនផ្លូវភេទ មកលើបុគ្គលិកបម្រើការងារនៅក្រុមហ៊ុនេះ ពីសំណាក់ភ្ញៀវ ហើយក៏ទាមទារឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ការពារសុវត្ថិភាពបុគ្គលិក។ 

លើសពីនេះ ទៀតពួកគេទាមទារឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់មកលើប្រធានសហជីពរបស់ខ្លួន ព្រោះថាការទាមទារលក្ខខណ្ឌការងារប្រសើរ ពិសេសការតម្លើងប្រាក់ឈ្នួលសមរម្យ គឺជាសិទ្ធិសេរីភាពរបស់បុគ្គលិកគ្រប់រូប ពុំមែនជាបទល្មើសឧក្រិដ្ឋអ្វីនោះទេ។ បដាខ្លះទៀតក៏ទាមទារឱ្យក្រុមហ៊ុនបញ្ឈប់ការរើសអើង ឬ គំរាមកំហែង តំណាងបុគ្គលិក ឬ សហជីព ។ បុគ្គលិកក្រុមហ៊ុនល្បែងស៊ីសង និងសណ្ឋាគារនេះ បានទាមទារឱ្យក្រុមហ៊ុនទទួលយក ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ឱ្យចូលធ្វើការងារវិញ ព្រោះពួកគេថាគ្មានសហជីព គឺ គ្មានសិទ្ធិការងារជាដើម។ 

កាលពីថ្ងៃម្សិលមិញ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ បានចេញដីកាបង្គាប់ចាត់ចែងបណ្តោះអាសន្ន ដោយសម្រេចឱ្យបុគ្គលិកក្រុមហ៊ុននេះ បញ្ឈប់ការធ្វើកូដកម្ម និងចូលធ្វើការងារវិញតាមវេនការងាររៀងៗខ្លួនចាប់ពីថ្ងៃទី ៩ មករាតទៅ។ ករណីមិន គោរពតាមសេចក្តីសម្រេចនេះនឹងចាត់ទុកថាជាកូដកម្មខុសច្បាប់  ព្រមទាំងចាត់ទុកថាជាកំហុសធ្ងន់ធ្ងរ។ 

អង្គការការពារសិទ្ធិមនុស្សលីកាដូ បានចេញផ្សាយអត្ថបទមួយនៅថ្ងៃនេះឱ្យដឹងថា ក្រុមហ៊ុនល្បែងស៊ីសង់ និងសណ្ឋាគារណាហ្គាវើលដ៍មានម្ចាស់ជាជនជាតិម៉ាឡេស៊ី ហើយការតវ៉ារបស់បុគ្គលិករាប់ពាន់នាក់នោះ គឺ ដើម្បីប្រឆាំងនឹងការព្យួរការងារដោយមិនច្បាស់លាស់ចំពោះប្រធានសហជីពរបស់ខ្លួនគឺ កញ្ញា ឈឹម ស៊ីថរ។ 

អង្គការនេះ ឱ្យដឹងទៀតថា ការតវ៉ារបស់ក្រុមបុគ្គលិកទាំងនោះ ក្រោមក្រសែភ្នែកឃ្លាំមើលពីសំណាក់នគរបាល និងកងសន្ដិសុខរាប់រយនាក់។

កាលពីខែមិថុនា ឆ្នាំមុន បុគ្គលិកក្រុមហ៊ុននេះជាង៤០០០នាក់ បានចុះហត្ថលេខាគាំទ្រលើញត្តិមួយទាមទារតំឡើងប្រាក់បៀវត្សរ៍ ដើម្បីជួយសម្រួលដល់ការឡើងថ្លៃនៃការចំណាយផ្សេងៗក្នុងជីវភាពរស់នៅក្នុងរាជធានីភ្នំពេញបច្ចុប្បន្ននេះ។

លីកាដូអះអាងថា កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានព្យួរការងារដោយមិនទទួលបានប្រាក់ឈ្នួលអ្វីសោះកាលពីខែកញ្ញា ឆ្នាំ២០១៩ អំឡុងពេលធ្វើយុទ្ធនាការស្នើសុំតំឡើងប្រាក់ឈ្នួលអប្បរមាសម្រាប់បុគ្គលិករាប់ពាន់នាក់ ដែលកំពុងបម្រើការនៅកាស៊ីណូមួយនេះ។ 

លីកាដូបន្តថា ទោះបីជា កញ្ញា ស៊ីថរ បានចូលរួមការធ្វើកូដកម្ម ក៏ដូចជាបានជួបជាមួយតំណាងក្រុមហ៊ុនណាហ្គាវើលដ៍ និងអាជ្ញាធរមូលដ្ឋាននៅខណ្ឌចំការមន នារសៀលនេះក៏ដោយ ប៉ុន្តែមិនទាន់មានការព្រមព្រៀងគ្នារវាងតំណាងក្រុមហ៊ុនជាមួយបុគ្គលិកទាំងនេះនៅឡើយទេ ហើយអ្នកតវ៉ាបាននិយាយថា កូដកម្មនេះនឹងត្រូវធ្វើបន្តទៀត។

ប្រភពដដែល បញ្ជាក់ថា ក្រុមហ៊ុនណាហ្គាវើលដ៏ បានចំណេញប្រាក់សុទ្ធជាង២៤៥លានដុល្លារ  បន្ទាប់ពីគិតពន្ធរួច ក្នុងរយៈពេល៦ខែដំបូងឆ្នាំ២០១៩ និងមានអាជ្ញាប័ណ្ណក្នុងការដំណើរការកាស៊ីណូជាច្រើនក្នុងរាជធានីភ្នំពេញ។ 

អង្គការលីកាដូអះអាងថា លោកឧកញ៉ា ចេន លីបគឹង (Chen Lip Keong) ដែលជាស្ថាបនិកក្រុមហ៊ុនល្បែងនៅកណ្តាលក្រុងភ្នំពេញមួយនេះ ត្រូវបានប៉ាន់ប្រមាណថា មានប្រាក់ជាង៦ពាន់លានដុល្លារសហរដ្ឋអាមេរិក ខណៈដែល គម្រោងសាងសង់ណាហ្គាទី៣នៅទីតាំងអាគារស ឬអាគារប៊ូឌីង ក្នុងរាជធានីភ្នំពេញ ដែលជាកន្លែងស្នាក់នៅរបស់សាធារណជនកន្លងមកនោះ ត្រូវបានប្រកាសកាលពីឆ្នាំមុន ដែលត្រូវចំណាយទឹកប្រាក់ជាង៤ពាន់លានដុល្លារ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស