29 C
Phnom Penh

ពលរដ្ឋមានជម្លោះដីធ្លី នៅខេត្តត្បូងឃ្មុំតវ៉ាមុខសាលាដំបូងខេត្ត ប្រឆាំងការសម្រេចមិនឱ្យពលរដ្ឋដាំដុះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជាពលរដ្ឋមានជម្លោះដីធ្លីនៅភូមិស្រែប្រាំង ភូមិបុស្សស្នោរ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ជិត១រយនាក់ លើកគ្នាតវ៉ានៅមុខសាលាដំបូងខេត្តនេះ ដោយទាមទារឱ្យតុលាការអនុញ្ញាតឱ្យពលរដ្ឋអាចដាំដុះលើដីសហគមន៍ដែលពួកគេធ្លាប់អាស្រ័យផលកន្លងមកបានឡើយវិញ។

ប្រជាសហគមន៍នៅភូមិស្រែប្រាំងមួយរូប លោក សែម ចំណាន បានឱ្យដឹងថានៅព្រឹកនេះ ពលរដ្ឋរងគ្រោះដីធ្លីប្រមាណជិត១រយនាក់នៅឃុំត្រពាំងព្រីង បានលើកគ្នាតវ៉ានៅមុខសាលាដំបូងខេត្តត្បូងឃ្មុំ។ ការតវ៉ានោះ  ក្នុងគោលបំណងបដិសេធន៍ លើដីកាសម្រេចចាត់ចែងជាបណ្ដោះអាសន្ន របស់លោកចៅក្រមសាលាដំបូងខេត្តឈ្មោះ សុខ លី ដែលបានហាមឃាត់មិនឲ្យពួកគាត់ធ្វើការដាំដុះដំណាំលើដីរបស់ពួកគាត់ធ្លាប់អាស្រ័យផលកន្លងមក។

ការចេញដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្នរបស់ចៅក្រមសាលាដំបូងខេត្តនេះ ក្រោម ហេតុផលថាដីនៅភូមិស្រែប្រាំង និង ភូមិបុស្សស្នោរ  ជាប់ពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនចិនឈ្មោះ ហាម៉ីនីវេន អ៊ីនវេសមេន ដែលមានថៅកែជាជនជាតិចិនឈ្មោះ Xian Yi Jie។ 

ប្រជាសហគមន៍នៅភូមិស្រែប្រាំងដដែល លោក សែម ចំណាន ធ្លាប់ប្រាប់អ្នកសារព័ត៌មានក្នុងពេលឡើងមកដាក់ញ្ញត្តិនៅក្រសួងពាក់ព័ន្ធកាលពីថ្ងៃម្សិលមិញនារាជធានីភ្នំពេញថា កសិករដូចពួកគាត់ បើបាត់បង់ដីធ្លី គឺ ប្រៀបដូចបាត់ជីវិតយ៉ាងនោះឯង។ ជាមួយគ្នានេះ លោកជំរុញរដ្ឋាភិបាលចាត់វិធានការដោះស្រាយជម្លោះដីសហគមន៍របស់ពួកគាត់ជាមួយក្រុមហ៊ុនចិននោះ ជាបន្ទាន់។

ទំនាស់ដីសហគមន៍ប្រមាណ២ពាន់ហិកតា ជាមួយក្រុមហ៊ុនចិននេះ ក៏ឈានដល់ការចាប់ខ្លួនតំណាងពលរដ្ឋនៅភូមិបុស្សស្នោរ និងភូមិស្រែប្រាំងចំនួន២នាក់ រួមមានលោក ផុន ឈឿន និងលោក សែម សាង។ 

ពលរដ្ឋធ្លាប់ស្នើឱ្យស្ថាប័នពាក់ព័ន្ធ ដោះលែងតំណាងរបស់ពួកគាត់វិញ ដោយថាពួកគេទាំងពីរនោះមិនបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ ម្យ៉ាងកន្លងមកប្រមុខរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់ សច្ចារហើយថា នឹងមិនអនុញ្ញាតឱ្យពលរដ្ឋណាម្នាក់ត្រូវជាប់ពន្ធនាគារជុំវិញបញ្ហាដីធ្លីនោះឡើយ។ 

អង្គការសិទ្ធិមនុស្សលីកាដូ កាលពីថ្ងៃច័ន្ទ បានឱ្យដឹងថាទំនាស់ដីធ្លីនៅឃុំត្រពាំងព្រីងបានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាង៦០០គ្រួសារ ដែលពឹងផ្អែកលើដីសម្រាប់លំនៅដ្ឋាន និងធ្វើស្រែចំការ ដោយពួកគេត្រូវរងគ្រោះដោយជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិនហាមិនីវេន អ៊ិនវេសមេន ដែលកើតមានឡើងតាំងពីឆ្នាំ២០១២មក។ 

ពលរដ្ឋធ្លាប់អះអាងថា ក្រុមហ៊ុនចិនមួយនេះ ទទួលបានដីសម្រាប់ដាំដុះតាមរយៈប្រើដៃអាជ្ញាធរមូលដ្ឋានពេលនោះ ដើរប្រមូលស្នាមេដៃពីពលរដ្ឋក្នុងមួយគ្រួសារផ្តល់ប្រាក់២លានរៀល ជាថ្នូរថាបានលក់ដី ប៉ុន្តែអាជ្ញាធរមិនបានបញ្ជាក់ថាដីនោះនៅតំបន់ណាឡើយ។ 

សង្គមស៊ីវិលធ្លាប់លើកឡើងថា បើអ្វីដែលពលរដ្ឋលើកឡើងជាការពិត ក្រុមហ៊ុននេះ ជាក្រុមហ៊ុនខុសច្បាប់ ព្រោះដីសាធារណៈរបស់រដ្ឋគ្មានបុគ្គលណាឬ ក្រុមហ៊ុនណាអាចកាន់កាប់ឬ លក់ដូរបានឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស