29 C
Phnom Penh

សាលាឧទ្ធរណ៍សម្រេចលើកពេលប្រកាសសាលដីកាអតីតសកម្មជនគណបក្សសង្រ្គោះជាតិមួយរូបទៅថ្ងៃទី២១ ខែមករា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាឧទ្ធរណ៍​ បានសម្រេច​ពន្យាពេលប្រកាសសាលដីការសំណុំរឿងអតីតសកម្មជនគណបក្សសង្រ្គោះជាតិខេត្តព្រះសីហនុ លោក ម៉ៃ ហុងស្រៀង ទៅថ្ងៃទី ២១ មករា ។

ការប្រកាសនេះ ធ្វើឡើង បន្ទាប់​សវនាការប្រើរយៈពេល​ជិត១​ម៉ោងនៅព្រឹកនេះដោយ​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​ បានសម្រេច​លើកពេល​ប្រកាស​សាលដីកាទៅ​ថ្ងៃទី២១​ ខែមករា​ ឆ្នាំ២០២០​ ខាងមុខនេះ ដោយមិនបានបញ្ជាក់​មូលហេតុច្បាស់លាស់នោះឡើយ​។

ថ្លែងក្នុងសវនាការនៅព្រឹកនេះ អតីត​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ព្រះសីហនុ​ លោក ម៉ៃ ហុងស្រៀង បាន​​ប្រាប់​ចៅក្រម​សាលាឧទ្ធរណ៍​​ថា​ ​លោកមានជំងឺ​គាប​សរសៃ ហើយជំងឺនេះធ្វើទុក្ខកាន់ខ្លាំង​។ ដោយសារបញ្ហាសុខភាព ទើបលោកបានស្នើសុំឱ្យចៅក្រមទម្លាក់បទចោទ និង ដោះលែងឱ្យលោកមានសេរីភាពឡើងវិញ ។ ​

​កាលពី​ថ្ងៃទី​១០​ ខែតុលា​ ឆ្នាំ២០១៩ តុលាការក្រុងភ្នំពេញ បានសម្រេច​ផ្ដន្ទាទោស​លោក​ ម៉ៃ​ ហុង​ស្រៀ​ង ឱ្យ​ជាប់ពន្ធ​នា​គារ១ឆ្នាំ​កន្លះ​ ពី​បទ​ញុះញង់​ឱ្យ​មានការ​រើសអើង​ និង​ញុះញង់​ឱ្យ​ប្រព្រឹត្តបទ​ឧក្រិដ្ឋ​ជាអាទិ៍​ ពាក់ព័ន្ធ​ការ​ផ្សព្វផ្សាយ​សា​រលើប​ណ្ដា​ញសង្គម​ហ្វេ​សប៊ុ​ក។

ក្នុង​បន្ទប់​សវនាការ​​ នា​ព្រឹកនេះ​ លោក​ ម៉ៃ​ ហុង​ស្រៀ​ង នៅតែស្នើឱ្យតុលាការ ​​ទម្លាក់​បទចោទប្រកាន់​ និង​ដោះលែង​លោក​ឱ្យ​មាន​សេរីភាព​ ព្រោះរាល់ថ្ងៃ​នេះ​ លោក​មានជំងឺប្រចាំកាយ និងសម្រាក​មិនបាន​ ហើយការចោទប្រកាន់លោកកន្លងមកគឺជារឿងអយុត្តិធម៌។ ​

យ៉ាងនេះក្តី មេធាវី​ការពារ​ក្ដី​ឱ្យ​លោក ​ម៉ៃ​ ហុង​ស្រៀ​ង គឺ​លោក​ កែត​ ឃី​ មានជំនឿថា​ នៅ​ថ្ងៃទី២១​ ខែមករា​ ខាងមុខនេះ​ តុលាការ​នឹង​ដោះលែង​កូនក្ដី​លោក​ឱ្យ​មាន​សេរីភាព​ ដើម្បី​ជួបជុំ​គ្រួសារ​ និង​បាន​ទៅ​ព្យាបាល​ជំងឺផងដែរ។

 លោក​ ម៉ៃ​ ហុង​ស្រៀ​ង ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ម្ដុំ​ផ្លូវ២០០៤​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ កាលពី​ចុងខែ​កក្កដា​ ឆ្នាំ២០១៩​ ក្រោយ​លោកគេច​​ខ្លួន​ចេញពី​ការតាមចាប់​របស់​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​។ ការចាប់ខ្លួននេះ ក្រោយពេល​លោកតែងចេញមុខរិះគន់រដ្ឋាភិបាល និងចែករំលែកព័ត៌មាន​​ផ្សេងៗ ដែលមានចេតនាវាយប្រហាររដ្ឋាភិបាលនៅលើបណ្តាញសង្គមហ្វេសប៊ុក។

កាលពីឆ្នាំ២០១៩ យ៉ាងហោចណាស់ មានអតីតមន្ត្រី និងសកម្មជនបក្សប្រឆាំង​ជិត១រយនាក់ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់អំពី​បទញុះញង់ឱ្យប្រព្រឹត្តបទល្មើស និងការចូលរួមអំពើក្បត់ជាតិជាបន្តបន្ទាប់ ប៉ុន្តែ​  កាលពី​ថ្ងៃទី១៤​ ខែវិច្ឆិកា ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​បញ្ជា​ឱ្យ​ដោះលែងអ្នកទាំងនោះផងដែរ។ យ៉ាងនេះក្តី ក៏នៅមាន​អតីតមន្ត្រី និងសកម្មជនបក្សប្រឆាំងជាច្រើននាក់ទៀតនៅបន្តជាប់ឃុំឃាំងនៅឡើយ ក្រោមហេតុផលថា​ សំណុំរឿង​របស់ពួកគេទាំងនោះ​កំពុង​ស្ថិតនៅ​ក្នុង​នីតិវិធី​ជំនុំជម្រះ​៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស