26 C
Phnom Penh

ចិនឈឺចាប់ដោយសារប្រទេស ជាង៦០អបអរសាទរលោកស្រីសាយអ៊ឹងវិនជាប់ឆ្នោតប្រធានាធិបតីតៃវ៉ាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សារព័ត៌មាន តៃវ៉ាន់ Taiwan News បានចុះផ្សាយនៅថ្ងៃចន្ទទី១៣មករានេះថា យ៉ាងតិចជាង​៦០ប្រទេស បាន ​បញ្ចូនលិខិតអបអរសាទរ លោកសាយអ៊ឹងវិន ដែលបានជាប់ឆ្នោត ជាប្រធានា​ធិបតី ​មួយអាណត្តិទៀតមានរយៈពេល៤ឆ្នាំ នៃដែនដីតៃវ៉ាន់ដែលការណ៍នេះ នាំអោយ​ក្រុងប៉េ​កាំង​ខកចិត្ត​និង​ឈឺចាប់ជាខ្លាំង ដោយបានហៅប្រទេសទាំងនោះថា ជាការបំពាន​លើ​គោល​នយោបាយ​ចិនតែមួយ ។​

ដែនដីតៃវ៉ាន់បានធ្វើការបោះឆ្នោតប្រធានាធិបតី លើកទី១៥ និងបោះឆ្នោតសភា នីតិកាលទី១០ កាលពីថ្ងៃសៅរិ៍ទី១១មករា ដែលតាមលទ្ធផលបោះឆ្នោត ប្រកាសដោយគណៈកម្មការបោះឆ្នោត របស់ ដែនដីកោះមួយនេះគឺលោកស្រីសាយអ៊ឹងវីន បានឈ្នះឆ្នោត ដោយ​បានសំឡេង​ឆ្នោត​លើគូ​ប្រកួតទាំងអស់ ដោយបានសន្លឹកឆ្នោត ៨២លានសន្លឹក ហើយ បេក្ខជន ប្រធានាធិប​តីមក​ពី​គណ​បក្ស គុមមិញតាំង Han Kuo-yu ដែលចិនគាំទ្រ បានតែជិត៣លានសន្លឹកប៉ុណ្ណោះ។

ក្រុង​ប៉េកាំ​ងដែលមិនបានទាត់ចោលលទ្ធផលបោះឆ្នោតនេះទេ តែ ក្រុងប៉េកាំង បានហៅការបោះ​ឆ្នោត ​និងជ័យ​ជម្នះរបស់ លោកស្រីវិន ថាជា ការបង្កភាពប្រទុសារាយ ថែមទៀត ជាមួយចិន។​ប៉ុន្តែ ក្រុងប៉េកាំងបានដាក់ការព្រមានថា តៃវ៉ាន់នៅតែជាខេត្តមួយរបស់ចិន ហើយប្រាប់ថា រដ្ឋ​បាល ដែនដីនេះ ត្រូវ ទទួលយកការបង្រួបបង្រួមក្រោម គោលនយោបាយ ប្រទេសមួយ​ប្រព័ន្ធ​គ្រប់គ្រង២។

ក្រសួងការបរទេសតៃវ៉ាន់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ថា រដ្ឋមន្ត្រីការបរទេសជាង ៦០​ប្រទេស បាន អបអរសាទរ លោកស្រីសាយអ៊ឹងវិន ដោយពួកគេ បានហៅមក លោកស្រី តាមអ៊ីម៉េល និងខ្លះទៀត បាននិយាយតាមទូរស័ព្ទផ្ទាល់តែម្ដង ហើយ ក្នុងនោះ មានទាំង រដ្ឋមន្ត្រី ការបរទេស​អាមេរិក Mike Pompeo និងរដ្ឋមន្ត្រីការបរទេសជប៉ុន Motegi Toshimitsu ។

សារបស់ ប្រទេសទាំង៦០នោះ ភាគច្រើន បានហៅ ជ័យជម្នះរបស់ លោកស្រី វិន ថា បាន​មក​ពីស្មារតី នៃប្រជាធិបតេយ្យ។ នៅពេលសួរថាតើ ប្រទេសចិន​យល់ដូចម្ដេចដែរ ចំពោះ រដ្ឋមន្ត្រី អាមេរិក អង់គ្លេស ជប៉ុន ជាដើម បានសាទរលោកស្រីវិន ជាប់ឆ្នោតម្ដងទៀតនេះ ​អ្នកនាំពាក្យ​ក្រសួងការបរទេសចិន Geng Shuang  និយាយថាគឺជារឿងបន្ទាប់បន្សំ ព្រោះតៃវ៉ាន់​នៅតែ​ជារបស់ចិន ។​តែលោកថា របបក្រុងប៉េកាំង សូមជំទាស់ដាច់ខាត ចំពោះប្រទេសទាំងនោះ ព្រោះតែ បានរំលោភ គោលនយោបាយចិនតែមួយ។ អ្នកនាំពាក្យរូបនេះបន្តថា ក្រុងប៉េកាំង​សូមប្រឆាំង ជាខ្លាំង ទំនាក់ទំនងជាផ្លូវការណាមួយ របស់ប្រទេសទាំងនោះ ជាមួយតៃវ់ាន់ ដែលនាំទៅការប្រកាស​ឯករាជ្យភាពនៃដែនដីតៃវ៉ាន់។លោកព្រមានថា បើតៃវ៉ាន់ហ៊ាន ប្រកាសគឺចិននឹងលើកទ័ព ចូលលុកលុយដែនដីកោះនេះ។

ភ្លាមៗ នៅពេលលទ្ធផលប្រកាស ថា លោកស្រីសាយអ៊ឹងវិន បានឈ្នះឆ្នោត​ដោយចាប់ឆ្នោត ជាថ្មីម្ដងទៀត  គេសង្កេតឃើញ ប្រព័ន្ធផ្សព្វផ្សាយក្រុងប៉េកាំង បានវាយប្រហារមកលើគណបក្ស ប្រជាធិបតេយ្យ​ជឿនលឿន និងលោកស្រីសាយអ៊ឹងវិន ដោយ ហៅជោគជ័យរបស់ លោកស្រីកើតចេញពី នយោបាយអាក្រក បោកបញ្ឆោត និងគាបសង្កត់ឆន្ទៈរបស់ ប្រជាជនដែលចង់បានសន្តិភាព និងរួមរស់ជាមួយក្រុងប៉េកាំង។

ចំណែកលោកស្រី វិន ដែលមានមោទកភាពនឹងជ័យជម្នះរបស់ខ្លួន​រួមជាមួយនឹងគណបក្សរបស់ លោកស្រី  លោកស្រីបានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា នេះ ជោគជ័យរបស់ប្រជាជនតៃវ៉ាន់ ដែលស្រឡាញ់សេរីភាព ស្រឡាញប្រជាធិបតេយ្យ ដោយមិនអោយតំលៃគោលនយោបាយ កុម្មុយនិស្តឡើយ។ លោកស្រីបន្តទាមទារអោយក្រុងប៉េកាំង ចាត់ទុក តៃវ៉ាន់ ជារដ្ឋសេដ្ឋកិច្ចមួយ មានសិទ្ធិស្មើគ្នា ក្នុងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និង​តម្លៃមនុស្សជាតិ។ លោកស្រីបញ្ជាក់ថា ប្រព័ន្ធគោលនយោបាយ​ប្រទេស១ប្រព័ន្ធ២ គឺប្រជាជនតៃវ៉ាន់មិនអាចទទួលយកបានឡើយ។

អ្នកសង្កេតការណ៍ បានធ្វើការកត់សំគាល់ថា មានកត្តាជាច្រើនដែល នាំអោយបក្សប្រជាធិបតេយ្យជឿនលឿន និងលោកស្រីវិន ជាប់ឆ្នោតជាប្រធានាធិបតី និងបានសំឡេងឆ្នោតលើសលុប នៃសំឡេងឆ្នោតនៃការបោះឆ្នោតសភា គឺ៖ទីមួយការជះឥទ្ធិពល នៃការធ្វើបាតុកម្មនៅក្រុងហុងកុង និងការបោះឆ្នោត​ក្រុមប្រឹក្សាស្រុក​របស់ទីក្រុងនេះ​ដែលអ្នកប្រជាធិបតេយ្យឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី ។ ទី២ សភា តៃវ៉ាន់ អនុម័យច្បាប់ប្រឆាំងឥទិ្ធពលនិងការជ្រៀតជ្រែកពីសំណាក់ប្រទេសចិន ។ទី៣ ប្រជាជនតៃវ៉ាន់មិនអាចរស់នៅ ជាមួយនឹងការអនុវត្តរបបបែប ក្មុយនិស្ត ។ ទី៤ ផ្នត់គំនិតជាតិនិយមតៃវ៉ាន់ ដែលផ្ដាច់ពីចិនដោយសារសង្រ្គាមស៊ីវិលឆ្នាំ១៩៤៩ នៅតែស្ថិតក្នុងបេះដូងរបស់ ប្រជាជន ។ទី៥ ចលនាទាមទារឯករាជ្យ របស់ លោកស្រីវិន និង បក្សប្រជាធិបតេយ្យជឿនលឿននៅតែជាអាទិភាពរបស់ ប្រជាជនតៃវ៉ាន់និងតៃវ៉ាន់នៅតែជាសម្ព័ន្ធមិត្តជិតស្និទ្ធជាមួយអាមេរិក ប្រទេសជប៉ុន និងពួកលោកសេរីនិយម៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស