34 C
Phnom Penh

លោក ហ៊ុន សែន ជំរុញឱ្យអ្នកសារព័ត៌មានទាំងអស់ពង្រឹងវិជ្ជាជីវៈរបស់ខ្លួនបន្ថែមទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញ ឱ្យអ្នកសារព័ត៌មានគ្រប់រូប ត្រូវពង្រឹងវិជ្ជាជីវៈរបស់ខ្លួនឱ្យបានប្រសើរ ដោយ ត្រូវគិតគូរប៉ះពាល់ដល់សិទ្ធិសេរីភាព របស់អ្នកដទៃ និងមិនត្រូវបំភ្លៃការពិត។

ថ្លែងក្នុងជំនួបជាមួយអ្នកសារព័ត៌មានជាង៥ពាន់នាក់នៅរសៀលនេះ លោក ហ៊ុន សែន ដែលដើរតួនាទី ប្រៀបដូចជាគ្រូអ្នកកាសែតនោះ  បានលើកឡើង ថា បច្ចុប្បន្ន អ្នកសារព័ត៌មាន អាចបំពេញវិជ្ជាជីវៈ របស់ខ្លួន ដោយសេរី ត្បិតប្រទេសមានសន្តិភាព។

ប៉ុន្តែយ៉ាងនេះក្តី លោកសង្កេតឃើញថា អ្នកសារព័ត៌មានមួយចំនួន ពិសេស សារព័ត៌មាននៅលើបណ្តាញសង្គមហ្វេសប៊ុក មិនបានគោរពវិជ្ជាជីវៈនោះឡើយ ដែលធ្វើឱ្យ ប៉ះពាល់ ដល់ សិទ្ធិសេរីភាពអ្នកដទៃ ផ្សាយព័ត៌មានមិនពិត ការជេរប្រមាថថ្នាក់ដឹកនាំ និងសាធារណៈជន។ បញ្ហាទាំងនេះ លោកថា ជាគម្រូអាក្រក់ ដល់អ្នកដទៃ និងធ្វើឱ្យតម្លៃស្ថាប័ន ឬ អ្នកសារព័ត៌មាននោះ កាន់តែធ្លាក់ចុះ ចុងក្រោយត្រូវដួលរលំ។

តែយ៉ាងនេះក្តី លោកក៏បានលើកឡើង ពីសារព័ត៌មានអនឡាញណ៍មួយចំនួន ដែលមានវិជ្ជាជីវៈផងដែរ។

លោកហ៊ុន សែន ក៏ជំរុញឱ្យអ្នកសារព័ត៌មានផ្សព្វផ្សាយសារអប់រំផ្សេងៗ ពិសេស ជំរុញពលរដ្ឋ ឱ្យជៀសផុតពីថ្នាំញៀន ដើម្បីឱ្យគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទទួលបានជោគជ័យ ជាដើម។

យ៉ាងណាក៏ដោយចុះ ក្រុមអ្នកសារព័ត៌មានវិជ្ជាជីវៈមួយចំនួន ចង់ឱ្យរដ្ឋាភិបាល ឬ អាជ្ញាធរ បញ្ឈប់ការយាយីដល់អ្នកសារព័ត៌មាន។ លើសពីនេះ ពួកគេចង់ឱ្យប្រមុខរដ្ឋាភិបាល អនុញ្ញាតឱ្យស្ថាប័នសារព័ត៌មានវិជ្ជាជីវៈបានដំណើរការនៅកម្ពុជា ដោយពេញលេញ និងសំបូរបែបជាងពេលបច្ចុប្បន្ន។

ការស្នើនេះ ក្រោយពេល ស្ថាប័ន សារព័ត៌មានឯករាជ្យមួយចំនួន ត្រូវបាន បិទការិយាល័យ ជាបន្តបន្ទាប់តាំងពីចុងឆ្នាំ២០១៧មក ដូចជាកាសែត ឌឹខេមបូឌា ដេលី វិទ្យុអាស៊ីសេរី និងស្ថានីយវិទ្យុផ្សាយបន្តវិទ្យុអាស៊ីសេរី វិទ្យុសំឡេងសហរដ្ឋអាមេរិក VOA និងវិទ្យុសំឡេងប្រជាធិបតេយ្យ VOD ជាង៣០ ហើយកាសែតភ្នំពេញត្រូវបានផ្លាស់ប្តូរម្ចាស់ដែលជាមនុស្សស្និតនឹងរដ្ឋាភិបាល ដោយបញ្ហាពន្ធដារ និងរដ្ឋបាលជាដើម។

ក្រៅពីនេះ អ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី ពីររូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ  ត្រូវបានចាប់ឃុំខ្លួន កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ដោយចោទថាបានផ្តល់ព័ត៌មាន ឱ្យរដ្ឋបរទេស ឬ បទចារកម្ម ប៉ុន្តែអ្នកទាំងពីរ ត្រូវបានដោះលែង ឱ្យនៅក្រៅឃុំបណ្តោះអាសន្នកាលពីខែសីហា ឆ្នាំ២០១៨ តែសំណុំរឿងនេះត្រូវបាន បន្តរហូតដោយមិនទាន់បញ្ចប់នៅឡើយ។

យ៉ាងនេះក្តី លោកហ៊ុន សែន នៅថ្ងៃនេះ បានណែនាំឱ្យមន្ត្រីក្រោមឱវាទរបស់ខ្លួន ទាំងអស់ សហការជាមួយអ្នកសារព័ត៌មាន និងមិនត្រូវចាត់ទុក អ្នកសារព័ត៌មានជាសត្រូវនោះឡើយ។

របាយការណ៍ ស្ដីពី សន្ទស្សន៍ សេរីភាព សារព័ត៌មាន ពិភព លោក ឆ្នាំ ២០១៩ បាន ផ្តល់ចំណាត់ ថ្នាក់ លេខ ១៤៣ លើ ១៨០ ដែល បង្ហាញ ថា សារព័ត៌មាន នៅ ក្នុង ប្រទេស កម្ពុជា ស្ទើរ តែ គ្មាន សេរីភាព ទាល់ តែ សោះ៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស