34 C
Phnom Penh

លោក ហ៊ុន សែន ព្រមានជាថ្មីថា មិនអត់ទោនដល់អ្នកប្រមាថប្រពន្ធ និងកូនរបស់លោកឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសព្រមានជាថ្មីទៀត ដល់ជនទាំងឡាយណា ដែលបានប្រមាថប្រពន្ធ និងកូនប្រុសច្បងរបស់លោក គឺ លោក ហ៊ុន ម៉ាណែត។

ការលើកឡើងនេះ ក្រោយពេល មានការផ្សព្វផ្សាយ ពាក្យចចាមអារ៉ាម ថាកូនប្រុសច្បងរបស់លោក មិនមែនជាកូនបង្កើតរបស់ខ្លួនឡើយ តែថាជាកូនរបស់អតីតមេដឹកនាំវៀតណាម ឈ្មោះ ឡេ ឌឹកថរ និង ប្រពន្ធ របស់លោក អ្នកស្រី ប៊ុនរ៉ានី ហ៊ុន សែន ទៅវិញ។

ថ្លែងក្នុងពិធីជួបសំណេះសំណាល និងពិសារអាហារពេលល្ងាច ជាមួយអ្នកសារព័ត៌មានជាង៥ពាន់នាក់ និងជាជំនួប លើកទី៤ លោក ហ៊ុន សែន បានប្រកាសថាលោកនឹង តាមកម្ទេច អ្នកណា ដែលធ្លាប់ធ្វើការប្រមាថ និងបំផុសរឿង កូនប្រុសលោក គឺ លោក ហ៊ុន ម៉ាណែត ថាមិនមែនជាកូនរបស់លោក ដោយចោទថាជាកូន ប្រពន្ធ លោកមានសាហាយស្មន់ជាមួយអតីត មេដឹកនាំវៀតណាម លោក ឡេ ឌឹកថរ។ លោកថានេះ គឺ ជាការប្រមាថមួយធ្ងន់ធ្ងរ មិនអាចអត់អោនឱ្យបានជារៀងរហូត។

កន្លងមកលោក ហ៊ុន សែន ធ្លាប់ចោទប្រកាន់អតីតមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី និងបក្ខពួក ថាជាអ្នក ប្រឌិតរឿងនេះ ប៉ុន្តែលោក សម រង្ស៊ី ក៏ធ្លាប់ បានបដិសេធ ព្រមទាំង ដកសមាជិកគណបក្សសង្រ្គោះជាតិ នៅសហរដ្ឋអាមេរិក មួយរូបឈ្មោះ ប្រ៊ីឌី យ៉ុង ដែលធ្លាប់បានលើកឡើងអំពីការចោទប្រកាន់ប្រពន្ធ និងកូនប្រុសច្បងលោក ហ៊ុន សែន កន្លងមកនៅលើបណ្តាញសង្គមហ្វេសប៊ុក។

ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ក៏បាន អះអាងថាអំណាច នៅ ក្នុងដៃលោក ហើយអាណត្តិបន្ទាប់ក៏ជាលោកដែរ។ ដោយឡែក សំណួរ ថា តើអស់ពីលោក ទៅ អំណាច នឹងធ្លាក់ទៅលើដៃកូនប្រុសច្បងរបស់ លោក គឺ លោកហ៊ុន ម៉ាណែត ឬ យ៉ាងណានោះ លោកហ៊ុន សែន ថា រង់ចាំមើលនៅពេលក្រោយ។

អ្នកវិភាគធ្លាប់លើកឡើងថា លោក ហ៊ុន សែន តែងយករឿងផ្ទាល់ខ្លួន មក លាយឡំនឹងរឿងជាតិ ហើយយកធ្វើជាលេស ដើម្បី បន្តវាយកម្ទេច ដៃគូប្រជែង នយោបាយ របស់ខ្លួន ព្រមទាំង បន្តក្តោបក្តាប់អំណាច បន្តទៀត។

ដោយឡែកអ្នកវិភាគ ក៏ធ្លាប់លើកឡើងថា អ្នកបន្តអំណាច ពីលោកហ៊ុន សែន ត្រូវបានបង្ហាញកាន់តែច្បាស់នោះ គឺ លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់លោក។

ប៉ុន្តែអ្នកវិភាគ មើលឃើញថា អំណាចបន្តត្រកូលនេះ នឹងជួបឧបសគ្គជាច្រើន រួមមានឧបសគ្គ បក្សប្រឆាំង ឧបសគ្គពីក្រៅប្រទេស ព្រមទាំង បញ្ហាសំខាន់ គឺ បញ្ហាផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាខ្លួនឯងតែម្តង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស