33 C
Phnom Penh

លោកហ៊ុន សែន បញ្ជាឱ្យស៊ើបអង្កេតករណី កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យធ្វើទារុណកម្មពលរដ្ឋមានជម្លោះដីធ្លីម្នាក់រហូតដល់ស្លាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យអគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា និងស្ថាប័នពាក់ព័ន្ធ បង្កើតគណៈកម្មការមួយ ស៊ើបអង្កេត ករណីថា មានការធ្វើទារុណកម្ម ពលរដ្ឋ ដែលជាប់ឃុំក្នុងជម្លោះដីធ្លីនៅខេត្តបន្ទាយមានជ័យ ពីសំណាក់ កម្លាំងកងរាជអាវុធហត្ថនៅទីនោះរហូតដល់ស្លាប់។

ថ្លែងក្នុងជំនួបអ្នកកាសែតជាង៥ពាន់នាក់ នាយប់នេះ លោក ហ៊ុន សែន បាន បញ្ជាឱ្យលោក សៅ សុខា ស្រាវជ្រាវរកការពិត និង ចាប់ខ្លួន អ្នកធ្វើទារុណកម្ម លើពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តបន្ទាយមានជ័យ រហូតបណ្តាលឱ្យពលរដ្ឋ ម្នាក់ស្លាប់ កាលពីពេលថ្មីៗនេះ យកមកផ្តន្ទាទោសតាមច្បាប់។

លោកបន្ថែមថា ប្រសិនបើរឿងនេះ ជាការពិត គឺមិនអាចអត់អោនឱ្យមន្ត្រីកងកម្លាំង ទាំងនោះឡើយ ព្រោះជាអំពើឃោឃៅ ម្យ៉ាងជាការដើរផ្ទុយពី អ្វីដែលរដ្ឋាភិបាល កំពុងខិតខំធ្វើកំណែទម្រង់លើកស្ទួយ បញ្ហាសិទ្ធិមនុស្ស និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។

ការលើកឡើងនេះ ក្រោយពេល តំណាងពលរដ្ឋមាន ជម្លោះដីធ្លីនៅខេត្តបន្ទាយមានជ័យម្នាក់ ក្នុងចំណោម៤នាក់ ដែលសមត្ថកិច្ច ចាប់ឃុំខ្លួន   បាន ស្លាប់ កាលពីថ្ងៃទី១ ខែមករា ដោយគ្រួសារអះអាងថា មានការធ្វើទារុណកម្មធ្ងន់ធ្ងរ ពីសំណាក់ មន្ត្រីកងរាជអាវុធហត្ថខេត្ត។

ដោយឡែកតំណាងពលរដ្ឋ៣នាក់ ដែលជាប់ឃុំដែរនោះ បាន សម្រេចដាក់ពាក្យ ប្តឹង កម្លាំង កងរាជអាវុធហត្ថ ខេត្ត បន្ទាយមានជ័យ កាលពីថ្ងៃ១២ មករា ដោយចោទ ថា បាន វាយ ធ្វើទារុណកម្ម លើ ពួកគេធ្ងន់ធ្ងរ ដើម្បី បង្ខំ យក ចម្លើយ សារភាព ។

កាលពី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ប្រជាពលរដ្ឋ ប្រមាណ២០០នាក់ តំណាង ឱ្យ៦០០គ្រួសារ មក ពី ឃុំ ចង្ហា រ ស្រុក អូរជ្រៅ ខេត្ត បន្ទាយមានជ័យ តវ៉ា នៅមុខ សាលាខេត្ត ក្នុង ជម្លោះដីធ្លី បន្ទាប់ សមត្ថកិច្ច ចាប់ តំណាង របស់ ពួកគាត់៥នាក់ ឃុំខ្លួន ។

ក្រោយមក នៅថ្ងៃទី១ ខែមករា តំណាងពលរដ្ឋ ម្នាក់ ឈ្មោះ ទុយ ស្រស់ បាន ស្លាប់ ប៉ុន្តែអាជ្ញាធរខេត្ត បញ្ជាក់ ថា ករណីស្លាប់ ដោយសារពលរដ្ឋរូបនោះមាន បញ្ហា ញៀន ស្រា។

យ៉ាងណាក៏ដោយ ក្រុមពលរដ្ឋដែលជាប់ឃុំជាមួយគ្នា អះអាងប្រាប់សារព័ត៌មានសំឡេងប្រជាធិបតេយ្យវីអូឌីថា ការស្លាប់របស់លោក ទុយ ស្រស់ ព្រោះតែ ការ ធ្វើទារុណកម្ម ធ្ងន់ធ្ងររហូតដល់ស្លាប់។

ប្រភពដដែលបញ្ជាក់ថា ទាក់ទង សំណុំរឿង ព្រហ្មទណ្ឌ នេះ តំណាងពលរដ្ឋមានជម្លោះ ដីធ្លី បាន អះអាង ថា អ្នក ដែល បញ្ជា ឱ្យ វាយ ធ្វើបាប និង ទាត់ ធាក់ពួកគាត់ គឺជា មេបញ្ជាការ រង កងរាជអាវុធហត្ថ ខេត្ត ឈ្មោះ សរ ប៊ុ នសឿង ។

ប្រភពដដែលនេះ បន្ថែម ថា លោក ប៊ុ នសឿង ក្រៅពី បញ្ជា ឱ្យ កូនចៅ វាយ និង ធ្វើទារុណកម្ម យក ចម្លើយ ហើយ មន្ត្រី រូប នេះ បាន ប្រើ ហិង្សា ដោយខ្លួនឯងផ្ទាល់ មក លើ ពួកគាត់ ថែមទៀតផង ។

កាលពីឆ្នាំមុន ករណី សកម្មជនគណបក្សសង្រ្គោះជាតិ ខេត្តកំពង់ចាម មួយរូបឈ្មោះ ទិត រ៉ន  បានស្លាប់ក្នុងពន្ធនាគារ មាត់ឃ្មង់ ខេត្តកំពង់ចាមបន្ទាប់ពីជាប់ឃុំ បាន២ថ្ងៃ  ហើយសមត្ថកិច្ចនិងតុលាការខេត្តកំពង់ចាម អះអាងថា ការស្លាប់ដោយសារដើររអិលដួលបោកក្បាលក្នុងបន្ទប់ទឹក។

យ៉ាងនេះក្តី ស្ថានភាពសពលោក ទិត រ៉ន ក្រោយពេល គ្រួសារ យកទៅពិនិត្យមើលមុនពេលធ្វើបុណ្យតាមប្រពៃណី រកឃើញថា លោក ស្លាប់ ដោយសារការវាយដំធ្ងន់ធ្ងរ ដូចជា ឆ្អឹងក របស់លោក បាក់ទាំងស្រុង ព្រមទាំងមានស្នាមជាំនៅភ្នែក មុខ និងខ្លួនជាច្រើនកន្លែងទៀតផង។

យ៉ាងនេះក្តី សំណុំរឿង ក៏ស្ងាត់ឈឺង ដោយគ្រួសារលោកទិត រ៉ន មិនទទួលបានយុត្តិធម៌ពិតនៅឡើយ។ ក្រៅពីមិនទទួលបានយុត្តិធម៌ពិត ឪពុកបង្កើតលោក ទិត រ៉ន គឺ លោក អៀម ទិត ត្រូវ រត់ភៀសខ្លួនទៅក្រៅប្រទេស ដើម្បីគេចពីការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញរបស់សមត្ថកិច្ចទៀតផង៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស