29.3 C
Phnom Penh

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ខកចិត្តត្បិតសវនាការសំណុំរឿងលោក កឹម សុខា មានភាពរឹតត្បិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ឬ ហៅកាត់ថា CCHR បានសម្តែងការខកចិត្តចំពោះការរឹតត្បិតសេរីភាពសម្រាប់អ្នកដែលមានបំណងចូលរួមតាមដានករណីសំណុំរឿងលោក កឹម សុខា ដែលជាសំណុំរឿងធំមួយនៅកម្ពុជា។  

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អះអាងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ថា ខ្លួនក៏មិនត្រូវបានអនុញាតិឱ្យចូលសង្កេតការណ៍សវនាការសំណុំរឿងលោក កឹម សុខា នៅថ្ងៃនេះដោយផ្ទាល់ផងដែរ។

កាលពីសប្ដាហ៍មុន សាលាដំបូងរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងណែនាំឱ្យអ្នកដែលមានបំណងចូលរួមសវនាការធ្វើការចុះឈ្មោះជាមុន។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានក្តីព្រួយបារម្ភនៅពេលមានការលើកឡើងពីការចំណាយពេលវេលាយូរ និងមាន             លក្ខណៈស្មុគស្មាញក្នុងដំណើរការចុះឈ្មោះ ដែលនេះជាការរារាំងអ្នកសង្កេតការណ៍ឯករាជ្យ រួមទាំងអង្គការមិនមែនរដ្ឋាភិបាល និងអ្នកសារព័ត៌មាន មិនអាចមានឱកាសចូលរួមតាមដានលើករណីនេះទេ។

ប្រភពដដែលបន្តថា សវនាការសាធារណៈគឺធានាដល់គណនេយ្យភាពមួយដើម្បីរារាំងការរំលោភបំពានទៅលើនីតិវិធីដោយអង្គតុលាការ ហើយប្រការនេះត្រូវបានប៉ះពាល់ដោយសារការតម្រូវឲ្យចុះឈ្មោះដែលប្រគល់ឆន្ទានុសិទ្ធិដល់តុលាការក្នុងការកំណត់មុខសញ្ញា និងជ្រើសរើសបុគ្គលដែលគួរត្រូវផ្តល់ការអនុញាតិឲ្យចូលរួមសវនាការបាន ដោយថានេះជាហេតុធ្វើឱ្យមិនមានតម្លាភាព។

អង្គការសិទ្ធិមនុស្សមួយនេះ យល់ថាទង្វើបែបនេះមិនត្រូវក្លាយជាទម្លាប់សម្រាប់សវនាការនាពេលខាងមុខនោះឡើយ។

ដោយឡែកនាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព មានប្រសាសន៍ថា លោក កឹម សុខា ត្រូវឃុំឃាំងទាំងនៅក្នុងពន្ធនាគារ និងក្នុងផ្ទះសរុបអស់រយៈពេលពីរឆ្នាំនិងពីរខែមកហើយ។

ការឃុំខ្លួនេះ អ្នកស្រីថា ជាការចាត់ទុកទំនងដូចជាគាត់មានទោសរយៈពេល ២៦ ខែមកនេះ បានរំលោភយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិរបស់លោក ដែលក្នុងច្បាប់សន្មតថាគ្មានទោសទុកជាមុនរហូតដល់មានពិរុទ្ធភាពទៅលើរូបលោក កឹម សុខា ដែលសិទ្ធិនេះត្រូវបានធានាដោយច្បាប់ជាតិនិងអន្តរជាតិ។

បន្ថែមពីនេះ ការរំលាយគណបក្សសង្គ្រោះជាតិដោយតុលាការកំពូលដែលរងការរិះគន់យ៉ាងច្រើន និងការថ្លែងជាសាធារណៈដោយនាយករដ្ឋមន្ត្រី និងមន្ត្រីរដ្ឋាភិបាលផ្សេងទៀតអំពីពិរុទ្ធភាពរបស់លោក កឹម សុខា ជាការរំលោភថែមទៀតលើការសន្មត់ថាគ្មានទោសទុកជាមុន និងផ្ទុយទៅនឹងករណីយកិច្ចរបស់រដ្ឋក្នុងការបញ្ចៀសអំពើឬ សកម្មភាពធ្វើបុរេវិនិច្ឆ័យលើលទ្ធផលនៃសវនាការ ដោយរាប់ទាំងការមិនថ្លែងជាសាធារណៈបញ្ជាក់ពីពិរុទ្ធភាពរបស់ជនជាប់ចោទផង។

អ្នកស្រី ថា ដំណើរការលើរឿងក្ដីនេះធ្វើឱ្យមានការព្រួយបារម្ភចំពោះការប្រកាន់ខ្ជាប់នូវបទដ្ឋាននៃការជុំនុំជម្រះដោយយុត្តិធម៌ ហើយសំខាន់ណាស់ចំពោះសវនាការលើករណីលោក កឹម សុខា ដែលគួរត្រូវធ្វើឡើងជាសាធារណៈដោយសាធារណជនអាចធ្វើការតាមដានដោយហ្មត់ចត់និងធានាឱ្យបានផងដែរនូវសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌។

យ៉ាងនេះក្តី ប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក តាំង ស៊ុន ឡាយ បានអះអាងប្រាប់វិទ្យុសំឡេងសហរដ្ឋអាមេរិក VOA កាលពីថ្ងៃម្សិលមិញថា សំណុំរឿងប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា នឹងត្រូវបើកសវនាការ ដោយប្រើរយៈពេល៣ខែ ព្រោះតែជាសំណុំរឿងធំ។ លោកថា សវនាការនេះ តុលាករជ្រើសរើសយកថ្ងៃទី ពុធ និងព្រហស្បតិ៍ ជារៀងរាល់សប្តាហ៍ ដើម្បីដំណើរការក្តី។

យ៉ាងណាក៏ដោយ អ្នកវិភាគមើលឃើញថា លោក កឹម សុខា ត្រូវបានលោកហ៊ុន សែន ប្រើប្រាស់សម្រាប់ជាការដោះដូរនឹងប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប ដែលគ្រោងនឹងសម្រេចនីតិវិធីជាផ្លូវការ ថាដកឬ មិនដកប្រព័ន្ធអនុគ្រោះមួយនេះ ពីកម្ពុជានៅខែកុម្ភៈ។

ដោយឡែក សម្រាប់អ្នកវិភាគនយោបាយនៅក្រៅប្រទេសលោក គឹម សុខ មើលឃើញថា លោក កឹម សុខា មានជំហររឹងមាំក្នុងសកម្មភាពនយោបាយ ដូច្នេះ ជាក់ស្ដែងណាស់ គ្មានទេការប្រគល់សេរីភាពនយោបាយ១០០% ឱ្យប្រធានគណបក្សសង្រ្គោះជាតិរូបនេះវិញ ពីសំណាក់លោកនាយករដ្ឋមន្ត្រី  ហ៊ុន សែន នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស