38.1 C
Phnom Penh

ប្រធានគណបក្សប្រឆាំងលោក កឹម សុខា បដិសេធ ជាលើកដំបូងចំពោះការចោទប្រកាន់ជុំវិញអំពើក្បត់ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានបដិសេធដោយផ្ទាល់ជាលើកដំបូង ចំពោះរាល់ការចោទប្រកាន់លោកជុំវិញអំពើក្បត់ជាតិ ឬឃុបឃិតជាមួយរដ្ឋបរទេស។

លោក កឹម សុខា អះអាងនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃនេះ ដោយបដិសេធទាំងស្រុងនូវរាល់ការចោទប្រកាន់មកលើរូបលោកពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬពីបទក្បត់ជាតិ។ លោកបញ្ជាក់ទៀតថា លោកមិនបាននាំរដ្ឋបរទេស ឬភ្នាក់ងារបរទេសណាមួយមកប្រទូសរ៉ាយ ឬឈ្លានពាន ព្រះរាជាណាចក្រកម្ពុជានោះឡើយ។

លើសពីនេះទៀត លោកក៏មិនបានប្រព្រឹត្តដូចការចោទនេះទេ ជាពិសេស លោកក៏មិនបានប្រព្រឹត្តនូវអំពើទាំងឡាយណា ដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសជាតិឡើយ។

ប្រធានគណបក្សសង្រ្គោះជាតិ បន្ថែមថា សកម្មភាពទាំងអស់របស់លោក គឺផ្តោតលើសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដោយអហិង្សា និងសន្តិវិធី ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ហើយ គ្រប់សកម្មភាពនយោបាយរបស់ខ្លួន គឺផ្តោតលើការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ដែលឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ។

លោក កឹម សុខា នៅតែទាមទារឲ្យតុលាការទម្លាក់ចោលជាស្ថាពរចំពោះបទចោទមកលើរូបលោក ដើម្បីឱ្យលោកអាចអនុវត្តបាននូវសិទ្ធិ សេរីភាពនយោបាយពេញលេញ ក្នុងការចូលរួមបម្រើជាតិមាតុភូមិ និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ។

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានធ្វើដំណើរទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅម៉ោងជាង ៧ព្រឹក ថ្ងៃពុធនេះ ដើម្បីចូលរួមសវនាការជំនុំជម្រះលើរូបលោក ដែលត្រូវបានចោទថា «ក្បត់ជាតិ» និងឃុបឃិតជាមួយរដ្ឋបរទេស តាមការចោទប្រកាន់របស់ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន។

សវនាការសំណុំរឿងប្រធានគណបក្សប្រឆាំងរូបនេះ ក្រោមក្រសែភ្នែករបស់ពលរដ្ឋខ្មែរ អង្គការសង្គមស៊ីវិល អ្នកសារព័ត៌មានជាតិ-ជាតិ ព្រមទាំងមន្ត្រីទូតជាច្រើន ដែលបានយកចិត្តទុកដាក់ចូលរួមឃ្លាំមើល និងសង្កេតការណ៍សវនាការនេះ។ ជាមួយគ្នានោះ សវនាការនេះក៏ស្ថិតក្រោមការរឹតបណ្តឹងសន្តិសុខពីសំណាក់សមត្ថកិច្ចរដ្ឋាភិបាលផងដែរ។

 យ៉ាងនេះក្តី មេធាវីរដ្ឋាភិបាល និងជាដើមបណ្ដឹងរដ្ឋប្បវេណី លោក គី តិច ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់សវនាការលើកទី១នៅព្រឹកនេះថា ក្នុងសវនាការនាព្រឹកនេះ លោក កឹម សុខា បានទទួលស្គាល់ថា វីដេអូដែលនិយាយអំពីដំណើររឿងបរទេស បានបណ្ដុះបណ្ដាល និងបង្រៀនលោកអំពីរបៀបនៃការផ្លាស់ប្ដូររបប គឺជាវីដេអូរបស់លោកយ៉ាងពិតប្រាកដ។

ប្រធានក្រុមធាវីរបស់លោកហ៊ុន សែន រូបនេះ បន្តថា ការទទួលស្គាល់របស់លោក កឹម សុខា ក្រោយពីក្រុមប្រឹក្សាសម្រេចចាក់វីដេអូឃ្លឹបនេះនៅក្នុងអង្គសវនាការនោះ ប៉ុន្តែប្រធានបក្សប្រឆាំងលោក កឹម សុខា  បានបដិសេធចំណុចមួយនៅត្រង់ថា វីដេអូដែលចាក់នេះមិនគ្រប់គ្រាន់ទេ ដោយសារវីដេអូរនោះបានកាត់ជាកំណត់ៗ ខណៈចំណុចសំខាន់ៗមួយចំនួនជាផលប្រយោជន៍សម្រាប់លោក  ត្រូវបានគេកាត់ចេញ។

ក្នុងបន្ទប់សវនាការនៅព្រឹកថ្ងៃពុធនេះ តុលាការបានបង្ហាញវីដេអូដំបូងបង្អស់ប្រវែង ២ទៅ៣នាទី ដែលលោក កឹម សុខា បានថ្លែងកាលពីឆ្នាំ២០១៣ ថា អាមេរិក បានផ្តល់គំនិតដល់លោកដើម្បីបង្កើតអង្គការសង្គមស៊ីវិល និងការងារនយោបាយ។

វីដេអូនេះហើយដែលសមត្ថកិច្ចរបស់លោក ហ៊ុន សែន យកធ្វើជាភស្តុតាងចាប់ខ្លួនលោក កឹម សុខា កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទថា ប្រព្រឹត្តអំពើក្បត់ជាតិក្នុងបំណងផ្តួលរំលំរដ្ឋាភិបាល។

ទោះជាយ៉ាងណាក៏ដោយ លោក កឹម សុខា បានបដិសេធវីដេអូនេះ មិនអាចធ្វើជាភស្តុតាងអង្គហេតុចោទប្រកាន់រូបលោកបានទេ។ លោក កឹម សុខា និយាយថា វីដេអូនេះ មិនមែនជាវីដេអូរបស់លោកទេ ដោយសារសំឡេង និងរូបរបស់លោកមិនពេញលេញ ហើយមានការកាត់ត ជាកង់ៗ។

ជាងនេះទៅទៀត លោក កឹម សុខ បានជំរុញឲ្យតុលាការធ្វើកោសល្យវិច្ច័យជាមុនសិន ថាតើនរណា ជាកាត់តវីដេអូនេះ។ លោកបន្តថាខ្លឹមសារពិតដែលលោកបាននិយាយជាសាធារណៈកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៣ គឺក្នុងបំណងថ្លែងអំណរគុណ និងជម្រាបពីស្ថានភាពនយោបាយនៅកម្ពុជា និងគោលចំហររបស់លោកតែប៉ុណ្ណោះ ដែលមិនមានផែនការណាមួយក្នុងបំណងផ្តួលរំលំរដ្ឋាភិបាលនោះឡើយ។

អង្គការជាតិ និងអន្តរជាតិ ព្រមទាំងសហគមន៍លោកសេរី រួមមាន អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបផង តែងជំរុញឱ្យរដ្ឋាភិបាលទម្លាក់ការចោទប្រកាន់លើលោក កឹម សុខា ទាំងស្រុង។ បន្ថែមពីនេះ ផ្តល់សិទ្ធិជាពលរដ្ឋ និងសិទ្ធិធ្វើនយោបាយឱ្យលោកមានសេរីភាពពេញលេញ ដើម្បីជាការបង្ហាញឆន្ទៈពិតប្រាកដក្នុងការស្តារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស នៅកម្ពុជា។ 

មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០១៧ នៅឯគេហដ្ឋានរបស់លោក ហើយត្រូវបាននាំខ្លួនទៅឃុំនៅពន្ធនាគារត្រពាំងផ្លុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម។  

មួយឆ្នាំក្រោយមក លោក ត្រូវបានបញ្ជូនខ្លួនមកឃុំក្នុងផ្ទះរបស់លោកនៅរាជធានីភ្នំពេញ ក្រោមហេតុផលមនុស្សធម៌ផ្នែកសុខភាពតាមការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាល។

លោក កឹម សុខា ត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្នកាលពីខែវិច្ឆិកា ឆ្នាំ២០១៩កន្លងមក ប៉ុន្តែ មិនត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទៅក្រៅប្រទេស និងមិនអនុញ្ញាតឱ្យធ្វើសកម្មភាពនយោបាយឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស