37 C
Phnom Penh

រដ្ឋាភិបាលថ្មីសូដង់រឹបអូសទ្រព្យសម្បតិ្តអតីតបក្សកាន់ជនផ្ដាច់ការសូដង់ក្រោមច្បាប់ថ្មីប្រឆាំង មនុស្សជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពិតជាកំណត់ត្រា ប្រវត្តិសាស្ត្រមែន  ក្រោយពីអស់អំណាច កុំថាឡើយ បុគ្គលម្នាក់ឯងត្រូវមានទោស ជាប់ខ្លួន គឺសូម្បីតែទ្រព្យគណបក្ស ទ្រព្យ មិត្តភ័ក្ត គ្រួសារ ប្រពន្ធកូន ក៏ត្រូវបានរឹបអូសដែរ គឺក្រោម ច្បាប់ថ្មី របស់អ្នកកាន់អំណាចជំនាន់ក្រោយ គឺដូច ពាក្សស្លោកមួយ ពោលថា « ទឹកឡើង ត្រីស៊ី ស្រមោច ទឹកស្រក់ស្រមោចស៊ីត្រី »។

នៅប្រទេសសូដង់នៃទ្វិបអាហ្រ្វិកខាងជើង គឺពិតជាកំពុងដើរតាម ពាក្យព្រានប្រដៅនេះមែន។ ទីភ្នាក់ងារសារព័ត៌មាន Reuters បាន ចុះផ្សាយ ថា ក្រោយពីក្រុម អតីតគណៈរដ្ឋមន្ត្រី និងមន្ត្រី ជាង១០០នាក់នៃជនផ្ដាច់ការ Omar Hassan al-Bashir  ដែលធ្លាប់ធ្វើបាបអ្នកទន់ខ្សោយ ឥឡូវនេះ ក្រុមនេះ កំពុងរងការឃុំខ្លួន ពីបទពុករលួយ និងពីបទឧក្រិដ្ឋសឹងតែរាប់មិនអស់ ហើយបន្ថែមលើនេះទៀត ទ្រព្យសម្បត្តិ របស់គណបក្ស សមាជជាតិ NCP និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់បុគ្គលទាំងនេះ រាប់រយលានដុល្លារត្រូវបានរឹបអូស មកធ្វើជាទ្រពសម្បតិ្តរបស់ជាតិវិញ។

តាម Reuters ទ្រព្យសម្បត្តិរបស់ អតីតបក្សកាន់អំណាច នៃជនផ្ដាច់ការរូបនេះ ត្រូវបានរឹបអូស កាលពីថ្ងៃទី១០ មករា គឺក្រោយប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពី ជនផ្ដាច់ការម្នាក់នេះត្រូវបានតុលាការកាត់ទោស ដំណាក់កាលដំបូង ពីបទពុករលួយ ហើយ បក្សរបស់គាត់ក៏ត្រូវបានរំលាយផងដែរ។

លោក al-Bashir បានកាន់អំណាច ៣០ឆ្នាំ។ លោកត្រូវបាន ផ្ដួលរំលំពីអំណាចកាលពីខែមេសា ឆ្នាំ២០១៩ ដោយ បដិវត្តន៍ របស់ប្រជាជានដែលមានការជួយអន្តរាគមន៍ ពីយោធា។  ក្រោយពីបុរសនេះ អស់អំណាច  ក្រុមប្រឹក្សាស្រោចស្រង់ជាតិបានបង្កើតច្បាប់ថ្មីមួយដោយកំណត់អំពីទោសព្រហ្មទ័ណ្ឌប្រឆាំង មេដឹកដឹកនាំ និងមន្ត្រីជាន់ខ្ពស់ នៃបក្សកាន់អំណាច ដែលបំពានសិទ្ធិមនុស្ស ពេលខ្លួនកាន់អំណាច ហើយបើរកឃើញពាក់ព័ន្ធនឹង ការប្រព្រឹត្តពុករលួយ និងការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធគឺបក្សនេះ នឹងត្រូវរំលាយ ហើយទ្រព្យទាំងអស់នឹងត្រូវរឹបអូស មកជាទ្រព្យសម្បតិ្តជាតិ។ ការអនុវត្តច្បាប់នេះ ត្រូវបានមើលឃើញថា ជាការធ្វើតេសចង់ដឹងពីទឹកចិត្តរបស់ប្រជាជនសូដង់ ក្នុងការចូលចូរួម ប្រឆាំង ការរំលោភសិទ្ធិមនុស្សនិងអំពើពុករលួយ ហើយធ្វើអោយមន្ត្រីកាន់អំណាចជំនាន់ក្រោយ ភ័យខ្លាចនឹងការកាត់អោយមានទោស បើខ្លួន ប្រព្រឹត្តដូចរបបលោក al-Bashir  ដែលប្រជាជនទាញទម្លាក់ពីអំណាច។

លោក Mohamed al-Faki អ្នកនាំពាក្យ ក្រុមប្រឹក្សាស្រោចស្រង់ជាតិ និងជាអនុប្រធាន នៃគណៈកម្មាធិការ អនុវត្តការរឹបអូសទ្រព្យរបស់អតីតគណបក្សកាន់អំណាច នៃគណបក្សសមាជជាតិ របស់លោក al-Bashir  បាននិយាយថា ទាំងទ្រព្យសម្បតិ្តបក្ស និងទ្រព្យសម្បត្តិឯកជន របស់ មន្ត្រីបក្សនេះ ត្រូវបានរឹបអូស ក្នុងនោះ ស្ថានីយ៍ទូរទស្សន៍ចំនួន៤និងស្ថានីយ៍ផ្សាយ វិទ្យុ ជាច្រើន ដែលជាឧបករណ៍ឃោសនា របស់បក្ស ក៏ត្រូវបានរឹបអូសដែរ គឺមកដាក់ជារបស់រដ្ឋវិញ។ នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារទី១៤មករា ថវិការាប់រយលានដុល្លាររបស់ លោក al-Bashir  និងអតីតមន្ត្រីរបស់ លោកដែលបានរឹបអូស នឹងយកទៅប្រើប្រាស់ក្នុងការស្ថាបនារចនាសម្ព័ន្ធ ផ្លូវថ្នាល់ ដែលជាប្រយោជន៍ដល់ជាតិនិង ប្រជាជន។  

ទោះជាបែបនេះក្ដី ក្រុមមន្ត្រីនៃអតីតគណបក្សកាន់អំណាច នៃគណបក្សសមាជជាតិ បានហៅ ច្បាប់ថ្មីនេះ គឺឃោរឃៅ អមនុស្សធម៌ ជាច្បាប់បង្កការសងសឹក ដោយបានព្រមានថា ច្បាប់នេះ បង្កើតជារឿងរ៉ាវដ៏អសោចនៃប្រវត្តិសាស្ត្រ នៃប្រទេសសូដង់។

ជនផ្ដាច់ការal-Bashir  បានឡើងកាន់អំណាច នៅខែមិថុនា ឆ្នាំ ១៩៨៩ ដោយរដ្ឋប្រហារ អំឡុង ជាឧត្តមសេនីយ ដឹកនាំរដ្ឋប្រហារនេះ។ លោកal-Bashir  នៅប្រឈមមុខនឹងបទចោទ ជាច្រើនករណីទៀត ក្នុងនោះ តុលាការឧក្រិដ្ឋកម្ម អន្តរជាតិ ICC បានចេញដីកាសុំអោយ អាជ្ញាធរ ថ្មីនេះ ចាប់បញ្ជូនខ្លួន អតីតបុរសខ្លាំងរូបនេះ ទៅកាន់ទីក្រុងឡាអេ ប្រទេសហូឡង់ដើម្បី ជំនុំជម្រះក្ដី បុរសនេះ ពីបទ ឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ អំឡុងលោក កាន់អំណាច៣០ឆ្នាំ និងការបំពានសិទ្ធិមនុស្ស ដោយសំលាប់រង្គាល ទៅលើសហគមន៍ នៃតំបន់ដាហ្វ័រ នៅពេលលោកដឹកនាំទ័ពដណ្ដើមកាន់កាប់ តំបន់នោះ កាលពីដើមទសវត្សឆ្នាំ២០០០។

សេចក្ដីថ្លែងការណ៍របស់ ក្រុមប្រឹក្សាស្រោចស្រង់ជាតិ បាន ហៅ របបលោក  al-Bashir ជារបបរំលោភសិទ្ធិមនុស្សនិងពុករលួយ ជាប្រព័ន្ធ ។ សេចក្ដីថ្លែងការណ៍មានខ្លឹមសារដូចនេះថា «មានការជឿជាក់ថា ប្រជាជន ដែលរងគ្រោះដោយសាររបបលោក al-Bashir  នឹងទទួលបានយុត្តិធម៌ ហើយ ជនរួមជាតិ នឹងយល់ច្បាស់អំពីតំលៃ នៃទ្រព្យសម្បតិ្តរបស់ជាតិ ដែលត្រូវបានបក្សមួយនេះ កឹបកេង ធ្វើជារបស់បក្សនិងជារបស់ផ្ទាល់ខ្លួន។ ភ្លាមៗបន្ទាប់ពីទទួលដំណឹងថា ទ្រព្យសម្បត្តិនៃអតីតបក្សកាន់អំណាច របស់ជនផ្ដាច់ការ al-Bashir  និងទ្រព្យសម្បត្តិរបស់ គ្រួសារ បុរសនេះ ត្រូវបានរឹបអូស គឺពលរដ្ឋសូសង់ភាគច្រើន សប្បាយរីករាយ  ពួកគេ នាំគ្នា ច្រៀងរាំ តាមដងផ្លូវ នៅរដ្ឋធានីខាទុម ប៉ុន្តែ ក្រុមនេះ នៅតែទាមទារអោយ បញ្ចូនខ្លួនលោកal-Bashir  ទៅកាន់ទោស នៅតុលាការICC៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស