29 C
Phnom Penh

Human Right Watch ថា លោកកឹម សុខា នឹងក្លាយជាជនរងគ្រោះនៃការជំនុំជម្រះក្តី ក្លែងបន្លំទាំងស្រុង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch  បានលើកឡើងថាប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា នឹងក្លាយជាជនរងគ្រោះនៃការជំនុំជម្រះក្តីក្បត់ជាតិ ដែលជាសំណុំរឿងក្លែងបន្លំទាំងស្រុង។

ក្នុងសេចក្តីថ្លែងការណ៍របស់របស់ខ្លួនកាលពីថ្ងៃម្សិលមិញ នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិទទួលបន្ទុកតំបន់អាស៊ី  លោក Phil Robertson អះអាងថា ការចាប់ផ្តើមសវនាការសំណុំរឿងលោក    កឹម សុខា ពីថ្ងៃម្សិលមិញ នឹងធ្វើឱ្យប្រធានគណបក្សសង្រ្គោះជាតិរូបនេះ ក្លាយជាជនរងគ្រោះនៃការជំនុំជម្រះក្តីលើបទក្បត់ជាតិក្លែងបន្លំទាំងស្រុង ពីសំណាក់រដ្ឋាភិបាលលោកហ៊ុន សែន។

លោកបន្តថា រដ្ឋាភិបាលគួរតែទម្លាក់ចោលការចោទប្រកាន់ប្រឆាំងប្រធានគណបក្សប្រឆាំងរូបនេះ ដើម្បីបញ្ចៀសការខាតបង់ ឬ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចណាមួយពីសហគមន៍អន្តរជាតិ។

លោក Phil Robertson មើលឃើញថា ការឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារនឹងការឃុំខ្លួន នៅក្នុងផ្ទះ ជាង២ឆ្នាំមកនេះ ហើយទើបតែយកសំណុំរឿងនេះមកជំនុំជម្រះពេលនេះ គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។

ដោយឡែកសវនាការនេះ ជាសាធារណៈ ប៉ុន្តែបែរជាកម្រិតចំនួនមនុស្សចូលរួមត្រឹម៣០នាក់ ក្រោមហេតុផលដោយសារបន្ទប់តូចចង្អៀតពីសំណាក់មន្ត្រីតុលាការនោះ Human Rights Watch  បញ្ជាក់ថាវាជារឿងគួរឱ្យអស់សំណើច។

ជាមួយគ្នានេះ អង្គការសង្គមស៊ីវិល សារព័ត៌មាន សហគមន៍ជាតិនិងអន្តរជាតិជិត១រយនៅថ្ងៃនេះ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយទទូចឱ្យសាលាដំបូងរាជធានីភ្នំពេញបើកទូលាយសម្រាប់ការចូលរួមសវនាការសំណុំរឿងប្រធានគណបក្សសង្រ្គោះជាតិ ដែលជាសំណុំរឿងដ៏ធំ និងជាសំណុំរឿងដែលសហគមន៍ជាតិអន្តរជាតិ ទន្ទឹងរង់ចាំយូរណាស់មកហើយ។

សេចក្តីថ្លែងការណ៍ដដែល សម្តែងការខកចិត្តចំពោះការបដិសេធការមិនឱ្យសាធារណជន អង្គការសង្គមស៊ីវិល ពិសេសការបដិសេធមិនឱ្យអ្នកសារព័ត៌មានឯករាជ្យពីររូបបន្តចូលរួមសវនាការនៅរសៀលនេះ ក្រោយពីពួកគេបានអនុញ្ញាតឱ្យចូលរួមពេលព្រឹកដោយថានេះជាចេតនារារាំងមិនឱ្យពួកគេបានតាមដានសំណុំរឿងនេះតែម្តង។

នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ម៉ៃ ទិត្យថារ៉ា បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍នោះថា តុលាការគួរតែអនុញ្ញាតឱ្យអ្នកសារព័ត៌មានចូលរួមក្នុងបន្ទប់សវនាការដើម្បីឱ្យពួកគេអាចរាយការណ៍ព័ត៌មានពិតជូនសាធារណជន នូវអ្វីដែលបានកើតឡើង ជាជាងការរង់ចាំទទួលព័ត៌មានបន្តពីអ្នកដទៃ។

លោកបន្តថា ប្រសិនបើកៅអីក្នុងបន្ទប់សវនាការមានកំណត់ តុលាការគប្បីផ្សាយបន្តផ្ទាល់ពីដំណើរការរឿងក្តីនេះ ព្រោះជាសម័យទំនើប ឌីជីថល និងដើម្បីស្តារលំហរប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាឱ្យកាន់តែប្រសើរផងដែរ។

កាលថ្ងៃម្សិលមិញ លោក កឹម សុខា អះអាងប្រាប់សាធារណជនជាតិ និងអន្តរជាតិ ដោយបដិសេធទាំងស្រុងនូវរាល់ការចោទប្រកាន់មកលើរូបលោក ពីបទសន្ទិដ្ឋិភាពជាមួយបរទេសឬ បទក្បត់ជាតិ។

លោកបញ្ជាក់ទៀតថា លោកមិនបាននាំរដ្ឋបរទេស ឬភ្នាក់ងារបរទេសណាមកប្រទូសរ៉ាយ ឬឈ្លានពាន ព្រះរាជាណាចក្រកម្ពុជាឡើយ។

លើសពីនេះទៀត មិនបានប្រព្រឹត្តដូចការចោទនេះទេ ជាពិសេសលោកមិនបានប្រព្រឹត្តនូវអំពើទាំង ឡាយណាដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសជាតិឡើយ។

ប្រធានគណបក្សសង្រ្គោះជាតិ បន្ថែមថា សកម្មភាពទាំងអស់របស់លោក គឺផ្តោតលើសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដោយអហិង្សា និងសន្តិវិធី ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ហើយ គ្រប់សកម្មភាពនយោបាយរបស់ខ្លួន គឺផ្តោតលើការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ដែលឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ។

លោក កឹម សុខា នៅតែទាមទារឲ្យតុលាការទម្លាក់ចោលជាស្ថាពរចំពោះបទចោទមកលើរូបលោក ដើម្បីឱ្យលោកអាចអនុវត្តបាននូវសិទ្ធិ សេរីភាពនយោបាយពេញលេញ ក្នុងការចូលរួមបម្រើជាតិមាតុភូមិ និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ។

សំណុំរឿងលោក កឹម សុខា ក៏ត្រូវបានអ្នកវិភាគមួយចំនួនមើលឃើញថា ជាការយករូបប្រធានគណបក្សប្រឆាំងមួយនេះ ជាចំណាប់ខ្មាំងដើម្បីដោះដូរនឹងបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប។

សហភាពអឺរ៉ុប គ្រោងនឹងធ្វើសេចក្តីសម្រេចចុងក្រោយថាត្រូវព្យួរឬ មិនព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជានៅថ្ងៃទី ១២ ខែកុម្ភៈ ខាងមុខនេះ ដោយប្រព័ន្ធអនុគ្រោះពន្ធនេះបានធ្វើឱ្យកម្ពុជាចំណេញពីការនាំចេញទំនិញទៅសហភាពអឺរ៉ុប ដោយមិនយកពន្ធលើកលែងតែអាវុធ  ប្រមាណ៧រយលានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗ។

កាលពីឆ្នាំមុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានទៅបរទេសរួចហើយថា ប្រសិនបើកម្ពុជាត្រូវរងទណ្ឌកម្មសេដ្ឋកិច្ចណាមួយពីសហគមន៍អន្តរជាតិលោកនឹងតាមកម្ចេចក្រុមបក្សប្រឆាំងបន្តទៀត ដោយត្រូវជាន់ក ក្រុមនេះបន្ថែមមិនឱ្យពួកនេះនៅមានជីវិតនោះឡើយ។

បន្ថែមពីនេះ លោកថា កម្ពុជានឹងលើដើរផ្លូវរបស់ខ្លួន ដោយសហគមន៍អន្តរជាតិគ្មានសិទ្ធិនិយាយឬ បង្រៀនកម្ពុជាអំពីសិទ្ធិមនុស្ស ឬ ប្រជាធិបតេយ្យអ្វីនោះដែរ។

យ៉ាងណាក៏ដោយ កាលពីខែវិច្ឆិកា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានផ្ញើលិខិតមួយមកឱ្យលោកហ៊ុន សែន ដោយណែនាំឱ្យមេដឹកនាំកម្ពុជារូបនេះ វិលទៅរកលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិ ដើម្បីស្តារទំនាក់ទនងប្រទេសទាំងពីរឡើងវិញ។ លោក ត្រាំ បញ្ជាក់ថា ការអភិវឌ្ឍក្តី ឬ កំណើនសេដ្ឋកិច្ចក្តី នឹងអាចបប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរ ប្រសិនបើកម្ពុជា នៅតែបន្តដើរលើផ្លូវប្រាសចាកពីគន្លងប្រជាធិបតេយ្យបន្តទៀត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស