29.3 C
Phnom Penh

សហរដ្ឋអាមេរិក បញ្ជូនជនអន្តោប្រវេសន៍កម្ពុជា២៥នាក់ មក កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋបាលលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានសម្រេចបញ្ជូនជនអន្តោប្រវេសន៍កម្ពុជាចំនួន ២៥ នាក់ មកប្រទេសដើមវិញដោយស្ងាត់ៗ ក្រោយពេលពួកគេបានរស់នៅទីនោះអស់រយៈពេលរាប់ទសវត្សរ៍មកហើយនោះ ។

ជនអន្តោប្រវេសន៍ទាំងនោះ ភាគច្រើនបានចំណាយពេលពេញមួយជីវិតរបស់ពួកគេនៅលើដីអាមេរិក ប៉ុន្តែឥឡូវនេះពួកគេត្រូវបានបញ្ជូនទៅប្រទេសមួយដែលពួកគេមិនធ្លាប់ស្គាល់និងមិនទាន់រស់នៅពីមុនមក។

សារព័ត៌មាន The Washington Monthly បានចេញផ្សាយអត្ថបទរបស់ខ្លួនកាលពីថ្ងៃម្សិលមិញឱ្យដឹងថា សហរដ្ឋអាមេរិកបានបញ្ជូនជនអន្តោប្រវេសន៍កម្ពុជាចំនួន ២៥ នាក់កាលពីថ្ងៃពុធ ។

អង្គការគាំពារពលរដ្ឋខ្មែរគ្មានទីពឹង ថ្លែងប្រាប់សារព័ត៌មាន The Washington Monthly ថា រដ្ឋបាលលោក ដូណាល់ ត្រាំ បានបណ្ដេញពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ២៥នាក់ទៀតមកកម្ពុជា ដោយសារពួកគេបានប្រព្រឹត្តបទល្មើសដែលចាត់ចូលជាបទឧក្រិដ្ឋធ្ងន់ធ្ងរនៅលើទឹកដីសហរដ្ឋអាមេរិក។

ស្ថាបនិកអង្គការនេះ គឺលោក Bill Herod ឱ្យដឹងថា អ្នកទាំងនោះមានអាយុចាប់ពី៣៣ ឆ្នាំទៅ៦០ឆ្នាំ និងបានមកដល់ភ្នំពេញនៅថ្ងៃម្សិលមិញ ហើយពួកគេភាគច្រើនមិនដែលធ្លាប់ជាន់ដីកម្ពុជាពីមុនសោះឡើយ។

លោក Bill Herod បន្តថា ពួកគេទាំងនោះបានកើតនៅក្នុងប្រទេសហ្វីលីពីនឬនៅជំរុំជនភៀសខ្លួននាព្រំដែនថៃ ក្រោយពេលឪពុកម្តាយរបស់ពួកគេបានរត់ភៀសខ្លួនចេញពីការសម្លាប់រង្គាលរបស់ខ្មែរក្រហម និងការកាន់កាប់របស់វៀតណាមនៅកម្ពុជាឆ្នាំ១៩៧៩ ។ ទោះយ៉ាងណារដ្ឋបាល Trump បានបង្កើនការនិរទេសពួកគេខណៈពេលដែលមានការរឹតត្បិតចំពោះការធ្វើអន្តោប្រវេសន៍ស្របច្បាប់និងការសុំសិទ្ធិជ្រកកោន។

ប្រភពដដែល បន្ថែមថា អ្នកទាំងនោះ សុទ្ធតែបានប្រព្រឹត្តបទឧក្រិដ្ឋមួយចំនួនដែលអាចឱ្យរដ្ឋបាលអាមេរិកដកហូតសិទ្ធិរស់នៅអចិន្ត្រៃយ៍របស់ពួកគេ និងបញ្ជូនមកប្រទេសដើមស្របតាមច្បាប់អនុម័តដោយអតីតប្រធានាធិបតីអាមេរិក លោក Bill Clinton កាលពីឆ្នាំ១៩៩៦។

តាមច្បាប់អាមេរិក បទឧក្រិដ្ឋធ្ងន់ធ្ងរ រាប់បញ្ចូលអំពើឃាតកម្ម ការបំពានផ្លូវភេទ ការប្រើអំពើហិង្សា និងអំពើចោរកម្ម ឬឆក់ប្លន់ណាមួយ ដែលត្រូវផ្តន្ទាទោសចាប់ពី១ឆ្នាំឡើង ប៉ុន្តែ មានករណីមួយចំនួនមិនចាត់ចូលក្នុងបទឧក្រិដ្ឋនេះនោះទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស