31 C
Phnom Penh

រដ្ឋាភិបាលអះអាងថា គុណភាពខ្យល់មានការធ្លាក់ចុះគួរឱ្យបារម្ភ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថាន អះអាងថាតាមលទ្ធផលនៃការអង្កេតតាមដានគុណភាពខ្យល់​ពីស្ថានីយ​ត្រួត​​ពិនិត្យ​គុណភាពខ្យ​ល់ ​ដែល​ក្រសួងបរិស្ថានបានដំឡើងនៅតាមបណ្តារាជធានី ខេត្តទូទាំង​ប្រទេសបាន​​បង្ហាញថា ស្ថានភាពភាព​គុណភាព​​ខ្យល់មានការធ្លាក់ចុះគួរឱ្យបារម្ភ។

លើសពីនេះ លទ្ធផលនៃការអង្កេតនោះឃើញថា  ​កំហាប់ប៉ារ៉ាម៉ែត្រភាគល្អិត​​និចល​ PM10 និង PM2.5  មាន​ការ​​កើន​ឡើង​​លើសកំណត់ស្តង់ដា ដែលជាហានិភ័យបង្កការប៉ះពាល់ចំពោះ​សុខភាព​ប្រជាពល​រដ្ឋ។

​សេចក្តីជូនដំណឹងស្តីពីវិធានការទប់ស្កាត់ និងការកាត់បន្ថយបំពុលខ្យល់សាធារណៈរបស់ក្រសួងបរិស្ថាន​ដែលចេញផ្សាយនៅថ្ងៃនេះ បានឱ្យដឹងថា ប្រភព​និង​សកម្មភាពសំខាន់ៗ ដែលជាហេតុបង្កឱ្យមានកំហាប់ភាគល្អិតនិចល PM10 និង PM2.5 មានការ​កើន​ឡើង​នេះមានជាអាទិ៍ ការបញ្ចេញផ្សែងពីរោងចក្រឧស្សាហកម្ម។ ផ្សែងដែលចេញ ពីយានយន្តប្រើប្រាស់ប្រេងម៉ាស៊ូតនិងពី​ចំហេះ​ឥន្ធនៈ ផ្សេងទៀត។ ករណីភ្លើងឆេះព្រៃ ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជ្រាំង ការដុតសំរាម ការដុត​សំណល់រឹងនៅតាមទីវាល និងទីលានចាក់សំណល់ ការដ្ឋានសំណង់ជាដើម។

ដោយពិនិត្យ​ឃើញ​នូវបញ្ហា​បែបនេះ និងដើម្បីកែលម្អគុណភាពខ្យល់នៅតាមរាជធានី ខេត្ត ក្រសួងបរិស្ថាន​បានណែនាំ​ដល់​មន្ទីរ​បរិស្ថាន​រាជធានី ខេត្ត ត្រូវសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិអនុវត្តន៍នូវវិធានការ​មួយចំនួន​។ វិធានការទាំងនោះ ​រួមមានត្រូវចាត់វិធានការទប់ស្កាត់ភ្លើងឆេះព្រៃ ការដុតសំរាម សំណល់រឹងនៅតាមទីចំហ និងការឆេះនៅតាមទីលានចាក់សំរាម។ បន្ថែមពីនេះ ត្រូវចាត់វិធានការ​ទបស្កាត់ធូលីហុយដែលចេញពីការដ្ឋានសំណង់ និងការដ្ឋានកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងធូលីហុយនៅតាមផ្លូវ។ លើសពីនេះ ត្រូវសម្អាត​អនាម័យនៅតាមផ្លូវ​ឬ នៅតាមទីសាធារណៈ និងចុងក្រោយត្រូវអប់រំប្រជាពលរដ្ឋ​កុំឱ្យដុតសំរាម សំណល់រឹង គល់ជញ្ជ្រាំង និងសំណល់កសិកម្មផ្សេងៗទៀត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស