29 C
Phnom Penh

សកម្មជនបរិស្ថាន ថាការផ្តល់ឱកាសឱ្យរុករករ៉ែជិត១០កន្លែង ពីសំណាក់រដ្ឋាភិបាល នឹងធ្វើឱ្យព្រៃឈើ និងធនធានធម្មជាតិកាន់តែវិនាស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជនព្រៃឈើ និងបរិស្ថាន បាន​​ប្រឆាំងទៅនឹងសេចក្តីសម្រេច​របស់រដ្ឋាភិបាល​ ដែលគ្រោងនឹងផ្តល់ឱកាស​ជូនក្រុមហ៊ុនឯកជន​ដាក់ដេញថ្លៃធ្វើអាជីវកម្ម រុករករ៉ែ​ចំនួនជិត១០ទីតាំងនៅប្រទេសកម្ពុជា ក្នុងខេត្តចំនួន៤ ដោយមានទំហំជាង១ពាន់គីឡូម៉ែត្រក្រឡា។

សេចក្ដីជូនដំណឹងស្តីពីការបើកតំបន់​សម្បទានស្វែងរុករករ៉ែ​សម្រាប់ដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណ ​របស់ក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី១០ ខែមករា ដែល The Cambodia Daily ទទួលបាននៅថ្ងៃនេះឱ្យដឹងថា រដ្ឋាភិបាលបានសម្រេចបើកតំបន់សម្បទានស្វែងរករ៉ែចំនួន៨កន្លែង ឱ្យក្រុមហ៊ុនរុករកដេញថ្លៃនិងស្នើសុំអាជ្ញាប័ណ្ណ។  

តំបន់សម្បទានស្វែងរករ៉ែចំនួន៨កន្លែង រួមមាន​តំបន់អូរកោងកាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង មានទំហំជាង១០០គីឡូម៉ែត្រក្រឡា។ តំបន់ភ្នំនទោង និងភ្នំច្រាច ស្រុកជ័យសែន ខេត្តព្រះវិហារ មានទំហំជាង៣គីឡូម៉ែត្រក្រឡា(៣៣៥) ។  តំបន់ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ មានទំហំ ១៥១គីឡូម៉ែត្រក្រឡា ។ បន្ថែមពីនេះ តំបន់ខ្វាវខាងកើត និងខាងលិច ខេត្តសៀមរាប មានទំហំ ៤០០គីឡូម៉ែត្រក្រឡា ព្រមទាំងតំបន់ព្រែកខ្លុង និងតំបន់អូរខ្ទង់ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ដែលមានទំហំជិត៤រយគីឡូម៉ែត្រក្រឡា(៣៩២)​។

សេចក្ដីជូនដំណឹងនេះ ក្រុមហ៊ុនជាតិ និងអន្តរជាតិ ដែលចាប់អារម្មណ៍អាចដាក់ពាក្យស្នើសុំដេញថ្លៃចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ បាន នៅទីស្ដីការក្រសួង​។

សកម្មជនព្រៃឈើ និងបរិស្ថាន លោក ហេង ស្រស់ មើលឃើញថា​ការសម្រេច​នេះនឹងនាំឱ្យវិនាសទាំងរ៉ែ វិនាសទាំងព្រៃឈើនៅកម្ពុជា​បន្ថែមទៀត។ លើសពីនេះ លោកថា គម្រោងនេះ នឹងមិនបានជួយអ្វីដល់ពលរដ្ឋ ពិសេសពលរដ្ឋ​នៅមូលដ្ឋានក្បែរៗ តំបន់ទាំងនោះឡើយ។

លោក ហេង ស្រស់ បន្ថែមថា ស្ទើរតែគ្រប់គម្រោងរបស់រដ្ឋាភិបាល​​ដែល​តម្រូវឱ្យ​ក្រុមហ៊ុនឯកជន​ដាក់ដេញថ្លៃ តែងធ្វើឱ្យប៉ះពាល់​ដល់​ព្រៃឈើ និងធនធានធម្មជាតិ ។ លោកថា តំបន់ណាដែលមានរ៉ែ ក្រុមហ៊ុនទាំងនោះ មិនត្រឹមតែយករ៉ែឱ្យអស់ទេ ពួកគេនឹងប្រមូលឬ កាប់បំផ្លាញព្រៃឈើនៅតំបន់នោះ​ដូចគ្នាដែរ។

លោកបន្តថា ប្រសិនបើការសម្រេចនេះ រដ្ឋាភិបាលនៅតែបន្ត​អនុញ្ញាតផ្តល់អាជ្ញាប័ណ្ណ​ឱ្យក្រុមហ៊ុនឯកជន ប្រៀបដូចជាការ​ចូលរួមបំផ្លាញសម្បត្តិជាតិរបស់ខ្លួន។ ​ ​ក្រសួងរ៉ែ និងថាមពល បច្ចុប្បន្ន មានក្រុមហ៊ុនរុករករ៉ែជាង៣០ក្រុមហ៊ុន កំពុងរុករករ៉ែក្នុងប្រទេសកម្ពុជា ដែលមានក្នុងខេត្តកំពង់ស្ពឺ ក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ព្រះវិហារ និងខេត្តឧត្តរមានជ័យ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស