31 C
Phnom Penh

ចារកម្មរុស្ស៊ី ៖ អាមេរិក នឹងរុញឱ្យមានរដ្ឋន្ត្រីច្រើនដងនៅវេណេហ្សូអេឡាដើម្បីទម្លាក់លោកម៉ាឌូរ៉ូ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រីការបរទេស រុស្ស៊ី Sergey Lavrov បានចោទសហរដ្ឋអាមេរិកថានៅក្នុងឆ្នាំ២០២០នេះ គឺរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងរុញអោយមានការធ្វើរដ្ឋប្រហារថែមទៀតនៅប្រទេសវេណហ្សូអេឡាដើម្បីផ្ដួលរំលំលោកប្រធានាធិបតី នីគូឡាស់ម៉ាឌូរ៉ូ ពីអំណាច។ 

តាមទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ីបានចុះផ្សាយថា លោកSergey Lavrov បានថ្លែងដូចនេះ នៅក្នុងសន្និសីទសារព័ត៌មាន នៅក្រុងម៉ូស្គូនៅថ្ងៃទី១៧មករានេះ ដោយស្រង់របាយការណ៍ចារកម្មរបស់រុស្ស៊ី។ លោកបញ្ជាក់ទៀតថា ពិតជាការលំបាក ក្នុងការព្យាករណ៍ទុកមុន អំពីអនាគតនៃរដ្ឋាភិបាល វេណេហ្សូអេឡា ដែលដឹក​នាំដោយលោកម៉ាឌូរ៉ូ។លោកបន្តថា ទីក្រុងវ៉ាស៊ីនបានធ្វើអោយមានស្ថានភាព តវ៉ានៅក្រុងហុងកុង រួចទៅហើយដែលថា នេះជាការលំបាកទុកចិត្តសហរដ្ឋអាមេរិក។តាមលោក​Sergey Lavrov សម្រាប់ឆ្នាំ២០២០នេះ គឺវេណេហ្សូអេឡា នឹងនៅតែប្រឈមនឹងការគាបសង្កត់អោយមានការផ្លាស់ប្ដូរការដឹកនាំរបស់លោក ម៉ាឌូរ៉ូ។

ប្រទេសវេណេហ្សូអេឡា ដែលស្ថិតនៅក្រោមការដឹកនាំរបស់ ជនផ្ដាច់ការម៉ាឌូរ៉ូ គឺប្រទេសផលិតប្រេងដ៏ធំនេះបានរងការធ្វើរដ្ឋប្រហារជាច្រើនលើកមកហើយ ។ ការធ្វើរដ្ឋប្រហារដ៏ធំនៅថ្ងៃទី២៣មករា​ឆ្នាំ២០១៩ គឺសឹងទាញទំលាក់ លោកម៉ាឌូរ៉ូពីអំណាច។ មកដល់ពេលនេះ វេណេហ្សូអេឡា នៅតែស្ថិតក្នុងវិបត្តិនយោ​បាយ ​នឹងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។រដ្ឋសភានៃប្រទេស នេះកំពុងតែមានវិបត្តិ ដោយមិនអាចកោះប្រជុំបានដោយសារសមាជិកសភាមកពី បក្សប្រឆាំងដឹកនាំដោយលោកវ័ន្តកៃដូ មិនព្រមចូលរួមប្រជុំ ក្រោមប្រធានរដ្ឋសភាមួយរូប ដែលលោកម៉ាឌូរ៉ូលើកបន្តប់គឺលោកLuis Parra ។ ចំណែកលោកវ័ន្តកៃដូនៅតែ ជាប្រធានរដ្ឋសភា ដែលសហរដ្ឋអាមេរិក និងជាង៥០ប្រទេសទៀតនៅតែគាំទ្រទោះជា សមាជិកសភា មកពីបក្សកាន់អំណាច មិនគាំទ្រលោកក៏ដោយ។ ឥឡូវនេះ រដ្ឋសភានៃប្រទេសវេណេហ្សូអេឡា មានប្រធានដល់ទៅពីររូប។

កាលពីថ្ងៃពុធក្នុងសប្ដាហ៍នេះ តុលាការកំពូល មិនអាចធ្វើការកាត់សេចក្ដីបានអំពីភាពស្របច្បាប់នៃ ប្រធានរដ្ឋសភា ដែលមាន២រូប ដោយមិនអាច សម្រេចថា លោក Luis Parra ជាប្រធានរដ្ឋសភា ឬក៏លោកវ័ន្តកៃដូ ជាប្រធានរដ្ឋសភានោះទេ ។ តែតុលាការប្រទេសនេះថា នឹងជួយរកដំណោះស្រាយ ចំពោះ វិបត្តិនៃរដ្ឋសភាមួយមានប្រធានដល់ពីរនាក់។ លោក Luis Parra ធ្លាប់ជាសហការរី របស់ លោកវ័ន្តកៃដូ តែបុរសនេះ បានព្យាយាមឈរឈ្មោះ ជាបេក្ខជនប្រធានរដ្ឋសភា សម្រាប់ ឆ្នាំ២០២០ ដោយប្រកួតជាមួយលោកកៃដូដែលសមាជិកសភា ក្រុមប្រឆាំងបានបន្តជ្រើសតាំងលោកជាប្រធានរដ្ឋសភាសម្រាប់ឆ្នាំ២០២០បន្តទៀត។ លោកLuis Parra ត្រូវបានចោទថា បានលក់ក្បាលអោយលោកម៉ាឌូរ៉ូ ដោយការទទួលប្រាក់សំណូករាប់ម៉ឺនដុល្លារ។ ចាប់តាំងពី ​លោក Luis Parraឡើងធ្វើប្រធានរដ្ឋសភា មកគឺមិនអាចកោះប្រជុំរដ្ឋសភា បានទេ ដោយ សារង្វះកូរ៉ុមប្រជុំ ខណៈសមាជិកសភា របស់លោកកៃដូធ្វើពហិការ។ ចំណែកក្រុមសមាជិកសភា របស់លោកកៃដូមិនអាចដើរចូលរដ្ឋសភា ដើម្បីបើកកិច្ចប្រជុំសភាបានឡើយ ដោយសារក្រុម សន្តិសុខ និងប៉ូលីសឃាឃាំងមិនចូលក្នុងបរិវេណរដ្ឋសភា។ លោកកៃដូប្រកាសថា ពេលនេះ រដ្ឋសភាវេណេហ្សូអេឡា មានវិបត្តិធ្ងន់ណាស់ ។ តែលោកមិនបានអំពាវនាវអោយមានការរំលាយសភានោះទេ។ លោករដ្ឋមន្ត្រីរុស្ស៊ី ​Sergey Lavrov ព្រមានថា វិបត្តិរដ្ឋសភា វេណេហ្សូអេឡានឹងនាំអោយ សម្ព័ន្ធភាពអាមេរិកស្វែងរកការបញ្ចប់របបលោកម៉ាឌូរ៉ូ កាន់តែខ្លាំងថែមទៀត។ 

កាលពីចុងឆ្នាំ២០១៩ រដ្ឋការរបស់លោក ប្រធានាធិបតីដូណាល់ត្រាំបាន អនុម័តកញ្ចប់ថវិកា ជំនួយ មនុស្សធម៌ នូវមូលនីធិ៤០០លានដុល្លារ សម្រាប់ ក្រុមប្រឆាំងដែលលោកវ័នកៃដូ​ជាប្រមុខរដ្ឋស្ដីទី។ មូលនីធិនេះ សម្រាប់ជួយជនភៀសខ្លួន វេណេហ្សូអេឡា ដែលតាមរបាយការណ៍របស់ ភ្នាក់ងារជនភៀសខ្លួន អង្គការសហប្រជាជាតិ គឺមានជាង៤លាននាក់ បានកំពុងរស់នៅ និងរកការងារធ្វើនៅប្រទេសជិតខាងវេណេហ្សូអេឡា។ នៅក្នុងសនិ្នសីទសារព័ត៌មាន គឺលោក រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ​Sergey Lavrov មិនបាននិយាយពីផលលំបាក របស់ ជនភៀសខ្លួនវេណេហ្សូអេឡានោះទេ។ តែលោក នៅតែព្យាយាមវាយប្រហារអាមេរិក។ លោកចង្អុលបង្ហាញថា សហរដ្ឋអាមេរិក មានភាពពឺសពុល ក្នុងការរុញអោយមាន ការបះបោរ ប្រឆាំងមេដឹកនាំ ប្រទេសណាៗទាំងអស់នៅ លើពិភពលោក។ លោកថា សហរដ្ឋអាមេរិក បានសម្រេច ជោគជ័យ នៅក្នុងការរុញអោយមានរដ្ឋប្រហារនៅប្រទេសបូលីវៀលជាប្រទេស ជិតខាងនៃប្រទេសវេណេហ្សូអេឡា។ តែជាការកត់សំគាល់ នៅខណៈដែលរដ្ឋសភាកំពុងធ្លាក់ក្នុងវិបត្តិ គឺបក្សកាន់អំណាច នៃបក្សសង្គមនិយម ដឹកនាំដោយលោកប្រធានាធិបតីម៉ាឌូរ៉ូបាន ស្នើសុំអោយមានការចរចានយោ​​បាយ ឡើងវិញ ជាមួយបក្សប្រឆាំងដឹកនាំដោយលោកវ័ន្តកៃដូដោយសុំអោយ ប្រទេសណ័រវេស បន្ត ជាអ្នកសម្របសម្រួល ប៉ុន្តែ ក្រុមបក្សប្រឆាំងបានទាត់ចោលសំណើនេះ ដោយព្រមានថា លើកលែងតែមានរបៀវារៈនិយាយអំពីការចាកចេញពីតំណែងរបស់លោកម៉ាឌូរ៉ូ និងការបោះឆ្នោតប្រធានាធិបតីឡើងវិញទើបក្រុមប្រឆាំងអាចវិលទៅរកតុចរចាជាថ្មីម្ដងទៀត៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស