អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជារបស់អង្គការសហប្រជាជាតិអ្នកស្រី រ៉ូណា ស្មីត និងអ្នកជំនាញពីររូបទៀត បានអំពាវនាវដល់អាជ្ញាធរលោក ហ៊ុន សែន ធានានូវយុត្តិធម៌សម្រាប់លោក កឹម សុខា។
ការអំពាវនាវពីសំណាក់មន្ត្រីជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិនេះ ស្របពេល សំណុំរឿងសន្ទិដ្ឋភាពជាមួយបរទេស ឬ រឿងក្បត់ជាតិរបស់លោក កឹម សុខា បានចាប់ផ្តើមជំនុំជម្រះនៅសាលាដំបូងរាជធានីភ្នំពេញក្នុងសប្តាហ៍នេះ។
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃនេះ អ្នកស្រី រ៉ូណា ស្មីត និងអ្នកជំនាញឯករាជ្យនៃអង្គការសហប្រជាជាតិពីររូបទៀត បានចេញមុខអំពាវនាវជាម្តងទៀតឱ្យដកចេញជាបន្ទាន់នូវលក្ខខណ្ឌធានានៅក្រៅឃុំដែលមានការរិតត្បិតលើប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា។ លើសពីនេះ រដ្ឋាភិបាលលោកហ៊ុន សែនត្រូវផ្តល់សិទ្ធិនយោបាយរបស់លោក កឹម សុខា ឡើងវិញ និង ធានាថាសិទ្ធិរបស់លោកក្នុងការទទួលបានសំណង និងជួសជុលការខូចខាតផ្សេងទៀតដល់មេបក្សប្រឆាំងរូបនេះ ចំពោះការរិតត្បិតសេរីភាព និងសិទ្ធិនយោបាយកន្លងមក។
តុលាការក្រុងភ្នំពេញ របស់លោក ហ៊ុន សែន បានចាប់ផ្តើមបើកសវនាការលើសំណុំរឿងលោក កឹម សុខា ដោយអះអាងថាជាសវនាការសាធារណៈ ប៉ុន្តែសង្គមស៊ីវិលថារងការរិតត្បិតសិទ្ធិចូលរួមពីភាគីអ្នកឃ្លាំមើល ដូចជាពលរដ្ឋ សង្គមស៊ីវិល អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។ កាលពីថ្ងៃម្យិលមិញ អង្គការសង្គមស៊ីវិល សហគមន៍ និងអ្នកសារព័ត៌មានជិត១រយ ក៏បានសម្តែងការខកចិត្តចំពោះការរិតត្បិតសេរីភាពក្នុងការចូលរួមសវនាការដ៏ចម្រូងចម្រាសនេះផងដែរ។
សវនាការប្រធានគណបក្សសង្រ្គោះជាតិរូបនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញអះអាងថាគ្រោងនឹងធ្វើឡើងរយៈពេល៣ខែ ដោយធ្វើឡើងក្នុង១សប្តាហ៍ពីរថ្ងៃ ព្រោះថាជាសំណុំរឿងធំ ហើយការកម្រិតមនុស្សចូលរួមសវនាការនេះ ដោយសារបន្ទប់សវនាការមានកម្រិត។
កាលពីថ្ងៃម្សិលមិញ ភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានចុះផ្សាយថា សហរដ្ឋអាមេរិកក៏បានជំរុញឱ្យតុលាការកម្ពុជាអនុញ្ញាតឱ្យអ្នកសារព័ត៌មានចូលរួមក្នុងការជំនុំជម្រះទោសក្បត់ជាតិរបស់មេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា ដែលរងការចោទប្រកាន់ថាបានរៀបចំផែនការផ្តួលរំលំមេដឹកនាំហ៊ុនសែនដែលមានរយៈពេលយូរណាស់មកហើយ។
ក្នុងពេលសវនាការពីរថ្ងៃមកនេះ មេធាវីរដ្ឋាភិបាលបានអះអាងថា មានអង្គការ បុគ្គល និង ប្រទេសចំនួន៩ ដែលពាក់ព័ន្ធសំណុំរឿងលោក កឹម សុខា។ ក្នុងចំណោមប្រទេស៩នោះ រួមបញ្ចូលទាំងសហភាពអឺរ៉ុបដែលមានរដ្ឋជាសមាជិកចំនួន២៨ប្រទេសទៀតផង។
ទោះបីជាមេធាវីការពារក្តីឱ្យរដ្ឋាភិបាលរកឃើញថាសំណុំរឿងលោក កឹម សុខា មានពាក់ព័ន្ធ នឹងប្រទេសចំនួន៩ ក៏ដោយ ប៉ុន្តែសម្រាប់មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង អះអាងប្រាប់សារព័ត៌មានវីអូឌីកាលពីថ្ងៃម្សិលមិញថា កម្ពុជាមិនទាន់មានចំណាត់ការលើប្រទេសទាំងនោះនៅឡើយទេ។
ក្រៅពីបដិសេធ នៅមុខអង្គសវនាការចំពោះរាល់ការចោទប្រកាន់ទាំងឡាយ លោក កឹម សុខា ក៏បានចោទសួរទៅខាងតុលាការវិញថា សំណុំរឿងរបស់លោកគឺតុលាការបានរកភស្តុតាងដាក់បន្ទុកចន្លោះឆ្នាំពី១៩៩៣ ដល់ឆ្នាំ២០០៧ ខណៈច្បាប់ដែលយកមកប្រើប្រាស់ដាក់ទោសទណ្ឌលើរូបលោក ទើបតែដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០១០ ប៉ុណ្ណោះ។
លោក កឹម សុខា បញ្ជាក់កាលពីថ្ងៃទី ១៥ មករា ថា លោកមិនបាននាំរដ្ឋបរទេស ឬភ្នាក់ងារបរទេសណាមកប្រទូសរ៉ាយ ឬឈ្លានពាន ព្រះរាជាណាចក្រកម្ពុជាឡើយ។
លើសពីនេះទៀត មិនបានប្រព្រឹត្តដូចការចោទនេះទេ ជាពិសេសលោកមិនបានប្រព្រឹត្តនូវអំពើទាំង ឡាយណាដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសជាតិឡើយ។
ប្រធានគណបក្សសង្រ្គោះជាតិ បន្ថែមថា សកម្មភាពទាំងអស់របស់លោក គឺផ្តោតលើសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដោយអហិង្សា និងសន្តិវិធី ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ហើយ គ្រប់សកម្មភាពនយោបាយរបស់ខ្លួន គឺផ្តោតលើការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ដែលឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ។
លោក កឹម សុខា នៅតែទាមទារឲ្យតុលាការទម្លាក់ចោលជាស្ថាពរចំពោះបទចោទមកលើរូបលោក ដើម្បីឱ្យលោកអាចអនុវត្តបាននូវសិទ្ធិ សេរីភាពនយោបាយពេញលេញ ក្នុងការចូលរួមបម្រើជាតិមាតុភូមិ និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ៕