28.4 C
Phnom Penh

តុលាការសម្រេចឃុំខ្លួនមន្ត្រីប៉េអឹម ខេត្តបន្ទាយមានជ័យ២រូប ពាក់ព័ន្ធករណីធ្វើទារុណកម្មពលរដ្ឋមានជម្លោះដីធ្លីរហូតដល់ស្លាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចៅក្រុមស៊ើបសួរសាលាដំបូងខេត្តបន្ទាយមានជ័យ បានសម្រេចចេញដីកា​ឃុំខ្លួនមន្ត្រី​កងរាជអាវុធហត្ថខេត្តនេះចំនួន២រូប ជាបណ្តោះអាសន្ន ក្រោយពេលរកឃើញថា ពួកគេបានជាប់ពាក់ព័ន្ធនឹងការប្រើអំពើហិង្សាទៅលើតំណាងអ្នកតវ៉ាដីធ្លីបណ្តាលឱ្យពលរដ្ឋម្នាក់បាត់បង់ជីវិត។

សេចក្ដីប្រកាសព័ត៌មានរបស់តំណាងអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃម្សិលមិញ បានសម្រេចចោទប្រកាន់មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តឈ្មោះ ស ប៊ុនសឿង និងឈ្មោះ ឆយ រដ្ឋនា ជាជំនួយការការិយាល័យប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្ត ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពនៃជនរងគ្រោះ តាមបញ្ញត្តិមាត្រា ២១៨ និងមាត្រា ២២៤ នៃក្រមព្រហ្មទណ្ឌ។

ក្រោយការចោទប្រកាន់រួច ចៅក្រមស៊ើបសួរក៏បានចេញដីកាឃុំខ្លួនអ្នកទាំងពីរ បណ្ដោះអាសន្ននៅពន្ធនាគារខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់។

កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ប្រជាពលរដ្ឋប្រមាណ២០០នាក់ តំណាងឱ្យ៦០០គ្រួសារ មកពីឃុំចង្ហារ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តវ៉ានៅមុខសាលាខេត្តក្នុងជម្លោះដីធ្លី បន្ទាប់សមត្ថកិច្ចចាប់តំណាងរបស់ពួកគាត់៥នាក់ឃុំខ្លួន។

ក្រោយមក នៅថ្ងៃទី១ ខែមករា តំណាងពលរដ្ឋម្នាក់ក្នុងចំណោមអ្នកដែលត្រូវបានមន្ត្រីសមត្ថកិច្ចធ្វើទារុណកម្ម ឈ្មោះ ទុយ ស្រស់ បានស្លាប់ ប៉ុន្តែអាជ្ញាធរខេត្តបញ្ជាក់ថា ករណីស្លាប់ ដោយសារពលរដ្ឋរូបនោះមានបញ្ហាញៀនស្រា។

យ៉ាងនេះក្តី កាលពីថ្ងៃទី ១២ មករា តំណាងពលរដ្ឋ៣នាក់ ដែលជាប់ឃុំដែរនោះ បានសម្រេចដាក់ពាក្យប្តឹងកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យកាលពីថ្ងៃ១២ មករា ដោយចោទ ថាបានវាយធ្វើទារុណកម្មលើពួកគេធ្ងន់ធ្ងរ ដើម្បីបង្ខំយកចម្លើយសារភាព។

ការសម្រេចស៊ើបអង្កេតសំណុំរឿងនេះនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បញ្ជាឱ្យប្រធានគណកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី និង អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោក សៅ សុខា ស្រាវជ្រាវករណីធ្វើទារុណកម្មលើតំណាងពលរដ្ឋមានជម្លោះដីធ្លីជាច្រើននាក់ រហូតបណ្តាលឱ្យពលរដ្ឋម្នាក់ស្លាប់។

កាលពីថ្ងៃទី ១៤ មករា លោក ហ៊ុន សែន បានបញ្ជាឱ្យមន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាលទាំងពីររូបនេះ បង្កើតគណៈកម្មការចំពោះកិច្ចមួយស៊ើបអង្កេតករណីនេះ ដោយរកឱ្យឃើញថាការពិត ហើយប្រសិនបើករណីធ្វើទារុណកម្មពលរដ្ឋរហូតដល់ស្លាប់នោះជារឿងពិត គឺមិនត្រូវអត់អោនដល់អ្នកប្រព្រឹត្តឡើយព្រោះជាអំពើឃោឃៅ។

មុនលោកនាយករដ្ឋមន្ត្រី បញ្ជាឱ្យស៊ើបអង្កេតករណីនេះប្រមាណ១០ថ្ងៃ ជាក់ស្តែងកាលពីថ្ងៃទី ៣ មករា លិខិតបំភ្លឺរបស់លោក អ៊ុំ រាត្រី ចៅហ្វាយខេត្តបន្ទាយមានជ័យផ្ញើជូនលោក ស ខេង កាលពីថ្ងៃទី៣ មករា អះអាងថា សកម្មជនដីធ្លីលោក ទុយ ស្រស់ ស្លាប់ដោយសារញៀនស្រា និងជាមនុស្សមានស្មារតីមិនប្រក្រតី។

លើសពីនេះអាជ្ញាធរខេត្តនេះ ក៏ថ្លែងការពារមន្ត្រីរបស់ខ្លួនថា ការស្លាប់របស់លោក ទុយ ស្រស់ មិនមែនជាការធ្វើទារុណកម្មយកចម្លើយពីកងរាជអាវុធហត្ថខេត្តឡើយ។ លិខិតបំភ្លឺនេះ គឺ ផ្ទុយទាំងស្រុងពីអ្វីដែលគណៈកម្មការចំពោះកិច្ច និងតុលាការបានរកឃើញ។

ទោះបីយ៉ាងណាក៏ដោយ បញ្ហានេះ សង្គមស៊ីវិលទាមទារឱ្យមានការដាក់ទោសទណ្ឌចំពោះអ្នកបំភ្លឺការពិតទាំងនោះផងដែរ ជៀសវាងការចេញរបាយការណ៍ ឬ សេចក្តីប្រកាសព័ត៌មានដែលខុសពីការពិត ដើម្បីការពារតែបក្ខពួកខ្លួន នាំឱ្យជនរងគ្រោះពិតប្រាកដ និងសង្គមជាតិកាន់តែរួមរិតដោយអំពើអយុត្តិធម៌៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស