អាជីវករលក់ដូរនៅឆ្នេរអូត្រេះ ខេត្តព្រះសីហនុ ប្រមាណ៥០នាក់ បានលើកគ្នាឡើងមករកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញករណីឈូសឆាយតូបលក់ដូររបស់ពួកគេមិនឱ្យលក់ដូរបន្តទៀតបាន។
ការស្នើនេះ ក្រោយពេលពួកគេបានឡើងមកដល់រាជធានីភ្នំពេញនៅថ្ងៃនេះ ដោយក្រុមអាជីវករអះអាងថា អាជ្ញាធរខេត្តមិនបានរកដំណោះស្រាយសមរម្យក្រៅពីឈូសឆាយតូបលក់ដូររបស់ពួកគេចោល ទាំងគ្មានសំណងអ្វីទាំងអស់។
អាជីវករទាំងនោះបានប្រមូលផ្តុំគ្នា និងឈរលើកបដារូបថតលោក ហ៊ុន សែន និងភរិយារបស់លោកនាយករដ្ឋមន្ត្រីផង នៅមុខខុទ្ទកាល័យរបស់លោកនៅព្រឹកថ្ងៃនេះ ដោយទាមទាររកដំណោះស្រាយសម្រាប់ពួកគេ។ ដំណោះស្រាយដែលអាជីវករចង់បាន គឺការបន្តអាចលក់ដូរនៅទីតាំងចាស់ដដែល ដោយពលរដ្ឋអះអាងថាពួកគេលក់ដូរនៅទីនោះជាច្រើនឆ្នាំណាស់មកហើយ។ បន្ថែមពីនេះ បើមិនអាចឱ្យពួកគេលក់ដូរនៅកន្លែងចាស់បាន អាជ្ញាធរក៏ត្រូវផ្តល់ជាសំណងសម្រាប់ពួកគាត់ជាដើម។
កាលពីថ្ងៃទី១៥ ខែមករា អាជ្ញាធរខេត្តព្រះសីហនុ បានដាក់គ្រឿងចក្រឈូសឆាយតូបអាជីវករលក់ដូរនៅឆ្នេរអូត្រេះអស់ ៦២តូប ក្រោមហេតុផលយកទីតាំងនោះសម្រាប់ការអភិវឌ្ឍ និងកែលម្អសោភ័ណភាពឆ្នេរសមុទ្រ។
ការឈូសឆាយនេះ បន្ទាប់ពី អាជ្ញាធរខេត្តព្រះសីហនុ បានប្រាប់ទៅក្រុមអាជីវករ ឱ្យរុះរើតូបលក់ដូររបស់ខ្លួនចេញពីឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះ ព្រោះអាជ្ញាធរខេត្តត្រូវរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ កែលម្អសោភ័ណភាពឆ្នេរ និងរក្សាទុកជាឆ្នេរសាធារណៈសម្រាប់ប្រជាពលរដ្ឋទូទៅមកទស្សនាកម្សាន្ត។
យ៉ាងណាក៏ដោយអាជីវករខ្លះលើកឡើងថា ពលរដ្ឋខ្មែរតែងរងការបណ្តេញចេញមិនឱ្យលក់ដូរ ប៉ុន្តែសម្រាប់ក្រមអ្នកមានប្រាក់ឬមានអំណាចព្រមទាំងជនបរទេសវិញ ពិសេសជនជាតិចិនរដ្ឋាភិបាលតែងយកទីតាំងទាំងនោះទៅឱ្យពួកគេវិនិយោគ ហើយពួកគេកាន់កាប់តំបន់ឆ្នេរទាំងនោះផ្តាច់មុខ ដោយមិនអនុញ្ញាតឱ្យពលរដ្ឋដើរលេងកម្សាន្ត ឬលក់ដូរបានឡើយ បើទោះបីជាកន្លែងនោះជាទីតាំងឆ្នេរសាធារណៈក៏ដោយ៕