38 C
Phnom Penh

Human Rights Watch ថា​តុលាការ​ក្រុងភ្នំពេញ ប្រឹងប្រឌិត​រឿង​ដើម្បីប្រឆាំងអតីតបុគ្គលិកវិទ្យុអាស៊ីសេរី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានជំរុញឱ្យអាជ្ញាធរកម្ពុជាទម្លាក់ការចោទប្រកាន់ពីបទចារកម្ម ដោយគ្មានមូលដ្ឋានទៅលើអតីតអ្នកកាសែតវិទ្យុអាស៊ីសេរី ២ រូប គឺលោក អួន ឈិន និងលោក យាង សុធារិន្ទ។

ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃម្សិលមិញ ដោយលើកឡើងថានៅថ្ងៃទី ២០ ខែមករាឆ្នាំ ២០២០ សាលាឧទ្ធរណ៍របស់កម្ពុជា បើកសវនាការ ជុំវិញបណ្តឹងជំទាស់របស់អតីតបុគ្គលិកវិទ្យុអាស៊ីសេរីទាំងពីររូប ជុំវិញសេចក្តីសម្រេចឱ្យបើកការស៊ើបអង្កេតលើសំណុំរឿង ផ្តល់ព័ត៌មានឱ្យរដ្ឋបរទេសឬបទចារកម្ម ពីសំណាក់តុលាការកន្លងមក។

នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ប្រចាំតំបន់អាស៊ីសេរី លោក Phil Robertson បានហៅការបន្តនីតិវីធីលើសំណុំរឿងអតីតវិទ្យុអាស៊ីសេរីទាំងពីរ  ថាជាការបន្តយកពួកគេជាចំណាត់ខ្មាំង ប្រឆាំងនិងស្ថាប័នសារព័ត៌មានដែលហ៊ានរិះគន់រដ្ឋាភិបាល។

លោកបន្តថា រដ្ឋាភិបាលគួរតែទម្លាក់ការចោទប្រកាន់និងបញ្ចប់ការយាយីតាមប្រព័ន្ធតុលាការ ប្រឆាំងទៅនឹងអ្នកកាសែតទាំងពីរនេះដោយឥតលក្ខខណ្ឌ។

យ៉ាងនេះក្តី សាលាឧទ្ធរណ៍នៅថ្ងៃនេះ បានសម្រេចពន្យាពេលប្រកាសសាលដីកាលើសំណុំរឿងរបស់បុគ្គលិកវិទ្យុអាស៊ីសេរីទាំងពីររូបនៅថ្ងៃនេះជាថ្មីទៀត ដោយថាសំណុំរឿងនេះ នឹងប្រកាសសាលដីកានៅថ្ងៃទី ២៨ មករា ខាងមុខ។

កាលពីថ្ងៃទី ៣ ខែតុលាឆ្នាំ ២០១៩ ចៅក្រមជំនុំជម្រះបានសម្រេចចេញសាលក្រមចាត់របៀបមួយ ដោយរុញឱ្យមានការស៊ើបអង្កេតករណីចារកម្មនេះឡើងវិញ ក្រោមហេតុផលថាតុលាការមិនមានភស្តុតាងគ្រប់គ្រាន់។

សមត្ថកិច្ចកម្ពុជាបានចាប់ខ្លួន លោក យាង សុធារិន្ទ និង លោក អួន ឈិន កាលពីថ្ងៃទី ១៤ ខែវិច្ឆិកាឆ្នាំ ២០១៧ មុនពេលរំលាយគណបក្សសង្រ្គោះជាតិ២ថ្ងៃ ហើយបួនថ្ងៃក្រោយមកសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់ទាំងពីរពីបទចារកម្ម។

ក្រោយឃុំខ្លួនជិត១ឆ្នាំ ពួកគេទាំងពីររូប ត្រូវបានតុលាការសម្រេចដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្នកាលពីខែសីហា ឆ្នាំ២០១៨។ ប៉ុន្តែអ្នកទាំងពីរបានស្នើឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់ពួកគេ ហើយការឃុំបន្តនីតិវិធីសំណុំរឿងរបស់ពួកគេដោយគ្មានថ្ងៃបញ្ចប់នេះ ជាការយកពួកគេជាចំណាត់ខ្មាំងនយោបាយ ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិសេរីភាព និងជីវភាពរបស់ពួកគេផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស