ឧបនាកយរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានប្រកាសថា គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០១៩ បានឈានដល់ចំណុចប្រកាសអាសន្ន។
ថ្លែងក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ នៅព្រឹកថ្ងៃទី២០ មករានេះ លោក ស ខេង បានវាយតម្លៃថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍កំពុងឈានដល់កម្រិតព្រួយបារម្ភ ដែលត្រូវការយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយ។
ការប្រកាសរបស់លោក ស ខេង នេះ ធ្វើឡើង ក្រោយពីចំនួនគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០១៩ មានការកើនឡើងខ្ពស់ បើធៀបនឹងឆ្នាំ២០១៨។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដដែល បានបង្ហាញបារម្ភពីភាពអវិជ្ជមាននៃគ្រោះថ្នាក់ចរាចរណ៍នេះ ដែលកំពុងកើតមានក្នុងពេលបច្ចុប្បន្ន និង បានបញ្ជាឱ្យមន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ចាត់វិធានការទប់ស្កាត់ និងបង្ការកុំឱ្យគ្រោះថ្នាក់ចរាចរណ៍កើនឡើង កាន់តែធ្ងន់ធ្ងរបន្ថែមទៀត។
លោក ស ខេង លើកឡើងថា ដើម្បីដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះឱ្យមានប្រសិទ្ធភាព មន្ត្រីទាំងអស់ ត្រូវពង្រឹងយន្តការច្បាប់ឱ្យបានតឹងរឹងនៅឆ្នាំ២០២០នេះ ក្នុងគោលដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ លោកក៏បង្ហើបពីបំណងក្នុងការធ្វើវិសោធន៍កម្មច្បាប់ចរាចរណ៍ផ្លូវគោកនូវមាត្រាខ្លះ ដោយឈានទៅដាក់ពិន័យធ្ងន់ធ្ងរដល់អ្នកបើកបរដែលមិនគោរពច្បាប់ រហូតដល់បញ្ឈប់ឬ ដកសិទ្ធិមិនឱ្យបុគ្គលនោះអាចបើកបរអស់មួយជីវិតផង ប្រសិនបើពួកគេមានកំហុសច្រើនដងឬ ធ្ងន់ធ្ងរ។
កាលពីឆ្នាំមុន លោក ស ខេង ធ្លាប់បានលើកឡើងអំពីភាពប្រកាសអាសន្ននៃចំនួនគ្រោះថ្នាក់ចរាចណ៍នៅកម្ពុជានេះផងដែរ។
នៅឆ្នាំ២០១៩កន្លងមក គ្រោះថ្នាក់ចរាចរនៅទូទាំងប្រទេសបានកើតឡើងចំនួនជាង៤ពាន់លើក(៤,១២១) ហើយលើកកើនឡើងជិត១ពាន់លើក(៨៤៥) ស្មើនឹង ២៦ភាគរយ បើធៀបនឹងឆ្នាំ២០១៨។
ចំណែកចំនួនមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៩វិញ មានជិត ២ពាន់នាក់ (១,៩៨១) ឬ គិតជាមធ្យមមានមនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ប្រមាណ៦នាក់ក្នុងមួយថ្ងៃ។
រីឯអ្នករងរបួសដោយគ្រោះថ្នាក់ចរាចណ៍វិញមានចំនួនជាង៦ពាន់នាក់(៦,១៤១)។ ចំណែកអត្រាអ្នកស្លាប់គឺ កើនឡើង ២២០នាក់ ឬស្មើនឹង ១២% ខណៈអ្នករងរបួសកើនឡើងជាង១ពាន់ ៣រយនាក់ (១,៣៧១)ឬស្នើនឹងប្រមាណ ២៩% បើធៀបឆ្នាំ២០១៨ កន្លងទៅ៕