អតីតមន្ត្រី និងសកម្មជនគណបក្សសង្រ្គោះជាតិនៅតែបន្តរងការប្រើប្រាស់អំពើហិង្សា ដោយក្រុមជនមិនស្គាល់មុខបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរជាបន្តបន្ទាប់។
ជាក់ស្តែងកាលពីថ្ងៃម្សិលមិញ អតីតសមាជិកក្រុមប្រឹក្សាសង្កាត់កាកាប១ មួយរូប គឺ លោក ខៀវ ឌិន ត្រូវបានជនដៃដល់មិនស្គាល់អត្តសញ្ញាណ វាយប្រហារពីក្រោយ ក្នុងពេលលោកកំពុងធ្វើដំណើរទៅយកចៅនៅក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បណ្តាលឱ្យរងរបួសបែកក្បាលធ្ងន់ធ្ងរ។
អនុប្រធានគណបក្សសង្រ្គោះជាតិនៅក្រៅប្រទេសលោក អេង ឆៃអ៊ាង បានលើកឡើងលើទំព័រហ្វេសប៊ុករបស់ខ្លួនថា គិតមកដល់ថ្ងៃ២០ ខែមករា ម្សិលមិញ មានសកម្មជនគណបក្សប្រឆាំងចំនួន ១៤នាក់ហើយដែលត្រូវបានជនដៃដល់នៃរដ្ឋាភិបាលក្រុងភ្នំពេញ វាយធ្វើបាប។
ករណីធ្វើទុក្ខបុកម្នេញមកលើមន្ត្រី និងសកម្មជនគណបក្សសង្រ្គោះជាតិឥតស្រាកស្រាន្តនេះ លោក អេង ឆៃអ៊ាង ថា សមត្ថកិច្ច មិនដែលស្រាវជ្រាវ ឬ ឈានទៅដល់ចាប់ឃុំខ្លួនជនដៃដល់យកមកផ្តន្ទាទោសម្តងណាឡើយ។
សាព័ត៌មាន VOD បានដកស្រង់សម្តីរបស់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក ម៉ន វុធី ចុះផ្សាយថា លោកនឹងឱ្យមន្ត្រីរបស់លោកចុះស្រាវជ្រាវករណីនេះ និងតាមរកជនដៃដល់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
មន្ត្រីអង្កេតជាន់ខ្ពស់ និងជាអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ករណីប្រើប្រាស់អំពើហិង្សាលើអតីតមន្ត្រី ឬ សកម្មជនគណបក្សសង្រ្គោះជាតិ មានច្រើនករណីចាប់តាំងពីឆ្នាំ២០១៩ មកទល់ពេលនេះ ប៉ុន្តែករណីទាំងនោះសមត្ថកិច្ចមិនបានបង្ហាញតម្រុយណាមួយឈានទៅរកចាប់ជនសង្ស័យនោះឡើយ។
លោកបន្តថា ប្រសិនបើករណីទាំងនេះ សមត្ថកិច្ចនៅតែមិនបង្ហាញចំណាត់ការផ្លូវច្បាប់ជាក់លាក់ ហើយចេះតែពន្យារពេល នឹងធ្វើឱ្យមានការសង្ស័យពីសាធារណជនជាតិ និងមជ្ឈដ្ឋានអន្តរជាតិ លើការអនុវត្តច្បាប់ថា មានភាពលម្អៀងឬ រើសអើងផ្នែកនយោបាយផងដែរ៕