35 C
Phnom Penh

លោក កឹម សុខា នៅតែអះអាងថា មិនបានឃុបឃិតជាមួយបរទេសមកបំផ្លាញកម្ពុជានោះឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយខុទ្ទកាល័យលោកកឹម សុខា គឺ លោក មុត ចន្ថា បានឡើងនៅលើគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា ប្រធានគណបក្សប្រឆាំងរូបនេះ នៅតែអះអាងថា តុលាការចោទរូបលោក ច្រឡំទាំងពេលកន្លងមក ពេលបច្ចុប្បន្ន និងទៅអនាគត។ លោកបន្តថា លោក កឹម សុខា មិនបានត្រូវរ៉ូវ ឬ ឃុបឃិត ជាមួយបរទេសដើម្បីមកបំផ្លាញខ្មែរឡើយ។

លោកថា  សូម្បីតែខ្មែរគ្នាឯងក៏ដោយ ដែលមានចេតនានាំឲ្យប្រទូសរ៉ាយខូចខាតដល់ប្រជាពលរដ្ឋខ្មែរ ឬនាំឲ្យមានការឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា គឺលោកមិនគាំទ្រជាដាច់ខាត។ ប្រភពដដែលលើកឡើងថា ការចោទប្រកាន់លោក គឺជាការយល់ច្រឡំប៉ុណ្ណោះ។

សារលោក កឹម សុខា បញ្ជាក់ថា ភាពអយុត្តិធម៌ នឹងនាំមកនូវការបែកបាក់ជាតិ ហើយការផ្សះផ្សា នឹងនាំមកនូវអធិបតេយ្យភាពដល់ជាតិផងដែរ។

សំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេស ឬ ក្បត់ជាតិ របស់លោក កឹម សុខា នឹងត្រូវបន្តបើកសវនាការជាថ្មីទៀតនៅថ្ងៃពុធ និងថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ បន្ទាប់ពីតុលាការបានបន្តនីតិវិធីកាលពីសប្តាហ៍មុន ក្រោមការរិះរិតត្បិតសិទ្ធិសេរីភាពក្នុងការចូលរួម ដោយតុលាការកំណត់អ្នកចូលរួមបានត្រឹម៣០នាក់ប៉ុណ្ណោះ។

ដោយឡែកនៅថ្ងៃនេះ សាលាដំបូងរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងដោយថា នឹងផ្តល់ជូនឱ្យសាធារណៈចំនួន១០នាក់បន្ថែមទៀត ដើម្បីបានចូលស្តាប់សវនាការរឿងនយោបាយមួយនេះ។

មន្ត្រីជាន់ខ្ពស់តុលាការសាលាដំបូងរាជធានីភ្នំពេញ ធ្លាប់ប្រាប់អ្នកសារព័ត៌មានថា ដោយសារសំណុំរឿងនេះគឺជារឿងធំ  តុលាការគ្រោងនឹងចំណាយពេលប្រមាណ៣ខែ ដើម្បីបើកសវនាការជំនុំជម្រះ។

យ៉ាងណាកាលពីសប្តាហ៍មុន អ្នកជំនាញអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងអ្នកជំនាញឯករាជ្យនៃអង្គការនេះ ពីររូបទៀតបានចេញសេចក្តីថ្លែងការណ៍មួយដោយជំរុញឱ្យតុលាការលោកហ៊ុន សែន ទម្លាក់ចោលការចោទប្រកាន់លើប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា។

បន្ថែមពីនេះ ពួកគេក៏បានលើកឡើងថា តុលាការកម្ពុជាក៏ត្រូវផ្តល់យុត្តិធម៌ដល់លោក កឹម សុខា តាមរយៈផ្តល់ជាសំណង ទូទាត់ការខូចខាតផ្នែកសិទ្ធិសេរីភាព ដែលរងការបំពាលបំពានរយៈពេលជាង២ឆ្នាំមកនេះ។

កាលពីថ្ងៃទី ១០ ខែមករា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាផង លោក                          ស ខេង បានថ្លែងថាជាបទពិសោធន៍ប្រវត្តិសាស្ត្រ ភាពអយុត្តិធម៌ គឺនាំឱ្យសង្គមជាតិបែកបាក់។ លោកយល់ថា ដើម្បីទប់ស្កាត់មិនឱ្យសង្គមជាតិបែកបាក់ គឺមានតែការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ឈានទៅរកការផ្តល់យុត្តិធម៌ដល់មនុស្សគ្រប់រូបក្នុងសង្គម។

លោក កឹម សុខា រងការគាបសង្កត់សិទ្ធិសេរីភាព សិទ្ធិនយោបាយជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០១៥ មក ដូចជាការជាប់ឃុំក្នុងស្នាក់ការគណបក្ស។ ការចាប់ដាក់ឃុំក្នុងគុកត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម និង ការបន្តជាប់ឃុំក្នុងផ្ទះជិត១ឆ្នាំ ដែលតុលាការទើបតែអនុញ្ញាតឱ្យលោកបានដើរហើរចេញពីផ្ទះបានកាលពីខែវិច្ឆិកា ឆ្នាំមុន។

ត្បិតតែលោក កឹម សុខា ត្រូវបានអនុញ្ញាតឱ្យដើរឆ្ងាយជាងមុនពិតមែន ប៉ុន្តែតុលាការនៅតែមិនអនុញ្ញាតឱ្យលោកអាចចេញទៅក្រៅប្រទេសបាន និងជាពិសេសនោះ គឺ មិនអនុញ្ញាតឱ្យលោកធ្វើសកម្មភាពនយោបាយនោះឡើយ៕  

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស