35 C
Phnom Penh

ក្រុមសហជីព នៅតែជំរុញឱ្យ​រដ្ឋាភិបាលលោក ហ៊ុន សែន ស្វែងរកឃាតករពិតដែលសម្លាប់ លោក ជា វិជ្ជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមសហជីព អង្គការសង្គមស៊ីវិល ព្រមទាំងកម្មករផងនៅតែអំពាវនាវឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ស្វែងរកយុត្តិធម៌ពិតប្រាកដ ករណីឃាតកម្មលើអតីតប្រធានសហជីពសេរីកម្មករកម្ពុជា លោក ជា វិជ្ជា កាលពី១៦ឆ្នាំមុន។

ការទទូចជាថ្មីទៀតនេះ ធ្វើឡើងក្នុងខួបគម្រប់១៦ ឆ្នាំនៃឃាតកម្មបាញ់សម្លាប់លោក ជា វិជ្ជា ដែលប្រារព្ធឡើងនៅមុខរូបសំណាក់របស់អតីតមេសហជីពរូបនេះនៅមុខវត្តលង្កា ក្បែរវិមានឯករាជ្យនៅព្រឹកនេះ ដោយមានអ្នកចូលរួមជាង១រយនាក់។

ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ក្នុងឱកាសដាក់កម្រងផ្កាគម្រប់ខួបនៃការបាញ់ប្រហារលើលោក ជា វិជ្ជា នៅព្រឹកនេះថា អតីតប្រធានសហជីពសេរីកម្មករកម្ពុជារូបនេះ                   បានផ្តល់ភាពជាគម្រូដល់ក្មេងជំនាន់ក្រោយ ចំពោះវីរៈភាពរបស់លោក ក្នុងការទាមទារសិទ្ធការងារ និងលក្ខខណ្ឌការងារប្រសើរសម្រាប់កម្មករ។

លោកថា លោក ជា វិជ្ជា មិនត្រឹមតែជាវីរៈជនការពារសិទ្ធិកម្មករប៉ុណ្ណោះទេ លោកក៏ជាវីរៈជនផ្នែកសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងបានផ្តល់ជាគម្រូនៃភាពអង់អាចក្លាហានរបស់ខ្លួនដល់ក្មេងជំនាន់ក្រោយទៀតផង។

ប៉ុន្តែលោករ៉ុង ឈុន ថា រយៈពេល១៦ ឆ្នាំមកនេះ យុត្តិធម៌ពិតប្រាកដសម្រាប់គ្រួសារលោក ជា វិជ្ជា នៅតែឆ្ងាយដូចជើងមេឃ។ លោកបន្តថាសំណុំរឿងនេះគឺមានជាប់ពាក់ព័ន្ធនឹងអ្នកមានអំណាចទៀតផង ទើបបានជាសំណុំរឿងនេះត្រូវបានពន្យារពេលរហូតមកពេលនេះ ដែលមិនអាចរកឃាតករ និងអ្នកនៅពីក្រោយខ្នងពិតប្រាកដឃើញ។

ដោយឡែក ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ក៏បានជំរុញឱ្យរដ្ឋាភិបាលស្វែងរកយុត្តិធម៌ជូនអតីតប្រធានសហជីពរូបនេះ និងមេសហជីពផ្សេងទៀត ដែលត្រូវបានឃាតករបាញ់សម្លាប់។ លោកបន្តថា ការធ្វើទុក្ខបុកម្នេញដល់ក្រុមសហជីពដែលការពារផលប្រយោជន៍កម្មករ គឺជារឿងគួរឱ្យស្អប់ខ្ពើម និងមិនគួរកើតឡើងនៅ         កម្ពុជាទៀតនោះឡើយ។

យ៉ាងណាក៏ដោយមន្ត្រីរដ្ឋាភិបាលធ្លាប់អះអាងប្រាប់អ្នកសារព័ត៌មានថា សំណុំរឿងនេះនៅមិនទាន់បញ្ចប់នៅឡើយទេ ដោយសមត្ថកិច្ចនិងតុលាការកំពុងបន្តនីតិវិធី ខណៈសង្គមស៊ីវិលយល់ថាលេសដោះសារតែប៉ុណ្ណោះ។

លោក ជា វិជ្ជា ត្រូវបានឃាតករបាញ់សម្លាប់នៅថ្ងៃទី ២២ មករា ឆ្នាំ២០០៤ មុខតូបលក់កាសែត ក្បែររបងវត្តលង្កា រាជធានីភ្នំពេញ។ ប៉ុន្មានខែមុនឃាតកបាញ់សម្លាប់ លោក ជា វិជ្ជា អតីតប្រធានសហជីពរូបនេះបានទទួលសារគំរាមសម្លាប់និងប្រាប់ឱ្យលោកចាកចេញពីប្រទេស កាលពីឆ្នាំ២០០៣ បន្ទាប់ពីលោកប្រកាសឱ្យសមាជិកសហជីពសេរីកម្មករទាំងអស់គាំទ្រគណបក្ស សម រង្ស៉ី។

ឃាតកម្មដ៏ធំមួយនេះ សមត្ថកិច្ចបានចាប់ខ្លួនបុរសពីរនាក់ ឈ្មោះ ប៊ន សំណាង និង សុខ សំអឿន ប៉ុន្តែសង្គមស៊ីវិលហៅថាជាឃាតករសប្បនិមិត្ត ឬក្លែងក្លាយ ហើយអតីតស្នងការក្រុងភ្នំពេញលោក ហេង ពៅ កាលពីឆ្នាំ២០០៦ ធ្លាប់អះអាងថាការចាប់ខ្លួនអ្នកទាំងពីរនេះ ធ្វើឡើងតាមបញ្ជារបស់អតីតអគ្គស្នងការនគរបាលជាតិលោក ហុង ឡងឌី។

លោក ប៊ន សំណាង និង សុខ សំអឿន ត្រូវបានតុលាការសម្រេចដោះលែងវិញកាលពីឆ្នាំ ២០១៣ បន្ទាប់ឃុំខ្លួនពួកគេទាំងអយុត្តិធម៌អស់រយៈពេលជិត១០ឆ្នាំ ដោយតុលាការរកឃើញថាពួកគេទាំងពីរនាក់មិនមានទោសនោះឡើយ ប៉ុន្តែតុលាការឬ រដ្ឋអំណាចមិនបានផ្តល់សំណងជួសជុលការខូចខាតទៅពួកគេនោះទេ។

អង្គការការពារសិទ្ធិមនុស្សលីកាដូ បានចេញផ្សាយអត្ថបទមួយនៅថ្ងៃនេះដោយកត់សម្គាល់ថា  ការប្រារព្ធទិវាបែបព្រះពុទ្ធសាសនាដើម្បីរំលឹកខួប១៦ឆ្នាំនៃការបាញ់ប្រហារលោក ជា វិជ្ជា ដោយសន្តិវិធីនេះ បានប្រព្រឹត្តទៅដោយស្ថិតនៅក្រោមការត្រួតពិនិត្យរបស់នគរបាល            មន្ត្រីស្លៀកពាក់ស៊ីវិល និងកងសន្ដិសុខខណ្ឌដូនពេញ ប្រមាណជាង៦០នាក់។

បន្ថែមពីនេះ លីកាដូ លើកឡើងថា អស់រយៈពេលជាង១ទសវត្សរ៍មកហើយ ឃាតករពិត និងអ្នកនៅពីក្រោយខ្នងមិនត្រូវបានយកមកផ្ដន្ទាទោសនៅឡើយទេ។ ផ្ទុយទៅវិញ បុរសគ្មានកំហុសពីររូបគឺលោក ប៊ន សំណាង និងលោក សុខ សំអឿន បែរជាត្រូវបានកាត់ទោស និងផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំដោយមិនត្រឹមត្រូវ មុនពេលតុលាការបដិសេធការផ្ដន្ទាទោសនេះចោលវិញ។

យ៉ាងណាក៏ដោយចុះ អំពើឃាតកម្មធំៗ តុលាការមិនអាចរកការពិតឃើញនោះទេ។ ករណីទាំងនោះ ដូចជាករណីឃាតកម្មលើតារាសម្តែង ពិសិដ្ឋ ពិលិ្លកា ក្នុងឆ្នាំ ១៩៩៩ ឃាតកម្ម លើព្រះសង្ឃ សំ ប៊ុនធឿន កាលពីឆ្នាំ២០០៣ ឃាតកម្មលើសកម្មជនព្រៃឈើ លោក ឈុត វទ្ធី កាលពីឆ្នាំ២០១២ និង ចុងក្រោយករណីឃាតកម្មលើអ្នកវិភាគសង្គមនិងនយោបាយ លោក បណ្ឌិត កែម ឡី កាលពីឆ្នាំ២០១៦ ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស