35 C
Phnom Penh

លោក ហ៊ុន សែន អះអាងថាមានតែ​ការចរចារទេ ទើបអាចដោះស្រាយ​បញ្ចប់បញ្ហាបាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន អះអាងថា មានតែការចរចាប៉ុណ្ណោះ ដែលអាចដោះស្រាយបញ្ចប់បញ្ហាបាន ហើយថាការប្រើប្រាស់អំពើហិង្សា មិនអាចដោះស្រាយបញ្ហាបាននោះទេ។

នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃម្សិលមិញ លោក ហ៊ុន សែន បានលើកឡើងថា លោកមិនមានជំនឿថាការប្រើកម្លាំង អាចដោះស្រាយបញ្ហាបានទេ។ ផ្ទុយទៅវិញលោកថា មានតែការចរចា កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍទេ ដែលដោះស្រាយរាល់បញ្ហាទាំងឡាយបាន។

ការលើកឡើងរបស់លោក ហ៊ុន សែន ធ្វើឡើង ក្នុងឱកាសជួបជាមួយ មេបញ្ជាការកងទ័ពជើងគោកប្រទេសសឹង្ហបុរី Goh Si Hou នៅវិមានសន្តិភាពកាលពីថ្ងៃម្សិលមិញ។

លោកលើកឡើងទៀតថា  កម្ពុជាកំពុងតែប្រឹងប្រែងធ្វើយ៉ាងណាកែប្រែព្រំប្រទល់កម្ពុជាជាមួយនឹងប្រទេសជិតខាងអាចក្លាយជាព្រំប្រទល់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ លើសពីនេះទៅទៀត គឺការកែប្រែតំបន់ ដែលធ្លាប់ជាអតីតសមរភូមិប្រយុទ្ធឲ្យទៅជាតំបន់ទីផ្សារ និងការអភិវឌ្ឍផងដែរ។

ការលើកឡើងរបស់លោក ហ៊ុន សែន ស្របពេលស្ថានភាពនយោបាយក្នុងតំបន់មួយចំនួនក្នុងពិភពលោកដូចជានៅតំបន់មជ្ឈឹមបូព៌ា ភាពតានតឹងនៅតំបន់ឧបទ្វីបកូរ៉េ និងបញ្ហាជម្លោះសមុទ្រចិនខាងត្បូងរវាងប្រទេសចិន ជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ានជាដើម។

ការលើកឡើងពីលទ្ធភាពចរចារនេះ ស្របពេលសហគមន៍អន្តរជាតិ ព្រមទាំង អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ ជាដើម កំពុងជំរុញឱ្យគណបក្សកាន់អំណាចដែលដឹកនាំដោយលោក ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិវិលទៅរកតុចរចារដើម្បីស្តារស្ថានការក្នុងប្រទេសកម្ពុជាឡើងវិញ ទប់ទល់ទៅនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចណាមួយកើតឡើង។

ទណ្ឌកម្មទាំងនោះ តាមរយៈនៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប និងប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP របស់សហរដ្ឋអាមេរិក ដែលភាពអនុគ្រោះពន្ធទាំងពីរនេះ ប្រសិនបើបាត់បង់មែន វានឹងធ្វើឱ្យកម្ពុជាត្រូវខាតបង់ទឹកប្រាក់ជាង១ពាន់លានដុល្លារ សហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗ។

ការខាតបង់នេះ អ្នកសេដ្ឋកិច្ចមើលឃើញថាជាការខាតបង់ធំធេងសម្រាប់សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន និងធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋរាប់លាននាក់ផងដែរ។

ក្រុមអ្នកឃ្លាំមើលយល់ថា វិបត្តិសេដ្ឋកិច្ច នឹងឈានទៅរកវិបត្តិសង្គមធ្ងន់ធ្ងរ ហើយនឹងឈានទៅជាវិបត្តិតំបន់ផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស