38 C
Phnom Penh

ការជំនុំជម្រះក្ដីដកតំណែងពីលោកត្រាំចាប់ផ្ដើមដោយព្រឹទ្ធសភាទាត់ចោលការសុំបន្ថែមសាក្សី និងឯកសារ ភស្តុតាង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការជំនុំជម្រះក្ដី ដែលនាំទៅរកការដកហូត តំណែង ប្រធានាធិបតីពីលោកដូណាល់ត្រាំបាន ចាប់ផ្ដើម ហើយ កាលពីថ្ងៃទី២១ ខែមករា ដែលជាថ្ងៃដំបូង នៅក្នុងសវនាការរបស់ព្រឹទ្ធសភាគ្រប់គ្រងដោយ គណបក្សសាធារនរដ្ឋ។

តាមបណ្ដាញផ្សាយព័ត៌មាន BBC  សវនាការរបស់ព្រឹទ្ធសភា បានបង្កអោយព្រឹទ្ធសភា មកពីគណបក្ស ប្រជាធិបតេយ្យ ជួបរឿងចម្រូងចម្រាស់ ដោយសារសេចក្ដីសម្រេចមួយបានទាត់ចោល ការស្នើសុំបន្ថែមសាក្សី និងឯកសារ ប្រឆាំងលោកត្រាំ ដែលសំឡេងទាត់ចោល មាន ៥៣ ទល់នឹង សំឡេងជំទាស់ ៤៧ ដែលនាំអោយព្រឹទ្ធសភាសម្រេច មិនអោយមានសាក្សី និងភស្តុតាងបន្ថែមទៀតឡើយ។

ប្រធានព្រឹទ្ធសភាសំឡេងភាគច្រើនមកពីបក្សសាធារណរដ្ឋ លោក Mitch McConnell  បានដាក់ចេញនូវបទបញ្ញតិ ដែលហាមឃាត់ការបង្ហាញខ្លួនរបស់ សាក្សីសំខាន់ៗក្នុងនោះរួមមានទាំងអតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន ប៊ូលតុន និងការបន្ថែមភស្តុតាងនៅក្នុងសវនាការ។ ការសម្រេចរបស់លោក McConnell ដូចនេះ បន្ទាប់ពី សមាជិក សភាបក្សសាធារណរដ្ឋដាក់សម្ពាធលើរូបលោក។

ទោះជាបែបនេះក្ដី ខាងសមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យ មើលឃើញថា នេះគ្រាន់តែជាការជួយបិទបាំងបទឧក្រិដ្ឋរបស់លោក ដូណាល់ ត្រាំ តែប៉ុណ្ណោះ ។

សវនាការនៅក្នុងព្រឹទ្ធសភាអាមេរិក ត្រូវធ្វើឡើង ៦ម៉ោងក្នុងមួយថ្ងៃ ហើយ ៦ថ្ងៃក្នុងមួយសប្ដាហ៍។ ចំណែកប្រធានក្រុមប្រឹក្សាជំនុំជម្រះក្ដី គឺ លោក John Roberts ប្រធានតុលាការកំពូល។

នៅមុនសវនាការរបស់ព្រឹទ្ធសភា ចាប់ផ្ដើម នេះ  បណ្ដាញផ្សាយព័ត៌មាន របស់អាមេរិក CNNកាលពីថ្ងៃទី២១មករា បានផ្សព្វផ្សាយអំពីលទ្ធផលនៃ ការស្ទង់មតិមួយរបស់ខ្លួន។

តាម CNN  លទ្ធផល បង្ហាញថា ប្រជាជនអាមេរិក ៥១ភាគរយ ចង់ឃើញព្រឹទ្ធសភា បោះឆ្នោតគំាទ្រលើការចោទប្រកាន់ និងដកលោក ដូណាល់ ត្រាំ ចេញពីតំណែងជា ប្រធានាធិបតីអាមេរិក តែ ៤៥ភាគរយ យល់ថាព្រឹទ្ធសភាគួរតែបោះឆ្នោតប្រឆាំងនឹងនីតិវិធី និងការប៉ុនប៉ងដកតំណែងពីលោកត្រាំដោយសមាជិកសភា នៃគណបក្សប្រជាធិបតេយ្យ។

ការស្ទង់មតិរបស់ CNN ធ្វើឡើងដោយក្រុមហ៊ុនស្ទង់មតិ និងស្រាវជ្រាវទីផ្សារ SSRS បានធ្វើទៅលើ ប្រជាជនអាមេរិកចំនួន១ពាន់ ១៥៦នាក់ រយៈពេល៤ថ្ងៃ ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩មករា។

តាមរបាយការណ៍នៃការស្ទង់មតិនេះ គឺប្រជាជនអាមេរិក ៤៨ភាគរយចង់ឱ្យមានសាក្សីថ្មី តែ៤៤ភាគរយថាមិនចាំបាច់ ដោយពួកគេមិនចង់ឱ្យមានសាក្សីថ្មីបន្ថែមទៀតនោះទេ។ បណ្ដាញផ្សាយព័ត៌មាន CNNអះអាងថា ការស្ទង់មតិនេះ គឺជាការស្ទង់មតិថ្នាក់ជាតិធំបំផុតនិង ជាលើកដំបូងអំពីស្ថិតរភាពនៃតំណែងប្រធានាធិបតី ចាប់តាំងពីលោកដូណាល់ត្រាំចូលកាន់តំណែងនេះ នៅខែមករា ឆ្នាំ ២០១៧ ។

នេះគឺជាលើកទី៣ហើយដែលប្រធានាធិបតីអាមេរិក បានឆ្លងកាត់ការជំនុំជម្រះឈានដល់ដកហូតតំណែងប្រធានាធិបតី បន្ទាប់ពី លោក Bill Clinton ក្នុងឆ្នាំ ១៩៩៩ និងលោក Andrew Johnson ក្នុងឆ្នាំ ១៨៦៨។ សម្រាប់លោក ដូណាល់ ត្រាំ ទំនងព្រឹទ្ធសភានឹងសម្រេចឲ្យរួចខ្លួនពីការចោទប្រកាន់ដោយសំឡេងភាគច្រើនសាធារណរដ្ឋក្នុងព្រឹទ្ធសភាក្នុងសវនាការ ។

តាមប្រភពរបស់ BBC សវនាការអាចប្រើពេល ២សប្ដាហ៍ តែព្រឹទ្ធសភា កំពុងព្យាយាម កាត់ពេលវេលាអោយខ្លីជាងនេះ។

ខណៈសវនាការ កំពុងតែប្រព្រឹត្តទៅ គឺលោក ត្រាំ ឯនោះវិញ កំពុង ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos នៃប្រទេសស្វីស។

លោកប្រធានាធិបតី បានបន្តចាត់ទុកការការចោទប្រកាន់ឈានដល់បើកនីតិវិធីរបស់ព្រឹទ្ធសភាដកហូតតំណែងលោក ថា ជាការបោកបញ្ឆោត គ្មានខ្លឹមសារហើយ សមាជិកសភា បក្សប្រជាធិបតេយ្យ មានពេលទំនេរច្រើនទើបដាក់របៀវារៈប្រឆាំងរូបលោក។

លោកត្រាំ ត្រូវបានសមាជិកសភា បក្សប្រជាធិបតេយ្យ ចោទលោក ចំនួន ២ករណី គឺទីមួយ បំពានអំណាចរដ្ឋ និងទី២ រារាំងដំណើរការនីតិវិធីស៊ើបអង្កេតរបស់សភាករណីប្រឆាំងរូបលោក ពាក់ព័ន្ធនឹងរឿងរ៉ាវ ជាមួយ ប្រទេសអ៊ុយក្រែន ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស