ក្រសួងសុខាភិបាលកម្ពុជាអះអាងថា ជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាវីរុសដែលផ្ទុះឡើងដំបូងនៅទីក្រុងវូហាន ប្រទេសចិន បណ្តាលឱ្យមានមនុស្សក្នុងទីក្រុងមួយនេះស្លាប់១៧នាក់ហើយ ប៉ុន្តែជំងឺនេះមិនទាន់មានកើតឡើងក្នុងប្រទេសកម្ពុជាឡើយ។
នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានលើកឡើងលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះថា មេរោគនេះក្រៅពីបានសម្លាប់មនុស្សនៅទីក្រុង វូហានចំនួន១៧នាក់ មេរោគនេះ បានឆ្លងចូលទៅខេត្តក្រុងដទៃក្នុងប្រទេសចិន ចំនួន ១៣ផងដែរ។
ប្រភពដដែលបន្តថា បញ្ហានេះ រដ្ឋាភិបាលចិនបានបិទការធ្វើដំណើរចេញចូលរបស់ប្រជាជននៅក្រុងវូហាន ដើម្បីការពារការរីកសាយភាយជំងឺប្រភេទថ្មីនេះទៅក្រៅបន្ថែមទៀត។
ក្រសួងអះអាងថា មកទល់ពេលនេះជំងឺនេះ បានកើតឡើងចំនួនជិត៦រយករណី(៥៨១) ដោយក្នុងនោះមាននៅប្រទេសចិនចំនួន៥៧១ករណី ប្រទេសថៃ ៤ ករណី ប្រទេសជប៉ុន១ ករណី ប្រទេសកូរ៉េខាងត្បូង១ ករណី សហរដ្ឋអាមេរិក១ករណី ហុងកុង១ករណី នៅទីក្រុងម៉ាកាវ ១ករណី និងកោះតៃវ៉ាន់១ករណី។
យ៉ាងនេះក្តី ក្រសួងសុខាភិបាលអះអាងថា សម្រាប់ប្រទេសកម្ពុជាវិញ ពុំទាន់រកឃើញករណីជំងឺនេះនៅឡើយទេ។
ប្រភពដដែលឱ្យដឹងថា ជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាវីរុសគឺ មានការឆ្លងពីមនុស្សទៅមនុស្សទៀតផង ហើយអ្នកស្លាប់កន្លងមកភាគច្រើនមានអាយុច្រើននិងមានជំងឺរ៉ាំរ៉ៃជាប់ខ្លួន។
ប្រភេទមេរោគ កូរ៉ូណាវីរុសថ្មី
រកឃើញដំបូងនៅថ្ងៃទី ៧ មករា ២០២០ នៅទីក្រុងវូហាន ក្នុងផ្សារលក់គ្រឿងសមុទ្រមួយ
ប៉ុន្តែគេនៅមិនទាន់ដឹងថាមេរោគជំងឺប្រភេទថ្មីនេះមានប្រភពមកណានោះប្រាកដនោះ ឡើយ។
រោគសញ្ញាជំងឺរលាកសួតកូរ៉ូណាវីរុសនេះ រួមមាន គ្រុនក្តៅឬមានប្រវត្តិគ្រុនក្តៅលើសពី៣៨អង្សាសេ ក្អក ករណីធ្ងន់ធ្ងរមានហត់ឬពិបាកដកដង្ហើមជាដើម។
ក្រសួងសុខាភិបាលកម្ពុជាណែនាំថា ករណីសង្ស័យ
រាល់អ្នកដំណើរមានរោគសញ្ញាគ្រុនក្តៅឬមានប្រវត្តិគ្រុនក្តៅ ក្អក ហត់ឬពិបាកដកដង្ហើម
និងមានប្រវត្តិមកពីទីក្រុងវូហាន ដែលជាកន្លែងរកឃើញជំងឺនេះដំបូងគេឬ
តំបន់ដែលកំពុងផ្ទុះជំងឺនេះផ្សេងទៀត ក្នុងកំឡុងពេល១៤ថ្ងៃ
សូមរកការព្យាបាលនៅមន្ទីរពេទ្យជិតបំផុត
និងប្រាប់គ្រូពេទ្យអំពីប្រវត្តន៏នៃការធ្វើដំណើរផងដែរ។
បន្ថែមពីនេះ ក្រសួងណែនាំថា មិនត្រូវប៉ះពាល់សត្វរស់
ហើយមិនត្រូវទៅកន្លែងផ្ទុះជំងឺ និងទីផ្សារនៅក្នុងទីក្រុងដែលរៀបរាប់ខាងលើ។
ឧស្សាហ៏លាងដៃជាមួយសាប៊ូនិងទឹក ឬជាមួយហ្សែលកុំប៉ះពាល់អ្នកជំងឺ
ឬមន្ទីរពេទ្យមានអ្នកជំងឺប្រភេទនេះ។
ពលរដ្ឋត្រូវហូបសាច់និងពងសត្វដែលចំអិនឆ្អិនល្អ ហើយរាល់ពេលក្អក ឬកណ្តាស់ ត្រូវប្រើក្រដាសឬកន្សែងខ្ទប់មុខ។ ករណីសង្ស័យឬចង់ដឹងព័ត៌មានបន្ថែមពលរដ្ឋអាចរាយការណ៍ទៅមន្ត្រីភ្នាក់ងារក្រសួងតាមរយៈលេខ១១៥។ ចំណែកក្រសួងសុខាភិបាលវិញ ក៏បានដាក់ចេញវិធានការមួយចំនួនដូចជាតាមដាន និងឃ្លាំមើលអ្នកដំណើរដោយប្រើម៉ាស៊ីនស្ទង់កម្តៅ ជាពិសេសអ្នកដំណើរដែលមកពីទីក្រុងរៀបរាប់ខាងលើ។
ក្រសួងសុខាភិបាលបញ្ជាក់ថា
មានមន្ទីរពិសោធន៏ជាតិត្រៀមជាស្រេចដើម្បីរកអត្តសញ្ញាណមេរោគថ្មីនេះ នឹងមាន
ក្រុមជំនាញសុខាភិបាលជាង២០០០
នាក់ដែលបានបណ្តុះបណ្តាលរួចជាស្រេចក្នុងការតាមដាននិងឆ្លើយតប
ចំពោះការកើតឡើងជាយថាហេតុផងដែរ៕