31 C
Phnom Penh

មេធាវីការពារក្តីលោក កឹម សុខា អះអាងថា កូនក្តីខ្លួនធ្វើសកម្មភាពដើម្បីលទ្ធិ​ប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស គ្មាន​បំណង​ផ្តួលរំលំ រដ្ឋាភិបាលឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមេធាវីការពារក្តីប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា អះអាងថា អំឡុងពេលតុលាការចោទប្រកាន់ពីឆ្នាំ១៩៩៣ រហូតដល់២០០៧ គឺ កូនក្តីរបស់ខ្លួន ធ្វើសកម្មភាពទាំងឡាយដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ ហើយគ្មានបំណងណាទៅផ្តួលរំលំរដ្ឋាភិបាលដោយហិង្សានោះឡើយ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃនេះ មេធាវីមួយរូបក្នុងចំណោសហមេធាវីការពារក្តីលោក កឹម សុខា ផ្សេងទៀត គឺលោក ចាន់ ចេន អះអាងថា កូនក្តីរបស់ខ្លួនបានបដិសេធគ្រប់យ៉ាងចំពោះការចោទប្រកាន់ថាលោក ធ្វើសកម្មភាពចង់ផ្តួលរំលំរដ្ឋាភិបាល។

ផ្ទុយទៅវិញលោក កឹម សុខា បានធ្វើសកម្មភាពគ្រប់យ៉ាងតាំងពីធ្វើនយោបាយ ហើយត្រឡប់មកដឹកនាំមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងត្រឡប់មកចូលធ្វើនយោបាយរហូតមកទល់ពេលបច្ចុប្បន្ន គឺជាការសកម្មភាពលើកកម្ពស់សិទ្ធិមនុស្ស ស្តារលទ្ធិប្រជាធិបតេយ្យ និងពង្រឹងនីតិរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ និងស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ទៀតផង។  

លោកបន្តថា កូនក្តីរបស់ខ្លួនមានគោលបំណងចង់បានការផ្លាស់ប្តូរដោយការបោះឆ្នោត ដោយសន្តិវិធី និងអហិង្សា ហើយគ្មានចេតនាចង់ឱ្យមានការផ្លាស់ប្តូរសង្គមនេះដោយហិង្សាម្តងណាឡើយ។

លោក មេធាវី ចាន់ ចេន យល់ថា តាមរយៈវីដេអូពេញរយៈពេល១ម៉ោង៣នាទី ស្តីពីការជួបអ្នកគាំទ្ររបស់លោក កឹម សុខា នៅប្រទេសអូស្រ្តាលី នឹងធ្វើឲ្យកូនក្តីរបស់លោកទទួលបានយុត្តិធម៌។

យ៉ាងនេះក្តីសម្រាប់មេធាវីការពារក្តីរបស់រដ្ឋាភិបាលដែលដឹកនាំដោយលោក គី តិច វិញ លើកឡើងថាតុលាការនិងខាងលោកបានទទួលបានភស្តុតាងរឹងមាំបន្ថែមទៀត ដើម្បីដាក់បន្ទុកលើលោក កឹម សុខា តាមរយៈការបង្ហោះសារ និងរូបភាព ព្រមទាំងការអះអាងផ្ទាល់ពីសំណាក់អតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ។

លោក គី តិច អះអាងប្រាប់អ្នកកាសែតថា ខាងតុលាការ រួមទាំងខាងលោកផង នឹងប្រមូលភស្តុតាងដាក់បន្តុកលើលោក កឹម សុខា ដែលនឹងធ្វើឱ្យជនជាប់ចោទរូបនេះមិនអាចគេចផុតពីការដាក់ទោសទណ្ឌបានឡើយ។ 

លោកក៏អរគុណ លោក សម រង្ស៊ី ចំពោះការបញ្ចេញឯកសារផ្សេងៗ ដើម្បីបង្កភាពងាយស្រួលដល់តុលាការ និងមេធាវីរដ្ឋាភិបាល ដោយមិនបាច់ចំណាយពេលឬ ធនធានទៅស្រាវជ្រាវរកភស្តុតាងមកដាក់បន្ទុកលោក កឹម សុខា បន្ថែមទៀត។

បន្ថែមពីនេះ លោកថា តុលាការកំពុងបែងចែកសំណុំរឿងបន្ថែមទៀត ដោយមួយពាក់ព័ន្ធនឹងលោក កឹម សុខា និង មួយទៀត ពាក់ព័ន្ធអំពើក្បត់ជាតិរបស់លោក សម រង្ស៊ី ។

យ៉ាងណាក៏ដោយចុះ សំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេស ឬទោសក្បត់ជាតិរបស់លោក កឹម សុខា ត្រូវបានសហគមន៍អន្តរជាតិចាត់ទុកថាជារឿងនយោបាយ និងជាការក្លែងបន្លំ ព្រមទាំងអយុត្តិធម៌បំផុតសម្រាប់លោក កឹម សុខា។

កាលពីសប្តាហ៍មុន អ្នកជំនាញឯករាជ្យរបស់អង្គការសហប្រជាជាតិចំនួន៣រូប បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ទម្លាក់ចោលបទចោទប្រកាន់លើលោក កឹម សុខា ហើយក៏ទាមទារឱ្យរដ្ឋអំណាចមួយនេះ ផ្តល់សំណងជួសជុលការខូចខាតទាំងឡើយដល់ប្រធានគណបក្សប្រឆាំងរូបនេះ ដែលរងការធ្វើទុក្ខបុកម្នេញ និងបំបិទសិទ្ធិសេរីភាពតាមផ្លូវតុលាការជាង២ឆ្នាំមកនេះ។

សំណុំរឿងលោក កឹម សុខា ត្រូវបានបើកសវនាការចំនួន៤ថ្ងៃមកហើយ ដោយចាប់ផ្តើមកាលពីថ្ងៃទី ១៥ ខែមករា សប្តាហ៍មុន ហើយសំណុំរឿងនេះ តុលាការអះអាងថាគ្រោងនឹងធ្វើឡើងរយៈពេល៣ខែ ព្រោះថាជាសំណុំរឿងធំ ដែលត្រូវបើកសវនាការចំនួន២ថ្ងៃក្នុង១សប្តាហ៍៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស