32 C
Phnom Penh

សន្ទស្សន៍អំពើពុករលួយឆ្នាំ២០១៩ បង្ហាញថា អំពើពុករលួយនៅ កម្ពុជានៅតែ​ស្ថិតក្នុង​ស្ថានភាពអាក្រក់ដដែល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សន្ទស្សន៍នៃអំពើពុករលួយឆ្នាំ២០១៩ បានបង្ហាញថា កម្ពុជាទទួលបានពិន្ទុទាបដូចទៅនឹងពិន្ទុកាលពីឆ្នាំ២០១៨ ដែលបញ្ជាក់ថាស្ថានភាពអំពើពុករលួយនៅកម្ពុជានៅតែស្ថិតក្នុងភាពអាក្រក់។

របាយការណ៍សកលទាក់ទងនឹងសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ ដែលផ្សាយដោយអង្គការតម្លាភាពអន្តរជាតិនៅថ្ងៃព្រហស្បត្តិ៍នេះ បង្ហាញថា កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី១៦២ ក្នុងចំណោម១៨០ប្រទេស  ដែលជាចំណាត់ថ្នាក់ប្រទេសមានអំពើពុករលួយខ្លាំងដដែល។ កាលពីឆ្នាំ២០១៨ កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី១៦១ ក្នុងចំណោម១៨០ប្រទេសដដែល។

របាយការណ៍ដដែលនេះ បង្ហាញទៀតថា ពិន្ទុ០ គឺសំដៅដល់ជាប្រទេសមានអំពើពុករលួយខ្លាំងបំផុត ហើយពិន្ទុ១០០ បង្ហាញថាជាប្រទេសគ្មានអំពើពុករលួយឬ ជាប្រទេសស្អាតស្អំបំផុត។

ពិន្ទុ២០ ដែលកម្ពុជាទទួលបាននេះ គឺ ដូចគ្នាទៅនឹងពិន្ទុអង្គការមួយនេះ បានផ្តល់ជូនប្រទេសកម្ពុជាកាលពីឆ្នាំ២០១៨ ដែលបង្ហាញថា២ឆ្នាំមកនេះ កម្ពុជានៅតែជាប្រទេសមានអំពើពុករលួយខ្លាំង និងគ្មានការវិវត្តន៍ប្រសើរបន្តិចសោះឡើយ។

អង្គការតម្លាភាពអន្តរជាតិ បានអះអាងថា ពិន្ទុ២០ដែល កម្ពុជាទទួលបាន គឺបញ្ជាក់ថា កម្ពុជាជាប្រទេសមានអំពើពុករលួយខ្លាំងជាងបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ឬ ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ាន និងចំណាត់ទាបបំផុតលំដាប់ទី៣នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ក្នុងប្រទេសអាស៊ាន ប្រទេសសិង្ហបុរីឈរនៅចំណាត់ថ្នាក់ខ្ពស់ជាងគេគឺទទួលបានចំណាត់ថ្នាក់លេខ៤ ដែលទទួលបានពិន្ទុ៨៥។ ចំណែកប្រទេសក្នុងតំបន់អាស៊ានតាមពីក្រោយប្រទេសសិង្ហបុរី គឺប្រទេសព្រុយណេ ដែលមានពិន្ទុ៦០  រីឯប្រទេសឡាវ និងមីយ៉ាន់ម៉ា មានពិន្ទុ២៩ ដូចគ្នា ដែលជាចំណាត់ល្អជាងកម្ពុជាផងដែរ។

ក្នុងចំណោម១៨០ប្រទេសក្នុងតារាងសន្ទស្សន៍នេះ ចំណាត់ថ្នាក់លេខ១ស្ទូន គឺប្រទេសដាណឺម៉ាក និងនូវែលសេឡង់ ដែលមានពិន្ទុ៨៧ ខណៈចំណាត់ថ្នាក់អន់បំផុតគឺប្រទេសសូម៉ាលីដែលមានត្រឹម៩ពិន្ទុ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស