នៅក្នុងដំណើរទស្សនកិច្ច នៅអឺរ៉ុប ជាលើកដំបូង លោក វ័នកៃដូមេបក្សប្រឆាំង នៃប្រទេសវេណេហ្សូអេឡា ដែលកំពុងហែកហួរដោយ វិបត្តិនយោបាយនិងសេដ្ឋកិច្ច។ លោកបានជួប ជាច្រើន ជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់ សហភាពអឺរ៉ុប ក្នុងនោះ មានទាំងប្រមុខគោលនយោបាយការបរទេស សហភាពអឺរ៉ុប លោក Josep Borrell ផងដែរ។
សេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP បានអោយដឹងថា ជំនួបកំពូលនេះ ធ្វើឡើងនៅ ទីក្រុង ប្រ៊ូសហ្សែល ប្រទេសប៊ែលហ្សិក មុនលោកកៃដូ មកថ្លែងសុន្ទកថានៅ ឯវេទិកា សេដ្ឋកិច្ចពិភពលោក នៅក្រុងដាវុស ប្រទេសស្វីស។
ដំណើរទស្សនកិច្ចរបស់លោកវ័នកៃដូនៅ ក្រៅប្រទេសនេះ គឺដើម្បី អោយសហគមន៍អន្តរជាតិ បន្តពង្រឹងការដាក់សម្ពាធកាន់តែ ខ្លាំងលើរបបលោកប្រធានាធិបតីនីកូឡាស់ម៉ាឌូរ៉ូ ដែលឈានទៅដល់ការបោះឆ្នោត ប្រធានាធិបតីឡើងវិញ។
លោក Josep Borrell ប្រធានគោលនយោបាយ សហភាពអឺរ៉ុប បាននិយាយប្រាប់លោក កៃដូថា សហភាពអឺរ៉ុប មិនអាចបំភ្លេចបានទេ ការជំរុញអោយមាន ការផ្ទេរអំណាចតាមបែបប្រជាធិបតេយ្យ ត្រឹមត្រូវ នៅប្រទេសវេណេហ្សូអេឡា។
លោកបញ្ជាក់ថាសហភាពអឺរ៉ុប មិនចង់ឃើញ ប្រទេស និងប្រជាជន វេណេហ្សូអេឡា ធ្លាក់ក្នុង វិបត្តិដូចនេះទេ។ សម្រាប់លោកកៃដូ នៅតែទទូចថា របបលោកម៉ាឌូរ៉ូ មិនគួរទុកអោយបន្តរស់រៀនទៅមុខទៀតទេ ព្រោះប្រជាជនរងទុក្ខវេទនាខ្លាំងណាស់។
នៅទីបំផុត ជំនួបរវាងមេបក្សប្រឆាំង វេណេហ្សូអេឡា និងប្រមុខគោលនយោបាយការបរទេស សហភាពអឺរ៉ុប បាននាំមកនូវ សេចក្ដីថ្លែងការណ៍រួមមួយដោយ ជំរុញអោយមានស្ដារបបប្រជាធិបតេយ្យ ឡើងវិញ នៅវេណេហ្សូអេឡា ដោយមានសហគមន៍អន្តរជាតិ ជួយរៀបចំការបោះឆ្នោតទោះជាបោះឆ្នោត សភា ឬប្រធានាធិបតីក៏ដោយ។
ក្រៅពី ជំនួបជាមួយ លោក ប្រមុខគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកវ័នកៃដូ ក៏បាន ជួបជាច្រើន ទៀតជាមួយ សមាជិកសភា និងមន្ត្រីគណៈកម្មការសហភាពអឺរ៉ុប។
លោក វ័នកៃដូ គឺជាមេដឹកនាំបក្សប្រឆាំងនៃប្រទេសវេណេហ្សូអេឡា ដែល សហគមន៍អន្តរជាតិនាំមុខដោយសហរដ្ឋអាមេរិក ជាង៥០ប្រទេស ដែលសុទ្ធសឹងជាប្រទេសប្រជាធិបតេយ្យ ជឿនលឿនគាំទ្រលោក។ ប្រទេសទាំងនោះ ទទួលស្គាល់ ឋានៈលោកវ័ន្តកៃដូ ជាប្រមុខរដ្ឋស្ដីទី នៃប្រទេសវេណេហ្សូអេឡា។
កាលពី ថ្ងៃទី២២ មករា លោកបានជួបនឹងថ្នាក់ដឹកនាំ ប្រទេសអង់គ្លេស ក្នុងនោះ មានទាំងនាយករដ្ឋមន្ត្រី Boris Johnson ផងដែរ។ ក្នុងទស្សនកិច្ចនៅក្រុងឡុងដុង លោក ក៏ទទួលបាន ការសន្យាពីរដ្ឋាភិបាលអង់គ្លេសក្នុងការ ជួយជំរុញអោយមានការបោះឆ្នោត ប្រធានាធិបតីនៅប្រទេសវេណេហ្សូអេឡាឡើងវិញដែរ។
មុន ទៅដល់អឺរ៉ុប លោក កៃដូបានជួប ប្រធានាធិបតី កូឡំប៊ី និង រដ្ឋមន្ត្រីការបរទេស អាមេរិក Mike Pompeo នៅក្នុងប្រទេសកូឡំប៊ី។ លោក Mike Pompeo បានអះអាងថា លោកប្រធានាធិបតី ដូណាល់ត្រាំ បានគាំទ្រ លោកកៃដូទាំងស្រុង ឋានៈជាប្រមុខរដ្ឋនៃប្រទេស វេណេហ្សូអេឡា។លោក Mike Pompeo ក៏បានសន្យាជួយរុញបញ្ចប់របបលោកម៉ាឌូរ៉ូអោយបានឆាប់បំផុត។
ក្រោយលោក ទៅចូលរួមវេទិកា សេដ្ឋកិច្ចពិភពលោក នៅប្រាំទេសស្វិស លោកកៃដូ នឹងទៅកាន់ប្រទេសអេស្ប៉ាញ ដើម្បី ជួបថ្នាក់នាំមួយចំនួននៃប្រទេសអឺរ៉ុបមួយនេះ។
ចំណែកនៅទីក្រុងវ៉ាស៊ីនតោនឯនោះវិញ សន្និសីទអន្តរជាតិមួយ នឹងធ្វើឡើង នៅថ្ងៃទី២៤ មករា ស្ដីអំពី ស្ថានភាពចុងក្រោយនៃប្រទេសវេណេហ្សូអេឡា។ សន្និសីទនេះ រៀបចំដោយក្រសួងការបរទេសអាមេរិក។
យ៉ាងណា លោកកៃដូ កំពុងតែប្រឈមនឹងការរារាំងពីសំណាក់អាជ្ញាធរនៃរបបលោកម៉ាឌូរ៉ូ ដែលមិនចង់អោយលោកវិលចូលប្រទេសវេណេហ្សូអេឡា វិញនោះទេ។ នៅខណៈ លោកកំពុងស្ថិតនៅក្រៅប្រទេស គឺការិយាល័យ របស់លោកនៅរដ្ឋធានីការ៉ាកាស ត្រូវបាន ឆ្មាំសន្តិសុខ របស់លោកម៉ាឌូរ៉ូ ចូលលុកលុយនិងកាន់កាប់។
លោកៃដូចាត់ទុកថាជាការបំពាបំពានសិទ្ធិរបស់លោកធ្ងន់ធ្ងរណាស់ចំពោះរូបលោក ជាប្រធានរដ្ឋសភា ។ ទោះដូចនេះក្ដីលោកកៃដូប្រកាសថា នឹងត្រឡប់ទៅប្រទេសរបស់លោកវិញ ក្រោយលោកបញ្ចប់ទស្សនកិច្ចរួចរាល់ហើយនោះ៕