29 C
Phnom Penh

វីរុសផ្តាយសាយប្រភេទថ្មីអាចឆ្លងពីសត្វប្រជៀវ ឬសត្វពស់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រនេះឲ្យដឹងថា ការចាត់ទុកជំងឺផ្លូវដង្ហើមបង្កឡើងដោយវីរុសកូរ៉ូណាថ្មី (coronavirus) នៅប្រទេសចិន ជាការព្រួយបារម្ភថ្នាក់អន្តរជាតិនោះ ហាក់ដូចជាធ្វើឡើងលឿនបន្តិចហើយ។

អង្គការឲ្យដឹងថាករណីឆ្លងពី មេរោគនេះ អាចកើនឡើងកាន់តែច្រើន ស្របពេលដែលវីរុសថ្មីនេះ ស្ថិតក្នុងភាពអាថ៌កំបាំងនៅឡើយ។

វីរុសកូរ៉ូណាថ្មី (coronavirus) បានសម្លាប់មនុស្សកើនដល់២៥នាក់នៅក្នុងប្រទេសចិន រីឯចំនួនអ្នកឆ្លងបានកើនដល់ទៅជាង ៨រយនាក់។ វីរុសថ្មីនេះឆ្លងទៅដល់ប្រទេសថៃ វៀតណាម សិង្ហបុរី កោះតៃវ៉ាន់ កូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក។ ប៉ុន្តែរហូតមកទល់ពេលនេះ មិនទាន់មានសេចក្ដីរាយការណ៍ពីចំនួនអ្នកស្លាប់ឡើយ។

ចំណែកក្រសួងសុខាភិបាលកម្ពុជាអះអាងថា ជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាវីរុសដែលផ្ទុះឡើងដំបូងនៅទីក្រុងវូហាន ប្រទេសចិន នោះមិនទាន់មានកើតឡើងក្នុងប្រទេសកម្ពុជាឡើយ។

ជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាវីរុសគឺ មានការឆ្លងពីមនុស្សទៅមនុស្សទៀតផង ហើយអ្នកស្លាប់កន្លងមកភាគច្រើនមានអាយុច្រើននិងមានជំងឺរ៉ាំរ៉ៃជាប់ខ្លួន។
ប្រភេទមេរោគ កូរ៉ូណាវីរុសថ្មី រកឃើញដំបូងនៅថ្ងៃទី ៧ មករា ២០២០ នៅទីក្រុងវូហាន ក្នុងផ្សារលក់គ្រឿងសមុទ្រមួយ ប៉ុន្តែគេនៅមិនទាន់ដឹងថាមេរោគជំងឺប្រភេទថ្មីនេះមានប្រភពមកណានោះប្រាកដនោះឡើយ។

រោគសញ្ញាជំងឺរលាកសួតកូរ៉ូណាវីរុសនេះ រួមមាន គ្រុនក្តៅឬមានប្រវត្តិគ្រុនក្តៅលើសពី៣៨អង្សាសេ ក្អក ករណីធ្ងន់ធ្ងរមានហត់ឬពិបាកដកដង្ហើមជាដើម។

ក្រសួងសុខាភិបាលកម្ពុជាណែនាំថា ករណីសង្ស័យ រាល់អ្នកដំណើរមានរោគសញ្ញាគ្រុនក្តៅឬមានប្រវត្តិគ្រុនក្តៅ ក្អក ហត់ឬពិបាកដកដង្ហើម និងមានប្រវត្តិមកពីទីក្រុងវូហាន ដែលជាកន្លែងរកឃើញជំងឺនេះដំបូងគេឬ តំបន់ដែលកំពុងផ្ទុះជំងឺនេះផ្សេងទៀត ក្នុងកំឡុងពេល១៤ថ្ងៃ សូមរកការព្យាបាលនៅមន្ទីរពេទ្យជិតបំផុត និងប្រាប់គ្រូពេទ្យអំពីប្រវត្តន៏នៃការធ្វើដំណើរផងដែរ។

ក្រុមអ្នកវិទ្យាសាស្ត្ររបស់ចិន បានធ្វើបទបង្ហាញពីការសិក្សលើ កូដ ហ្សេនេទិច (genetic code) របស់ វីរុសកូរ៉ូណាថ្មី ដោយរកឃើញថាវាមានលក្ខណៈប្រហាក់ប្រហែលទៅនឹងវីរុសកូរ៉ូណា នៃជំងឺ SARS ដែលឆ្លងពី «សត្វប្រចៀវ»។ ពួកគេអះអាងថា វីរុសថ្មីនេះ ជាប្រភេទវីរុសឆ្លងពីសត្វទៅមនុស្ស ឬគេហៅថា zoonotic virus។

ប៉ុន្តែ បច្ចុប្បន្ន វីរុសកូរ៉ូណាថ្មី មកពីទីក្រុង វូហាន ត្រូវបានគេទទទួលស្គាល់ថា «អាចឆ្លងពីមនុស្ស ទៅមនុស្ស»  ដោយសារ ប្រូតេអ៊ីន នៃវីរុសកូរ៉ូណាថ្មី ទំនងជាអាចឆ្លងមកពីសត្វពស់ ដែលត្រូវបានគេរាយការណ៍ថាមានលក់ដូរ នៅក្នុងផ្សារលក់គ្រឿងសមុទ្រមួយកន្លែង ក្នុងទីក្រុងវូហាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស