28 C
Phnom Penh

បាតុកររាប់លាននាក់នៅអ៊ីរ៉ាក់ ស្រែកដេញទ័ពអាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ហ្វូងមនុស្សបានប្រមូលផ្ដុំគ្នាដែលត្រូវបានគេប៉ាន់ប្រមាណថាចូលដល់ខ្ទង់លាននាក់បានស្រែកប្រកាសដាក់កំហិត ឱ្យទ័ពអាមេរិកដកចេញពីប្រទេសអ៊ីរ៉ាក់។

សារពព័ត៌មានអាមេរិក New York Times បានរាយការណ៍ថានៅថ្ងៃសុក្រទី២៤ ខែមករានេះ ក្រុមបាតុករបានធ្វើដំណើរតាមរថយន្តធំៗដោយចេញមកពីបណ្ដាខេត្តនានាមកប្រជុំគ្នានៅក្នុងក្រុងបាដាដ។

បាតុកររាប់លាននាក់នេះ មានកាន់ ផ្ទាំងបដាធំៗហើយបានអំពាវនាវនិងច្រៀងចម្រៀងដែលសុទ្ធតែប្រើពាក្យពេចន៍ដេញទ័ពអាមេរិកចេញពីប្រទេសអ៊ីរ៉ាក់ដូចជាថា គ្មានទេ អាមេរិកកាំង ស្លាប់ទៅអ៊ីស្រាអែល ស្លាប់ទៅអាមេរិកកាំង។ ព្រឹត្តិការណ៍នេះ គេហៅថា ជាក្បួនបាតុកម្មថ្នាក់ជាតិ ចាត់ចែងដោយ ក្រុមនិកាយស៊ីអ៊ីត និងក្រុមប្រដាប់អាវុធ ដែលគាំទ្រដោយអ៊ីរ៉ង់។

បាតុកម្មនេះ គឺបន្ទាប់ពីបុគ្គលដ៏មានឥទ្ធិពលនៃសាសនារបស់អ៊ីរ៉ាក់ម្នាក់គឺលោក Muqtada al-Sadr បានអំពាវនាវឱ្យពលរដ្ឋអ៊ីរ៉ាក់ត្រូវតែក្រោកឈរថ្កោលទោសវត្តមានកងទ័ពអាមេរិក។

បុរសនេះបានជម្រុញទឹកចិត្តឱ្យពលរដ្ឋអ៊ីរ៉ាក់ធ្វើសកម្មភាពការពារអធិបតេយ្យនិងឯករាជ្យភាពបូរណភាពទឹកដី។

លោកសរសេរលោកTwitterរបស់លោក ថា “ពួកយើងជា ស្រ្ដី បុរស យុវជនរបស់ប្រទេសយើង។  នេះជាពេលវេលាដែលយើងត្រូវងើបឡើងការពារអធិបតេយ្យភាពឯករាជ្យភាពយើងហើយ។ យើងត្រូវធ្វើអោយអ៊ីរ៉ាក់ឯករាជ្យដែលនឹងដឹកនាំដោយភាពត្រឹមត្រូវហើយអ៊ីរ៉ាក់នឹងមិនច្របូកច្របល់នឹងអំពើពុករលួយ។ ជៀសផុតពីការឈ្លានពានរបស់អាមេរិក។

តាមមហាវិថី លើស្ពានធំនិងជាពិសេសតំបន់ការពារដោយកងទ័ពបរទេសនៃរដ្ឋធានីបាដដាដត្រូវបានឡោមព័ទ្ធដោយទាហានអ៊ីរ៉ាក់ ប៉ុន្តែក្រុមទាហានរដ្ឋាភិបាលអ៊ីរ៉ាក់ បានឡោមព័ទ្ធដូច្នេះដើម្បីបង្ការមិនឱ្យបាតុករចូលលុកលុយក្នុងតំបន់ស្ថានទូតបរទេសជាពិសេស ស្ថានទូតអាមេរិក។

ការដេញទ័ពអាមេរិកនេះធ្វើឡើងបន្ទាប់ពីសភា អ៊ីរ៉ាក់បានអនុម័តច្បាប់ដេញទ័ពបរទេសចេញពីប្រទេសនេះគឺកាលពីថ្ងៃទី៥មករាអំឡុងពេលកាន់ទុក្ខ មេទ័ពរបស់អ៊ីរ៉ង់ម្នាក់គឺឧត្តមសេនីយ៍ Qassim Suleimaniដែលបានស្លាប់ ដោយសារ ការវាយប្រហារដោយយន្តហោះឌ្រូនអាមេរិក។

ជុំវិញបាតុកម្មនេះទ័ពអ៊ីរ៉ង់នៅតែអាចបញ្ឈរជើងនិងបញ្ជូនទ័ពនិងសព្វាវុធ គាំទ្រក្រុមចលនាផ្សេងទៀតបាន។

ពួកគេធ្លាប់សម្ដែងការពិតថាចង់បណ្ដេញនិងរួមដៃនឹងអ៊ីរ៉ាក់ដេញឱ្យអស់ទ័ពអាមេរិកចេញពីប្រទេសនេះនិងតំបន់។

អ្នកជំនាញកិច្ចការមជ្ឈឹមបូព៌ាDavid Des Rochesព្រមាន ថាកំហឹងរបស់ពលរដ្ឋអ៊ីរ៉ាក់ទៅលើលើកងទ័ពបរទេសជាពិសេសកងទ័ពអាមេរិក អាច បណ្ដាលមកពី អ៊ីរ៉ង់អ្នករៀបចំផែនការនេះ ជាមួយនឹងការ សន្យាបន្តគាំទ្ររដ្ឋា ភិបាលពុករលួយនៃប្រទេសអ៊ីរ៉ាក់របស់នាយករដ្ឋន្ត្រី Adel Abdul Mahdi ដែលជាអ្នកស្នើទៅសភាអោយមានវិធានការបញ្ចប់វត្តមានទ័ពបរទេសលើទឹកដីអាមេរិក។

លោកDavid Des Rochesបានពន្យល់ថា តាមពិត នេះជាយុទ្ធសាស្រ្ដទាញចំណេញរបស់អ៊ីរ៉ង់ ដែលពួកគេរំពឹងនឹងធ្វើវាព្រោះថាការចាកចេញនូវទ័ពអាមេរិកពីទឹកដីអ៊ីរ៉ាក់គឺជាជោគជ័យរបស់អ៊ីរ៉ង់ ហើយក្រុងតេហេរ៉ង់នឹងគាំទ្រទាហានប្រឆាំងអាមេរិក ដោយដាក់សម្ពាធឱ្យតំណាងរាស្រ្ដអ៊ីរ៉ាក់អោយប្រកាន់ជំហរបែបនេះ។

មុននឹងឈានដល់ការ វាយប្រហារសងសឹកដាក់គ្នា គឺដើមហេតុរាប់ គឺកាលពីខែធ្នូ ពួកសកម្មកាតាយហិសបូឡាសដែលគាំទ្រដោយអ៊ីរ៉ង់បានបាញ់រ៉ុក្កែតទៅលើមូលដ្ឋានយោធាអាមេរិកមួយកន្លែងក្នុងទឹកដីអ៊ីរ៉ាក់ដោយ បានសម្លាប់អ្នកផ្គត់ផ្គង់សេវាកងទ័ពអាមេរិក ក្នុងនោះទាហានអាមេរិកនិងអ៊ីរ៉ាក់ជាច្រើននាក់រងរបួស។

ប៉ុន្មានថ្ងៃប៉ុណ្ណោះ សហរដ្ឋអាមេរិកបានឆ្លើយតបជាលើកដំបូងដោយការវាយប្រហារតាមអាកាសទៅលើមូលដ្ឋានរបស់កងទ័ពអ៊ីរ៉ង់ នៅភាគខាងលិចអ៊ីរ៉ាក់និងស៊ីរីបន្ទាប់មកវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកកាលពីថ្ងៃទី ៣ មករាដោយបានសម្លាប់ឧត្តមសេនីយ៍ Qassem Soleimani ជាមន្រ្តីយោធាដ៏មានឥទ្ធិពលបំផុតរបស់អ៊ីរ៉ង់រួមជាមួយមេបញ្ជាការកងជីវពលអ៊ីរ៉ាក់ Abu Mahdi al- Muhandis នៅពេលពួកគេចាកចេញពីអាកាសយានដ្ឋាន Baghdad ។

នៅអំឡុងពេលអ៊ីរ៉ង់កាន់ទុក្ខឧត្តមសេនីយរូបនេះ គឺសភាអ៊ីរ់ាក់ក៏បានអនុម័តច្បាប់ដេញទ័ពបរទេសចេញប្រទេស ប៉ុន្ដែមកទល់ពេលនេះពុំទាន់ឃើញទ័ពបរទេសណាដកទ័ពតាមការបង្ខំដោយសភាអ៊ីរ៉ាក់នោះទេ។ លើទឹកដីអ៊ីរ៉ាក់ មិនមានតែកងទ័ពអាមេរិកនោះទេ គឺមានទ័ពអូស្ត្រាលី អង់គ្លេស កាណាដា ដែលជាកងទ័ពពហុសាសន៍ នៃអង្គការណាតូ មកជួយបង្ហាញហ្វឹកហ្វឺនកងទ័ពអ៊ីរ៉ាក់។

រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានច្រានចោលនូវការអំពាវនាវឱ្យដកកងទ័ពអាមេរិក។ តែលោក និយាយថាអាមេរិកនឹងបន្តការសន្ទនាជាមួយរដ្ឋាភិបាលអ៊ីរ៉ាក់អំពីអ្វីដែលក្រុងបាដាដជាប់កិច្ចសន្យា ជាមួយអាមេរិកក្រោយការផ្ដួលរំលំរបបផ្ដាច់ការសាដាមហូសេននៅឆ្នាំ២០០៣។

លោកបន្ត ថា មន្រ្ដីជាន់ខ្បស់អ៊ីរ៉ាក់បាននិយាយទូរស័ព្ទសម្ងាត់នឹងរូបលោកថា ទ័ពអាមេរិកនៅនឹងតែលើទឹកដីអ៊ីរ៉ាក់ព្រោះវាជារឿងចាំបាច់ហើយសហរដ្ឋអាមេរិកក៏សន្យាថាខ្លួននឹងបន្តប្រតិបត្តិការរួមគ្នាជាមួយកងកំលាំងអ៊ីរ៉ាក់ករណីណាក៏ដោយ។

នៅក្នុងសប្ដាហ៍នេះនៅឯ វេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស  លោក Trump បានជួបជាមួយប្រធានាធិបតីអ៊ីរ៉ាក់លោក Barham Saleh នៅខាងក្រៅវេទិកានេះ ។

មេដឹកនាំទាំងពីរបានសម្ដែងការរីករាយដែលថា ទីក្រុងវ៉ាស៊ីនតោននិងក្រុងបាកដាដមានទំនាក់ទំនងល្អណាស់តែ ប្រទេសទាំងពីរមានរឿងរ៉ាវដែលពិបាកពិភាក្សានៅពេលនេះ។  ប្រធានាធិបតីអ៊ីរ៉ាក់ លោកសាឡេះបាននិយាយថាអាមេរិកនិងអ៊ីរ៉ាក់បន្ត រួបរួមក្នុងការប្រយុទ្ធប្រឆាំងនឹងភាពជ្រុលនិយមនៅក្នុងតំបន់ជាពិសេសនៅអ៊ីរ៉ាក់។

នៅអំឡុងបាតុកម្មថ្ងៃនេះអាមេរិកបានធ្វើការឆ្លើយតបចំពោះការដែលមានបំណងដេញទ័ពអាមេរិកចេញពីប្រទេស ឯកអគ្គរដ្ឋទូតអាមេរិកនៅអ៊ីរ៉ាក់ បានតបនឹងសំណួររបស់សារព័ត៌មាន  Ashraq Al-aswart ថាអាមេរិកបានត្រៀម រកតុចរចាក្នុងរឿងនេះ។

តែសូមរំលឹកថា នៅពេលដែលអាមេរិកប្រកាសបើកការចរចានឹងអ៊ីរ៉ាក់អំពីវត្តមានកងទ័ពអាមេរិក គឺ អាមេរិកបានបន្តដាក់ពង្រាយ ប្រព័ន្ធមីស៊ីលរបស់អាមេរិកនៅលើទឹកដី អ៊ីរ៉ាក់កាន់តែច្រើនថែមទៀត ដែល មន្ទីរបញ្ចកោណថាដើម្បីការពារផលប្រយោជន៍អាមេរិក ពីការ វាយប្រហារពីអ៊ីរ៉ង់ជាថ្មីម្ដងទៀត។ កងទ័ពអាមេរិកមានវត្តមានលើទឹកដីអ៊ីរ៉ាក់នៅពេលនេះ មានជាង៥ពាន់នាក់ប៉ុណ្ណោះ ប៉ុន្តែ សម្រាប់មជ្ឈឹមបូព៌ាទាំងមូលគឺទ័ពអាមេរិកមានមូលដ្ឋានរបស់ខ្លួនដល់ទៅ១៩កន្លែង នៅពាសពេញតំបន់នេះ ដែលចំនួនកងទ័ពអាមេរិក បានកើនជាង២ម៉ឺននាក់ហើយនោះ ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស