38.1 C
Phnom Penh

អំឡុងពេលចូលឆ្នាំចិន៣ ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្សស្លាប់និងរបួសជិត ១០០នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២៥ដល់ នៅថ្ងៃទី២៧ ខែមករា នេះអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួនជិត៥០លើក(៤៨) បណ្តាលឲ្យមានមនុស្សស្លាប់ចំនួន ៣៥នាក់ និងរងរបួសធ្ងន់-ស្រាល ចំនួន ៥១នាក់ ។

គេហទំព័រអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅថ្ងៃនេះថា   ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស រយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន នៅឆ្នាំនេះ  បណ្តាលឱ្យមានចំនួនអ្នកស្លាប់ និងរបួសធ្ងន់ស្រាល ចំនួន៨៦នាក់។ ចំនួនស្លាប់ និងរបួសទាំងនេះ មានការថយចុះ៥នាក់បើប្រៀបធៀបទៅនឹងរយៈពេលបុណ្យចូលឆ្នាំចិន៣ ថ្ងៃដូចគ្នា កាលពីឆ្នាំមុន។

 មូលហេតុចម្បងដែលបណ្តាលឲ្យកើតឡើងគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ គឺបើកបរលើសល្បឿនកំណត់ ដែលបានកើតឡើងរហូតទៅដល់១៥លើក។

កាលពីថ្ងៃទី២០ ខែមករា  ថ្លែងក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង មានប្រសាសន៍បញ្ជាក់ជាថ្មីទៀតថាស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបច្ចុប្បន្នគឺដល់កម្រិតប្រកាសអាសន្ន។ លោកវាយតម្លៃថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍កំពុងឈានដល់កម្រិតព្រួយបារម្ភ ដែលត្រូវការយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយ។

ការប្រកាសរបស់លោក ស ខេង នេះ ធ្វើឡើង ក្រោយពីចំនួនគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០១៩ មានការកើនឡើងខ្ពស់ បើធៀបនឹងករណីគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ២០១៨។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដដែល បានបង្ហាញក្តីបារម្ភពីភាពអវិជ្ជមាននៃគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងកើតមានក្នុងពេលបច្ចុប្បន្ន និងបានបញ្ជាឱ្យមន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ចាត់វិធានការទប់ស្កាត់ និងបង្ការកុំឱ្យគ្រោះថ្នាក់ចរាចរណ៍កើនឡើង កាន់តែធ្ងន់ធ្ងរបន្ថែមទៀត៕  

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស