មជ្ឈមណ្ឌលសម័្ពន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ ត្រាល់(Central) ស្នើឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបើកកិច្ចប្រជុំបន្ទាន់មួយជាមួយភាគីពាក់ព័ន្ធ ដើម្បីពិភាក្សាជាថ្មីទៅលើការធ្វើវិសោធនកម្មច្បាប់សហជីព។
ការស្នើនេះ ធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍មួយរបស់ខ្លួនស្តីពីការវិភាគច្បាប់សហជីព កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០។
អង្គការសង់ត្រាល់ បានរកឃើញថា ការធ្វើវិសោធនកម្មច្បាប់សហជីពរបស់រដ្ឋាភិបាលពេលកន្លងមក មិនស្របតាមស្តង់ដារការងារអន្តរជាតិដែលកំណត់ដោយអនុសញ្ញាស្នូលរបស់អង្គការពលកម្មអន្តរជាតិ ដែលកម្ពុជាបានផ្តល់សច្ចាប័ននៅឆ្នាំ១៩៩៩ឡើយ។
យ៉ាងណាក៏ដោយចុះ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ ក្រសួងការងារបានធ្វើវិសោធនកម្មច្បាប់សហជីពចំនួន១០មាត្រាមានមាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៤ មាត្រា៥៥ និងមាត្រា៥៩។ ប៉ុន្តែ សម្រាប់អង្គការសង់ត្រាល់ មើលឃើញថា ការធ្វើវិសោធនកម្មមាត្រាទាំងនេះ បានកែប្រែតែបន្តិចបន្តួចប៉ុណ្ណោះ និងនៅតែបន្តរឹតត្បិតសិទ្ធសហជីពដដែល។
សង់ត្រាល់ បានទាមទារទៅរដ្ឋាភិបាលត្រូវធ្វើវិសោធនកម្មចំនួន២៥មាត្រា និងជំពូកទី១៥ នៃច្បាប់សហជីពនេះ ដោយថា ដើម្បីលើកកម្ពស់សេរីភាពសហជីព ការបង្កើតសមាគមសម្រាប់កម្មករទាំងអស់ដែលធ្វើការងារនៅក្នុងប្រទេសកម្ពុជា។
ទោះបីយ៉ាងណាក៏ដោយនេះ មិនមែនជាលើកទី១ទេ ដែលអង្គការសង្គមស៊ីវិលបានស្នើទៅភាគីរដ្ឋាភិបាលអំពីលទ្ធភាពក្នុងការជជែកពិភាក្សាគ្នាឡើងវិញ ដើម្បីធ្វើវិសោធន៍កម្មច្បាប់សហជីពនេះ ប៉ុន្តែមកទល់ពេលនេះ រដ្ឋាភិបាលនៅមិនទាន់បានបង្ហាញចំណុចវិជ្ជមានក្នុងការកែប្រែច្បាប់សហជីពនោះឱ្យបានប្រសើរ ដើម្បី បញ្ចៀសនូវការរិះគន់ថារដ្ឋាភិបាលរៀបចំច្បាប់សហជីពឡើង មានគោលបំណងរិតត្បិតសិទ្ធិសេរីភាពសហជីព ។
លក្ខខណ្ឌការងាររបស់កម្មករ និង សហជីពនេះ សហភាពអឺរ៉ុបក៏បានដាក់បញ្ចូលក្នុងរបាយការណ៍ស៊ើបអង្កេតរបស់ខ្លួន ដែលបានបញ្ជូនទៅកាន់ភាគីរដ្ឋាភិបាលកាលពីខែវិច្ឆិកា ឆ្នាំមុនផងដែរ។
សហភាពអឺរ៉ុបនៅតែចាត់ទុកថា លក្ខខណ្ឌការងាររបស់កម្មករនយោជិតនៅកម្ពុជា ព្រមទាំងសិទ្ធិសេរីភាពរបស់សហជីពផង នៅតែរងការរិតត្បិត និងដើរផ្ទុយពីច្បាប់ការងារអន្តរជាតិ ព្រមទាំងច្បាប់សហជីពអន្តរជាតិ ហើយអឺរ៉ុបក៏បានណែនាំឱ្យភាគីររដ្ឋាភិបាលស្តារ និងគោរពលក្ខខណ្ឌកម្មករ សហជីពឱ្យបានប្រសើរឡើងវិញផងដែរ៕