28.4 C
Phnom Penh

Corona វីរុសសម្លាប់ពលរដ្ឋចិន៨០នាក់វាយលុក១៣ប្រទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុងមួយថ្ងៃជំងឺសួតកូរុណាវីរុសសម្លាប់មនុស្ស១៥នាក់ ពេលនេះតួលេខជនជាតិចិនដែលបានស្លាប់កើនដល់៨០នាក់រួមនឹងវេជ្ជបណ្ឌិតចិន២នាក់នៃខេត្តវូហាន។ បើតាមសារព័ត៌មាន The Korea Times គិតត្រឹមថ្ងៃទី២៧មករានេះជំងឺសួតដ៏កាចសាហាវនេះ កំពុងវាយលុករាលដាលទៅដល់ប្រទេសចំនួន ១៣។

ខណៈចំនួនតួលេខបន្ដកើនឡើងឥតឈប់ឈរហើយនឹងមិនទាន់មានការវិនិច្ឆ័យហេតុច្បាស់នៃប្រភពជំងឺនេះ ប្រទេសទាំងឡាយបានត្រឹមចេញវិធានការប្រកាសទប់ស្កាត់ខ្លាំងក្លាស្របពេលដែលចិនប្រកាសព្យាបាលជាសះបានត្រឹមតែមួយករណីក្នុងចំណោមសំណុំករណីជំងឺនេះជិត៣ពាន់ផ្សេងទៀត។

តែគួរអោយកត់សម្គាល់គេថាជំងឺនេះដែលបានកើតលើប្រទេសដទៃមិនបានបណ្ដាលអោយអ្នកជំងឺបាត់បង់ជីវិតនោះទេ តែបន្ដឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ ក្រុងទាំងឡាយនៃប្រទេសចិនបានតម្រូវឱ្យបិទ ចំណែកការប្រារព្ធពិធីបុណ្យប្រពៃណីចិនជាសាធារណៈនិងការ ជួបជុំខ្នាតធំត្រូវបានរំសាយ។

ចិនក៏បានចេញសេចក្ដីប្រកាសចុងក្រោយហាមមិនអោយពលរដ្ឋ ធ្វើដំណើរទៅក្រៅប្រទេសជាកំហិតពីថ្ងៃនេះតទៅ។មន្ទីរពេទ្យទាំងអស់នាក្រុងវូហានបានជោគជាំដោយអ្នកជំងឺសួតនេះចំពេលដែលគ្រឿងបរិក្ខារពេទ្យនៅមានកង្វះខាតដែលចាំបាច់អំពាវនាវរកថ្នាំពេទ្យ សម្ភារៈកម្ចាត់មេរោគ ឬម៉ាស ជាដើម។

 រដ្ឋាភិបាលចិនបានប្ដេជ្ញាក្នុងការស្ថាបនាមន្ទីរពេទ្យថ្មីនៅក្នុងក្រុងនេះត្រឹមតែ១០ថ្ងៃដើម្បីផ្ទុកអ្នកជំងឺអោយបានជាង១ពាន់នាក់។

ប្រទេសដែលបានបញ្ជាក់ពីការរាលដាលនៃជំងឺនេះគឺមានដល់ទៅ១៣ប្រទេសដែលរួមមាន • ចិន ២៧៦១ករណីស្លាប់៨០នាក់ • អូស្រ្ដាលី ១ករណី • បារាំង៣ករណី • ម៉ាឡេស៊ី ៤ករណី • ណេប៉ាល់៤ ករណី • សិង្ហបុរី ១ករណី • កូរ៉េខាងត្បូង ៣ករណី • តៃវ៉ាន់៣ ករណី • ថៃឡង់ ៨ករណី • អាមេរិក ៣ករណី • វៀតណាម ៣ករណី។

ជុំវិញសំណុំរឿងជំងឺសួតមរណៈនេះក្រសួងការបរទេសសហរដ្ឋអាមេរិកបានរៀបចំជើងហោះហើរពីទីក្រុងវូហានទៅកាន់សាន់ហ្វ្រាន់ស៊ីស្កូសម្រាប់បុគ្គលិកកុងស៊ុល និងជនជាតិអាមេរិកដទៃទៀតដែលកំពុងជាប់នៅក្នុងទីក្រុងនេះ។ ជាមួយគ្នានេះដែររដ្ឋាភិបាលបារាំងនិងក្រុមហ៊ុនផលិតរថយន្ត PSA របស់បារាំងក៏កំពុងរៀប ជម្លៀសបុគ្គលិកនិងក្រុមគ្រួសារមកពីខេត្តហឺប៉ីនៃក្រុងវូហានផងដែរ។

នាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនហ្សូអាបេបាននិយាយថាប្រទេសជប៉ុនកំពុងសម្របសម្រួលជាមួយទីក្រុងប៉េកាំងដើម្បីជម្លៀសពលរដ្ឋរបស់ខ្លួនចេញស្របនឹងការផ្ដល់អោយចិននូវជំនួយ ជាង១លានម៉ាសនោះ។

ព្រមជាមួយគ្នានេះអារ៉ាប៊ីសាអ៊ូឌីតបានស្នើសុំឱ្យជនជាតិរបស់ខ្លួនដែលមានវត្តមាននៅជុំវិញទីក្រុងវូហានទាក់ទងទៅស្ថានទូតរបស់ខ្លួនសម្រាប់ការជម្លៀសខណៈដែលប្រទេសហ្ស៊កដានីបាននិយាយថាខ្លួនបានទទួលការអនុញ្ញាតពីទីក្រុងប៉េកាំងដើម្បីបញ្ជូនពលរដ្ឋរបស់ខ្លួនចេញពីប្រទេសចិនដែរ។

ការផ្ទុះឡើងនូវវីរុស នេះបានធ្វើឱ្យមានការចងចាំឡើងវិញនូវវីរុស Sars ដែលជាវីរុសកាចសាហាវសម្លាប់មនុស្សចំនួន ៧៧៤ នាក់នៅដើមទសវត្សឆ្នាំ ២០០០ ភាគច្រើននៅតំបន់អាស៊ី។ អ្នកវិទ្យាសាស្រ្តបានចាត់ទុកជម្ងឺនេះ គឺជាជម្ងឺមរណៈ ដោយសំអាងថាវាមានកំណើតចេញពីអំបូរជម្ងឺសាស (SARS) និង មើស (MERS)ដោយព្រមានថា                វីរុសកូរូណានេះគឺវាកាចសាហាវជាងSarsដល់ទៅ១០ដង។

ប៉ុន្តែយ៉ាងណាក្តីអ្នកវិទ្យាសាស្រ្តអះអាងថា ជំងឺនេះនៅមិនទាន់កំណត់អត្តសញ្ញាណច្បាស់លាស់នៅឡើយនោះទេ ដោយត្រឹមថារបៀបនៃការឆ្លងគឺអាចមានប្រភពពីសត្វពិសដូចជាពស់ និង ប្រជ្រៀវមកកាន់មនុស្ស និងពីមនុស្ស មកមនុស្ស៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស