ក្រសួងសុខាភិបាលលោក ប្រកាសថា ជម្ងឺរលាកផ្លូវដង្ហើមប្រភេទថ្មីដែលផ្ទុះឡើងដំបូងក្នុងទីក្រុងវូហានប្រទេសចិននោះ បានរាតត្បាតវៃលុកដល់ខេត្តព្រះសីហនុរបស់ខ្មែរហើយ។
គិតត្រឹមល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានរកឃើញករណីជំងឺផ្លូវដង្ហើមថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណា នៅលើជនជាតិចិនម្នាក់ ដែលចាកចេញពីប្រទេសចិន ចូលមកកាន់ប្រទេសកម្ពុជា។ នេះបើតាមលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងសន្និសីទកាសែតនៅព្រលប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ។ តាមការបញ្ជាក់ពីរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឲ្យដឹងថា អ្នកជំងឺដែលឆ្លងវីរុសកូរ៉ូណាថ្មីនេះ បាននឹងកំពុងដាក់នៅដាច់ដោយឡែកពីគេ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាឱ្យក្រសួង មន្ទីរ និងស្ថាប័ន ពាក់ព័ន្ឋត្រូវយកចិត្តទុកដាក់អោយបានខ្ពស់ ចំពោះស្ថានភាពទប់ស្កាតជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ដែលបានផ្ទុះឡើងដំបូងគេនៅក្រុងវូហាន ខេត្តអ៊ូបេ ប្រទេសចិន។
ក្នុងសារដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃម្សិលមិញ លោក ហ៊ុន សែន បានណែនាំឱ្យពលរដ្ឋចូលរួមទប់ស្កាត់ជំងឺឆ្លងតាមផ្លូវដង្ហើមថ្មីដែលមានឈ្មោះថា កូរ៉ូណា (Corona) ដែលកំពុងរាតត្បាតនៅប្រទេសចិន។
រដ្ឋាភិបាលអះអាងថា ដើម្បីទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវនេះ ក្រសួងសុខាភិបាលកម្ពុជាបានបំពាក់ម៉ាស៊ីនស្គែន (Scan) រកមេរោគ ប្រចាំការ ២៤ម៉ោង ដើម្បីស្កែនគ្រប់ភ្ញៀវទេសចរទាំងអស់ដែលចូលមក កម្ពុជា។
អាការៈរោគជំងឺប្រភេទថ្មីនេះ មានដូចជា ផ្តាសាយ ហៀរសំបោរ ក្អក ឈឺក្បាល ក្តៅខ្លួនខុសប្លែកខុសពីធម្មតា។
ក្រសួងសុខាភិបាលក៏បានណែនាំ ឱ្យពលរដ្ឋប្រើម៉ាសពាក់ការពារច្រមុះ និងលាងដៃសម្អាតជាមួយសាប៊ូ ឬអាល់កុលសម្លាប់មេរោគអោយបានញឹកញាប់។ មិនត្រូវនៅក្បែរអ្នកដែលមានអាការៈរោគខាងលើ និងមិនត្រូវនៅជិតសត្វពាហានៈ ឬកសិដ្ឋានចិញ្ចឹមសត្វ។ ត្រូវញាំម្ហូបអាហារដែលចម្អិនឆ្អិនគ្រប់ពេលវេលា។
លើសពីនេះ ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយត្ន័ខ្ពស់ ជាពិសេសក្នុងពេលធ្វើដំណើរទៅក្រៅប្រទេស និងក្នុងប្រទេសដែលកំពុងមានមេរោគកូរ៉ូណាឆ្លង ។ ប្រសិនបើបងប្អូនសង្ស័យថាមានឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណា នេះ សូមទាក់ទងមកគ្រូពេទ្យដែលនៅជិតកន្លែងជាបន្ទាន់ ឬមកកាន់មន្ទីរពេទ្យ ឬទូរស័ព្ទមកលេខ 115 ជាបន្ទាន់។
លោក ហ៊ុន សែន ក៏បានណែនាំឱ្យមន្ត្រីជំនាញឬ ស្ថាប័នពាក់ព័ន្ធ ត្រូវធានាថាលេខទូរស័ព្ទ ដែលបានដាក់អោយប្រើប្រាស់ជាសាធារណៈត្រូវមានអ្នកប្រចាំការទទួលពេលហៅចូលជានិច្ច។
នៅថ្ងៃនេះផងដែរ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និងអាជ្ញាធរពាក់ព័ន្ធ បានធ្វើយុទ្ធនាការចែកម៉ាស់ជូនពលរដ្ឋប្រមាណ១លានម៉ាស់ នៅតាមច្រកអន្តរជាតិប៉ោយប៉ែតដោយឥតគិតថ្លៃ។
ពាក់ព័ន្ធបញ្ហានេះ ដែរក៏មានការលេចឮថាតាមហាងឬ ឱសថស្ថានមួយចំនួនបានលក់តម្លើងថ្លៃម៉ាស់ជូនអតិថិជន ដែលនាំឱ្យមានការរិះគន់ជាច្រើនពីពលរដ្ឋដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក។
ថ្លែងក្នុងសិន្និសីទសារព័ត៌មាននៅព្រឹកនេះ ប្រធានអង្គភាពអ្នកនាំពាក្យ និងជាអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានព្រមានចាត់វិធានការច្បាប់ដល់អាជីវករ ឬ កន្លែងលក់ម៉ាស់ទាំងឡាយណា ដែលលក់ម៉ាស់ឱ្យពលរដ្ឋក្នុងតម្លៃខ្ពស់ខុសពីធម្មតា ដោយថាជាការកេងចំណេញពីពលរដ្ឋក្នុងស្ថានភាពលំបាក។
យោងតាមសារព័ត៌មានCNN ដែលចុះផ្សាយនៅរសៀលថ្ងៃច័ន្ទនេះ ម៉ោងនៅកម្ពុជា បានឱ្យដឹងថា ចំនួនមនុស្សស្លាប់បង្កឡើងដោយមេរោគរលាកផ្លូវដង្ហើមកូរ៉ូណាបានកើនឡើងដល់ ៨០ នាក់ និងជាង ២ ៧០០ ករណីត្រូវបានបញ្ជាក់មានមេរោគនេះ នៅក្នុងប្រទេសចិន។
ប្រភពដដែលឱ្យដឹងទៀតថា ជំងឺនេះផ្ទុះឡើងដំបូង មានប្រភពនៅទីក្រុងវូហាន ប្រទេសចិន ហើយបន្តរាលដាលនៅតំបន់ទ្វីបអាស៊ីនិងប្រទេសមួយចំនួនទៀតនៅលើពិភពលោកផងដែរ៕