រដ្ឋបាលខេត្តព្រះសីហនុ បានអះអាងថា បុរសម្នាក់ដែលត្រូវបានសែងដាក់រថយន្តបញ្ជូនទៅមន្ទីរពេទ្យ និងបានស្លាប់នោះ ពុំមែនជាអ្នកជំងឺរលាកសួតប្រភេទថ្មីកូរ៉ូណានោះឡើយ។
ការលើកឡើងនេះ ក្រោយមានវីដេអូឃ្លីបមួយត្រូវបានបង្ហោះនិងចែកចាយលើបណ្តាញសង្គមហ្វេសប៊ុកយប់រលងអាធ្រាតចូលថ្ងៃទី ២៨ ខែមករា ដោយបង្ហាញថាមានមនុស្សស្លាប់ហើយមានមនុស្សកំពុងលើកដាក់ក្នុងរថយន្ត នៅកាស៊ីណូ ក្វាងទុង ហុងកុង ស្ថិតក្នុងភូមិសាស្ត្រសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុដោយសារមានអ្នកជំងឺឆ្លងវីរុសកូរ៉ូណា។
ទំព័រហ្វេសប៊ុករបស់រដ្ឋបាលសាលាខេត្តព្រះសីហនុនៅថ្ងៃនេះ
អះអាងថា បុរសជនជាតិចិននោះឈ្មោះ Yu Yongxin មានជំងឺក្រពះ និងដាច់សរសៃឈាមក្នុងក្រពះ ដែលបណ្តាលឲ្យគាត់ក្អួតធ្លាក់ឈាម
ប៉ុន្តែរហូតមកទល់ពេលនេះ បុរសរូបនោះមានសភាពធូរស្រាលហើយ
ដោយកំពុងស្នាក់នៅគ្លីនិកថៃខាង ដើម្បីព្យាបាលបន្តទៀត។
រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសបដិសេធទាំងស្រុង ចំពោះការបង្ហោះ និងចែករំលែកបន្តនូវវីដេអូឃ្លីបខាងលើ ដោយលើកឡើងថាបុរសរូបនេះបានស្លាប់បាត់ជីវិត ដោយសារករណីជំងឺឆ្លងវីរុសកូរ៉ូណា គឺមិនមែនជាការពិតនោះឡើយ។
កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០
មានជនជាតិចិនឈ្មោះ Yu Yongxin ភេទប្រុស
អាយុ៥៦ឆ្នាំ កាន់លិខិតឆ្លងដែនលេខ E92602570 មកពីខេត្តគ័ងចូវ
ប្រទេសចិន បានមកស្នាក់នៅបន្ទប់ លេខ ៨៨៣៣ នៃសណ្ឋាគារកាស៊ីណូក្វាងទុងហុងកុង
លុះដល់វេលាម៉ោង ១២ និង៣០នាទីយប់ឈានចូល ថ្ងៃទី២៨ ខែ មករា ឆ្នាំ២០២០
បុរសជនជាតិចិននោះមានអាការៈក្អក និងក្អួតធ្លាក់ឈាម ពេលនោះខាងកាស៊ីណូក៏បានបញ្ជូន
គាត់ទៅព្យាបាលនៅគ្លីនិកចិន ឈ្មោះថៃខាង ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់ ដោយបុរសនោះមានជំងឺក្រពះ និងដាច់សរសៃឈាមក្នុងក្រពះទើបក្អួតធ្លាក់ឈាម
ប៉ុន្តែគ្រូពេទ្យអះអាងថា បច្ចុប្បន្នបុរសរួបនោះមានសភាពធូរស្រាលបន្តិចហើយ
ដោយកំពុងស្នាក់នៅគ្លីនិកថៃខាង ដើម្បីព្យាបាលបន្តទៀត។
ស្របពេលព័ត៌មាននៃជំងឺកូរ៉ូណានេះ បានរីករាលដាលនៅលើបណ្តាប្រទេសមួយចំនួនលើពិភពលោក រួមទាំងកម្ពុជាផង វីដេអូ សារជាសំឡេង ឬអក្សរ និងព័ត៌មានគ្មានប្រភពច្បាស់លាស់មួយចំនួនក៏បានផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុកជាញឹកញាប់រៀលរាល់ថ្ងៃ ដែរ។
ព័ត៌មានគ្មានប្រភពច្បាស់លាស់ទាំងនោះក៏បានបង្កភាពភាន់ច្រឡំដល់សាធារណៈជន បន្ថែមដល់ការព្រួយបារម្ភរបស់ពលរដ្ឋ។ ជាមួយគ្នានេះ ភ្នាក់ងារ និងមន្ត្រីរដ្ឋាភិបាលកម្ពុជា បានចេញមុខបកស្រាយចំពោះព័ត៌មានមួយចំនួនជាបន្តបន្ទាប់ ដើម្បីឱ្យពលរដ្ឋស្ងប់ចិត្តផងដែរ៕