លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយពីបានជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតគុយបាថ្មីប្រចាំនៅកម្ពុជា លោកក៏បានជួបជាមួយឯកអគ្គរដ្ឋទូតថ្មីអូស្ត្រាលីប្រចាំកម្ពុជាលោក Pablo Chiho Kang នៅព្រឹកថ្ងៃទី២៨ ខែមករានេះដែរ។
លោក ហ៊ុន សែន បានលើកឡើងនៅលើគណនីហ្វេសប៊ុករបស់លោកថា ក្នុងជំនួបនោះ ភាគីទាំងពីរបាន លើកឡើងអំពីសារៈសំខាន់នៃទំនាក់ទំនងប្រទេសទាំងពីរ ដោយឈរលើគោលការណ៍ កិច្ចសហប្រតិបត្តិការ ជាពិសេសទៅលើពាណិជ្ជកម្មល្អជាមួយគ្នា។
លើសពីនេះ អូស្ត្រាលី អះអាងថា ខ្លួន កំពុងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងនានានៅកម្ពុជាដូចជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើវិស័យពន្ធដារ ក្រសួងរ៉ែ និងថាមពល ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម ព្រមទាំងក្រសួងការពារជាតិផងដែរ។
លោក ហ៊ុន សែន ក៏បានទទួលស្គាល់ផងដែរថា ទំនាក់ទំនងនយោបាយរឹងមាំ គឺកើតចេញពីទំនាក់ទំនងពាណិជ្ជកម្មនោះឯង។
ដោយឡែកសម្រាប់ប្រធានគណបក្សសង្រ្គោះជាតិនៅថ្ងៃនេះវិញ គឺ លោក កឹម សុខា ក៏បានទទួលជួបជាមួយឯកអគ្គរដ្ឋទូតប្រទេសស្វីស(Switzerland) នៅគេហដ្ឋានរបស់លោកដោយឈរនៅលើគោលការណ៍មនុស្សធម៌។
នាយខុទ្ទកាល័យរបស់លោក កឹម សុខា គឺ លោក មុត ចន្ថា បានលើកឡើងថាឯកអគ្គរដ្ឋទូតនៃប្រទេសស្វីស លោកស្រី Helene Budliger Artieda ដែលមានស្ថានឯកអគ្គរដ្ឋទូតនៅទីក្រុងបាងកក ទទួលបន្ទុកព្រះរាជាណាចក្រថៃ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានជួបសំណេះសំណាល និងសួរសុខទុក្ខលោក កឹម សុខា នៅគេហដ្ឋានរបស់មេបក្សប្រឆាំងរូបនេះ។
ប្រភពដដែល ឱ្យដឹងថា
ក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូតបានផ្តោតជាសំខាន់ទៅលើបញ្ហាសុខភាពលោក កឹម សុខា
ដែលជាគោលការណ៍មនុស្សធម៌របស់រដ្ឋាភិបាលស្វីស និងដំណើរការជំនុំជម្រះក្តីរបស់លោក កឹម
សុខា នៅសាលាដំបូងរាជធានីភ្នំពេញ។
ក្រោយពេលត្រូវបានតុលាការបន្ធូរបន្ថយលក្ខខណ្ឌដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យកាលពីថ្ងៃទី ១០ ខែវិច្ឆិការួចមក លោក កឹម សុខា បានទទួលជួបមន្ត្រីទូតពីតាមបណ្តារប្រទេសលោកសេរីនៅគេហដ្ឋានរបស់លោក ជាង១០ រួចមកហើយ។
ក្នុងចំណោមមន្ត្រីឯកអគ្គរដ្ឋទូត និងរាជទូតដែលទៅជួបលោក កឹម សុខា ទាំងនោះ ក៏មានមន្ត្រីទូតមួយចំនួនបានស្នើសុំឱ្យទម្លាក់ចោលសំណុំរឿងចោទប្រកាន់លោក កឹម សុខា និងផ្តល់សេរីភាពជាពលរដ្ឋ ព្រមទាំងផ្តល់សេរីភាពធ្វើនយោបាយដល់លោកឡើងវិញផងដែរ។
ការជួបសួរសុខទុក្ខលោកកឹម សុខា ពីសំណាក់ឯកអគ្គរដ្ឋទូតប្រទេសស្វីសរូបនេះ ស្របពេលដំណើរការសវនាការជំនុំជម្រះលើរឿងក្តីមេបក្សប្រឆាំងរូបនេះកំពុងបន្ត ហើយនឹងបន្តជាថ្មីទៀត នៅថ្ងៃស្អែកទី២៩ មករានេះ។
ទាំងអង្គការជាតិ និងអន្តរជាតិ បានចាត់ទុកសំណុំរឿងលោក កឹម សុខា ជារឿងនយោបាយ និងស្នើឱ្យរដ្ឋាភិបាលទម្លាក់ចោលសំណុំរឿងនេះ ព្រមទាំងផ្តល់សិទ្ធិនយោបាយដល់លោក កឹម សុខា និងមន្ត្រីបក្សប្រឆាំងដែលជាប់បម្រាមផ្សេងទៀត ដោយថាជាផ្លូវបង្ហាញពីឆន្ទៈពិតប្រាកដក្នុងការផ្សះផ្សារជាតិរបស់រដ្ឋាភិបាល និងដើម្បីទប់ស្កាត់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចណាមួយពីប្រទេសលោកខាងលិច។
សំណុំរឿងលោក កឹម សុខា គ្រោងនឹងបើកសវនាការរយៈពេល ៣ខែ ដោយធ្វើឡើង២ថ្ងៃ ក្នុង១សប្តាហ៍ ប៉ុន្តែក្រុមអ្នកឃ្លាំមើលធ្លាប់លើកឡើងថា ការរក្សារឿងក្តីលោក កឹម សុខា ដើម្បីជាចំណាត់ខ្មាំងដោះដូរនឹង ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប ដែលគ្រោងនឹងប្រកាសជាផ្លូវការថាត្រូវព្យួរឬ មិនព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជានៅថ្ងៃទី ១២ ខែកុម្ភៈខាងមុខ។
កន្លងមកលោក ហ៊ុន សែន ធ្លាប់ព្រមានហើយថា ប្រសិនមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជាមែន ពេលនោះលោកនឹងកម្ទេចគណបក្សប្រឆាំង ឬ ក្រុមប្រឆាំងឱ្យសាបសូន្យបន្ថែមទៀត។
ក្រុមអ្នកឃ្លាំមើលនិយាយថាលោក ហ៊ុន សែន បារម្ភខ្លាចតែបាត់បង់អំណាចតត្រកូលរបស់លោក ជាជាងគិតគូរអំពីផលប្រយោជន៍របស់ជាតិទាំងមូល ជាពិសេសកម្មករខ្មែរប្រហែលមួយលាននាក់ និងគ្រួសាររបស់ពួកគេជាង៣លាននាក់ទៀតនឹងការប៉ះទង្គិចធ្ងន់ធ្ងរប្រសិនបើបាត់បង់ EBA ពីកម្ពុជា ដែលនាំឲ្យរោងចក្រកាត់ដេរជាច្រើនអាចបិទទ្វាដើរចេញពីប្រទេសនៅថ្ងៃខាងមុខដ៏ឆាប់នេះ៕