រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ស ខេង បានក្រើនរំលឹកជាថ្មីទៀតដល់មន្ដ្រីនគរបាលជាតិទូទាំងប្រទេសទាំងអស់ ឱ្យយកចិត្តទុកដាក់ធ្វើការងារបម្រើប្រជាពលរដ្ឋទាំងអស់ ដោយគ្មានការរើសអើង និងមិនមែនប្រើអំណាចឬតួនាទី សម្រាប់តែផលប្រយោជន៍បក្ខពួកខ្លួន ឬក្រុមគ្រួសារខ្លួននោះទេ។
ការលើកឡើងរបស់លោក ស ខេង នេះ ធ្វើឡើងក្នុងឱកាសប្រគល់រថយន្ដ ជូនស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥ នៅព្រឹកថ្ងៃពុធនេះ។
លោក ស ខេង អះអាងថា ក្នុងនាមជាមន្ដ្រីនគរបាលជាតិ ត្រូវតែបំពេញកិច្ចការងារអ្វីទៅតាមមុខជំនាញ ដែលថ្នាក់ដឹកនាំប្រគល់ជូន និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវស្មោះត្រង់ជាមួយ មុខងារ តួនាទី ដើម្បីបម្រើជាតិ ដើម្បីប្រជាពលរដ្ឋ និងមិនលើកលែង ចំពោះបុគ្គលណាទាំងអស់ ដែលប្រព្រឹត្តកំហុស។
លោកថា តួនាទីមន្ត្រីនគរបាលយុត្តិធម៌ដើម្បីបម្រើជាតិ បម្រើប្រជាពលរដ្ឋទាំងអស់ដោយគ្មានការរើសអើងបក្សនយោបាយ និងមិនមែនដើម្បីបម្រើខ្លួនយើង បក្ខពួកខ្លួន ក្រុមគ្រួសារខ្លួននោះទេ ។
យ៉ាងណាក៏ដោយចុះ មន្ត្រីនគរបាលយុត្តិធម៌កន្លងមកធ្លាប់រងការរិះគន់ពីពលរដ្ឋ និងអង្គការសង្គមស៊ីវិលថា យកតួនាទីរបស់ខ្លួនដើម្បីបម្រើបក្សកាន់អំណាច និងទាញយកផលលាភផ្ទាល់ខ្លួន។
លើសពីនេះទៀត ការបំពេញការងាររបស់មន្ត្រីនគរបាលមួយចំនួនមានភាពរើសអើងផ្នែកនយោបាយ ដោយចេះតែតាមធ្វើទុក្ខបុកម្នេញក្រុមបក្សប្រឆាំងឥតឈប់ឈរ ដូចជាតាមឃ្លាំមើល គំរាមកំហែង ចាប់ចង់មន្ត្រី និងសកម្មជនគណបក្សប្រឆាំង ក្រោមហេតុផលថាអនុវត្តច្បាប់។
លើសពីនេះ មន្ត្រីនគរបាលនៅតំបន់ខ្លះ បណ្តោយឱ្យមានបទល្មើសនៅតាមមូលដ្ឋាន ដូចជាល្បែង ឆ្នោតកន្ទុយលេខ ជល់មាន់ បទល្មើសនេសាទ និងបញ្ហាថ្នាំញៀន ផ្ទុយពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព ប៉ន្តែមន្ត្រីនគរបាលនៅមិនទាន់មានវិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពឡើយ។
ជាងនេះទៀត រាល់សំណុំរឿងព្រហ្មទណ្ឌ ដោយជនល្មើសប្រើប្រាស់អំពើហិង្សា លើក្រុមមន្ត្រីមូលដ្ឋានគណបក្សប្រឆាំងជាបន្តបន្ទាប់ក្តី ប៉ុន្តែសមត្ថកិច្ចកម្រណាស់នឹងចាប់ខ្លួនជនប្រព្រឹត្តយកមកផ្តន្ទាទោសតាមច្បាប់ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។
ផ្ទុយទៅវិញ បើសកម្មភាពដែលកើតឡើងលើបក្ខពួកគណបក្សកាន់អំណាច ដែលជនសង្ស័យនោះមកពីគណបក្សប្រឆាំង សមត្ថកិច្ចតែងចាត់វិធានការភ្លាមៗ ទោះបីជាសំណុំរឿងខ្លះគ្មានភស្តុតាង និងមិនមែនជាបទល្មើសជាក់ស្តែងក្តី៕