35 C
Phnom Penh

លោក កឹម សុខា នៅតែអះអាងថា មិនផ្តួលរំលំរដ្ឋាភិបាល ប៉ុន្តែគឺចង់បានការផ្លាស់ប្តូរតាមការបោះឆ្នោតដោយត្រឹមត្រូវនិង យុត្តិធម៌

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅតែអះអាងថា ខ្លួនគ្មានបំណងចង់ផ្តួលរំលំរដ្ឋាភិបាល ដោយការចោទប្រកាន់ពីរដ្ឋាភិបាលលោក ហ៊ុន សែន នោះឡើយ។

ការថ្លែងដូចនេះ ក្រោយពេលលោកចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ដែលជាថ្ងៃទី៥ នៃសវនាការសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេស ក្នុងសប្តាហ៍ទី៣ នៅរសៀលនេះ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក កឹម សុខា នៅតែប្រកាន់ជំហរថាលោកគ្មានបំណងផ្តួលរំលំរដ្ឋាភិបាល ប៉ុន្តែលោកចង់បានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

ដោយឡែកក្នុងសវនាការនៅថ្ងៃពុធនេះ វិញ ស្ថានភាពក្នុងបន្ទប់សវនាការក៏មានភាពតឹងតែងខ្លាំង ដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសួរសំណួរមួយចំនួនមានភាពដដែលៗ ហើយ ផ្តោតធ្ងន់ការដំណើរការពាក់ព័ន្ធនឹងបរទេស កាលពីលោកបង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងជាប្រធានអង្គការមួយនេះ ចាប់តាំងឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៧នោះ។

ដោយសារសំណួរដដែលៗ ប្រធានគណបក្សប្រឆាំងរូបនេះ មិនឆ្លើយតប ហើយលោក ក៏បានទាមទារឱ្យតុលាការហៅរដ្ឋាភិបាលអាមេរិក មកសួរនាំនៅក្នុងសំណុំរឿង ដែលរដ្ឋាភិបាលកម្ពុជាកំពុងចោទប្រកាន់លោក ថាបានឃុបឃិតគ្នាជាមួយបរទេស។ 

ប៉ុន្តែក្នុងអង្គសវនាការនោះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឆ្លើយតបវិញថា ច្បាប់នៅក្នុងប្រទេសខ្មែរ គឺសម្រាប់ដាក់ទោសពលរដ្ឋខ្មែរ ដែលប្រព្រឹត្តិខុសច្បាប់ប៉ុណ្ណោះ ទោះជាបុគ្គលនោះមានទំនាក់ទំនងជាមួយបរទេសណាក៏ដោយ។

សំណុំរឿងដែលឈានទៅចាប់ឃុំខ្លួន និងរំលាយគណបក្សសង្រ្គោះជាតិនេះ ដោយរដ្ឋាភិបាលបានផ្អែកទៅលើវីដេអូឃ្លីបដែលត្រូវបានគេកាត់តខ្លីមួយ ដែលមានប្រវែងប្រមាណ៣នាទី បង្ហោះនៅលើបណ្តាញសង្គមដែលថាលោកកឹម សុខា បានទទួលយុទ្ធសាស្ត្រ និងការណែនាំជាច្រើនពីបរទេសដើម្បីដឹកនាំពលរដ្ឋជោគជ័យលើរបបផ្តាច់ការមួយចំនួននៅលើពិភពលោក ដូចជាប្រទេសហ្សែកប៊ី និងយូហ្គោស្លាវី ជាដើម។ 

ប៉ុន្តែខាងមេធាវីការពារក្តីរដ្ឋាភិបាលអះអាងថា ពួកគេមានភស្តុតាងជាច្រើនទៀតអំពីការឃុបឃិតជាមួយរដ្ឋបរទេសក្នុងបំណងផ្តួលរំលំរដ្ឋាភិបាល។

ដោយឡែក ក្រុមមេធាវីការពារក្តីឱ្យលោក កឹម សុខា វិញ បានលើកឡើងថាវីដេអូឃ្លីបប្រវែងប្រមាណ៣ នាទី ដែលគេយកមកកាត់តនោះ បានធ្វើឱ្យបាត់ខ្លឹមសារដើមទាំងស្រុង ត្បិតខ្សែវីដេអូពេញប្រវែង១ម៉ោង៣នាទីនោះ បានបញ្ជាក់យ៉ាងច្បាស់ថាកូនក្តីលោកចង់ឱ្យពលរដ្ឋយល់ដឹងពីសិទ្ធិមនុស្ស លិទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ហើយចង់បានការផ្លាស់ប្តូរដោយសន្តិវិធី តាមរយៈការបោះឆ្នោតដោយត្រឹមត្រូវ និងយុត្តិធម៌តែប៉ុណ្ណោះ។

តុលាការកំពូលបានសម្រេចរំលាយចោលគណបក្សសង្រ្គោះជាតិតាំងពីថ្ងៃទី ១៦ វិច្ឆិកា ឆ្នាំ២០១៧ ទោះបីជាលោកកឹម សុខា មិនទាន់ត្រូវបានរកឃើញថាមានទោសទណ្ឌស្របតាមការចោទប្រកាន់ក្តី។  ចំណែកបរទេសដែលចោទប្រកាន់ថាលោក កឹម សុខា បានឃិត                 ឃុបនោះ ក៏រដ្ឋាភិបាល និងតុលាការនៅមិនទាន់រកឃើញ និងគ្មានបំណងហៅរដ្ឋដែលពាក់ព័ន្ធមកឆ្លើយបំភ្លឺនោះដែរ។

ទោះបីជាសំណុំរឿង លោក កឹម សុខា ត្រូវបានសហគមន៍អន្តរជាតិថាជារឿងនយោបាយក្តី ប៉ុន្តែតុលាការ ដែលសហគមន៍អន្តរជាតិថាស្ថិតនៅក្រោមឥទ្ធិពលគណបក្សកាន់អំណាចមិនខ្វល់ ហើយចេះតែបន្តនីតិវិធី ដោយគ្មានថ្ងៃកំណត់ថានឹងបញ្ចប់។

សហរដ្ឋអាមេរិក ធ្លាប់អះអាងថា ការចាប់និងឃុំខ្លួនលោកកឹម សុខា ជាង២ឆ្នាំ មុនពេលបន្ធូរបន្ថយលក្ខខណ្ឌឃុំខ្លួននោះ គឺ ជារឿងអយុត្តិធម៌ ហើយការចោទប្រកាន់ទាំងឡាយគ្មានភស្តុតាងអ្វីទាំងអស់។

កាលពីខែកញ្ញា អាមេរិកបានចេញសេចក្តីថ្លែងការពីរលើកជាបន្តបន្ទាប់ ឱ្យរដ្ឋអំណាចលោកហ៊ុន សែន ទម្លាក់ចោលការចោទប្រកាន់ និងសំណុំរឿងលោក កឹម សុខា។ បន្ថែមពីនេះ ផ្តល់សិទ្ធិសេរីភាពផ្នែកនយោបាយដល់លោក និងអ្នកជាប់បម្រាមផ្សេងទៀត ព្រមទាំងប្រគល់សិទ្ធិស្របច្បាប់ដល់មន្ត្រីក្រុមប្រឹក្សាឃុំ សង្កាត់ ជាង៥ពាន់នាក់ ដែលជាប់ឆ្នោតដោយស្របច្បាប់ ប៉ុន្តែរដ្ឋាភិបាលមិនអើពើឡើងចំពោះការទាមទារទាំងនោះ។

ក្នុងខែវិច្ឆិកា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតមួយមកលោក ហ៊ុន សែន ដោយប្រាប់ឱ្យរដ្ឋាភិបាលកម្ពុជាប្រញាប់វិលទៅរកគន្លងប្រជាធិបតេយ្យ និងបង្ហាញឆន្ទៈពិតប្រាកដ ក្នុងការកសាងទំនុកចិត្តនៃប្រទេសទាំងពីរឡើងវិញ។ អាមេរិក បានព្រមានថាប្រសិនបើកម្ពុជាដើរផ្ទុយពីគន្លងប្រជាធិបតេយ្យ នឹងមានហានិភ័យខ្ពស់ផ្នែកអភិវឌ្ឍន៍ និងសេដ្ឋកិច្ចផងដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស