លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ជំហរនៅថ្ងៃនេះថា កម្ពុជាមិនទាន់មានផែនការជម្លៀសមន្ត្រីទូត និងពលរដ្ឋពីតំបន់ផ្ទុះជំងឺរលាកផ្លូវដង្ហើមដែលបង្កឡើងដោយវីរុសកូរ៉ូណា ក្នុងទីក្រុងវូហាន ប្រទេសចិននៅឡើយទេ។
ជាងនេះទៀត លោកថា កម្ពុជានឹងមិនបិទជើងយន្តហោះពីប្រទេសចិននោះដែរ ដោយថាការបិទជើងហោះហើរពីប្រទេសចិនគឺជាការសម្លាប់សេដ្ឋកិច្ចរបស់កម្ពុជា។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា ការបិទជើងយន្តហោះពីចិនមក កម្ពុជា និងជម្លៀសពលរដ្ឋពីប្រទេសចិនមកវិញគឺ ហាក់បីដូចជាសម្លាប់សេដ្ឋកិច្ច និងទំនាក់ទំនងកម្ពុជា-ចិន ដូច្នោះដែរ។
តែយ៉ាងណាលោកថា រដ្ឋាភិបាលចិន បានគិតគូរពីពលរដ្ឋរបស់ខ្លួន និងពលរដ្ឋបរទេសនៅក្នុងប្រទេសរបស់គេរួចទៅហើយ។ ជាងនេះទៀត រដ្ឋាភិបាលចិនក៏បានចេញបម្រាមមិនឱ្យពលរដ្ឋខ្លួនដែលរស់នៅតំបន់ក្នុងទីក្រុងវូហាន នៃខេត្តហឺប៉ី ចេញចូលទៅតំបន់ផ្សេងនោះដែរ។
លោក ហ៊ុន សែន ក៏បានសម្តែងក្តីបារម្ភចំពោះនិស្សិតខ្មែរមួយចំនួនដែលត្រឡប់មកកម្ពុជា ដោយថាប្រសិនបើពួកគេមកព្រោះតែក្តីព្រួយបារម្ភ ហើយមិនបានជូនដំណឹងទៅសាលា គេនឹងអាចបញ្ឈប់កម្មវិធីសិក្សារបស់ពួកគេទៀតផង។
លោកក៏បានណែនាំឱ្យនិស្សិតខ្មែរដែលមកដល់កម្ពុជាទាំងនោះ ទាក់ទងទៅខាងសាលាហើយជូនដំណឹងអំពីការផ្អាកចូលរៀន ឬ អវត្តមានរបស់ពួកគេ។ លោកថា ពាក្យថារួមសុខរួមទុក្ខ គឺជារឿងសំខាន់ ប៉ុន្តែមិនមែននៅពេលមិត្តភក្តិបានសុខនៅជាមួយ ហើយនៅពេលមិត្តភក្តិមានទុក្ខ រត់ចោលគ្នានោះឡើយ។
លោកក៏បានប្រាប់ពលរដ្ឋថា ស្ថានភាពបច្ចុប្បន្ននៅកម្ពុជា មិនមែន រឿងជំងឺកូរ៉ូណា ដែលគួរឱ្យបារម្ភនោះទេ ប៉ុន្តែជំងឺភ័យខ្លាចរបស់ពលរដ្ឋទៅវិញទៅទើបជារឿងគួរឱ្យបារម្ភជាង។
ការថ្លែងរបស់លោក ហ៊ុន សែន ស្របពេលស្ថានភាពជំងឺរលាកផ្លូវដង្ហើមបង្កឡើងដោយវីរុស កូរ៉ូណា បានបណ្តាលឱ្យពលរដ្ឋចិនស្លាប់ប្រមាណ១៧០នាក់ និង ជាង៧ពាន់នាក់ទៀតរកឃើញថាមានជំងឺនេះ ហើយជំងឺនេះបានឆ្លងរាលដាលទៅតំបន់ជាច្រើនទៀតក្នុងប្រទេសចិន។
បន្ថែមពីនេះ ប្រទេសនៅលើពិភពលោកជាច្រើនទៀត ទាំងនៅតំបន់អឺរ៉ុប សហរដ្ឋអាមេរិក តំបន់អាស៊ី ក៏រកឃើញថាមានអ្នកជំងឺមេរោគនេះ ជាបន្តបន្ទាប់ទៀតផង។
ខណៈលោកហ៊ុន សែន គ្មានគម្រោងជម្លៀសពលរដ្ឋខ្លួនចេញពីតំបន់ផ្ទុះជំងឺនេះ និងមិនព្រមបិទជើងហោះហើរពីប្រទេសចិននោះ ដោយឡែកប្រទេសជាង២០នៅលើពិភពលោកវិញ បានសម្រេច និងកំពុងត្រៀមជម្លៀសពលរដ្ឋខ្លួនចេញពីក្រុងវូហាន ប្រទេសចិន ជាទី ដែលវីរុសកូរ៉ូណា កំពុងរាតត្បាតខ្លាំង។
សារព័ត៌មាន New York Times របស់អាមេរិក បានឱ្យដឹងនៅថ្ងៃនេះថា រដ្ឋាភិបាលខ្លួនបានដឹកពលរដ្ឋអាមេរិកជាង២០០នាក់ចេញពីទីក្រុងវូហានកាលពីថ្ងៃពុធម្សិលមិញ តាមជើងយន្តហោះពិសេស ទៅកាន់មូលដ្ឋានទ័ពមួយកន្លែងក្នុងរដ្ឋកាលីហ្វ័រនីញ៉ា។ ពួកគេត្រូវបានដាក់ឱ្យស្នាក់នៅទីនោះ១៤ថ្ងៃ មុនអនុញ្ញាតឱ្យទៅផ្ទះដើម្បីធានាថាអ្នកទាំងនោះមិនមានផ្ទុកវីរុសឆ្លងកូរ៉ូណាថ្មី។
ដោយឡែក សូម្បីតែប្រទេសភូមា ក៏ត្រៀមទៅរំដោះនិស្សិតរបស់ខ្លួនចំនួនជា៦០នាក់ ដែលកំពុងស្ថិតនៅក្រុងវូហាន ផងដែរ នៅពេលរដ្ឋាភិបាលចិនយល់ព្រម។
ជាងទៀត ក៏មានប្រទេសមួយចំនួនក្នុងតំបន់អាស៊ី និងអឺរ៉ុប ក៏បានសម្រេចផ្អាកជើងហោះហើរជាមួយប្រទេសចិន ដោយបារម្ភខ្លាចវីរុសនេះឆ្លងចូលទឹកដីប្រទេសរបស់ពួកគេ៕