28 C
Phnom Penh

លោក ស ខេង ជំរុញឱ្យដោះស្រាយបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ឱ្យចប់នៅឆ្នាំ២០២០

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃលោក ស ខេង បានចេញវិធានការសំខាន់ៗ ចំនួន៩ចំណុច ដើម្បីដោះបញ្ហាប្រឈមនានាពាក់ព័ន្ធរឿងអន្តោប្រវេសន្ត និងដើម្បីឱ្យការអនុវត្តការងាររបស់អគ្គនាយដ្ឋនអន្តោប្រវេសន៍កាន់តែមានប្រសិទ្ធភាព។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងទិសដៅ ២០២០បន្ដ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅរសៀលថ្ងៃព្រហស្បតិ៍នេះ លោក ស ខេង ក៏បានជម្រុញដោះស្រាយបញ្ហាអន្តោប្រវេសន្ត ដែលនៅសេសសល់ឲ្យបានចប់សព្វគ្រប់ក្នុងឆ្នាំ២០២០នេះ។

លើសពីនេះ លោកក៏ជំរុញឱ្យអគ្គនាយកដ្ឋាននេះ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ អនុវត្តគោលការណ៍ដែលបានដាក់ចេញ និងត្រូវចាត់វិធានការ ដឹកនាំស្រាវជ្រាវត្រួតពិនិត្យជាប្រចាំគ្រប់មូលដ្ឋាន ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបទាន់ពេល មិនទុកឲ្យមានការលួចជ្រៀតចូលមកស្នាក់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់បន្តបន្ទាប់ទៀតឡើយ។ លោកថា បញ្ហានេះ  ដែលអាចធ្វើឲ្យកើតមានបញ្ហាប្រឈមសារជាថ្មីបាន។

ជាងនេះទៀត ត្រូវជម្រុញការផ្តល់លិខិតស្នាមដល់ជនអន្តោប្រវេសន្ត ដែលស្ថិតក្នុងក្របខណ្ឌ បញ្ជីស្នាមពេលបិទឱសានវាទឲ្យបានគ្រប់ៗគ្នា។

លោកបន្តថា  ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវមានកម្មវិធីជំរុញឲ្យយកចិត្តទុកដាក់គ្រប់គ្រង ក្នុងភូមិសាស្ត្រទទួលខុសត្រូវនីមួយៗឱ្យបានហ្មត់ចត់ រាប់ទាំងការត្រួតពិនិត្យវត្តមានស្នាក់នៅ ការផ្លាស់ប្តូរលំនៅដ្ឋាន ការបន្តសុពលភាពបណ្ណស្នាក់នៅ និងការមកធ្វើបណ្ណស្នាក់នៅ ពេលគម្រប់អាយុ១៨ឆ្នាំដល់ជនបរទេសផងដែរ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ ក៏បានទាមទារឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវមានវិធានការគ្រប់គ្រងវត្តមានការស្នាក់នៅរបស់ជនបរទេស ក្នុងប្រទេសកម្ពុជា ឲ្យបានហ្មត់ចត់ ដើម្បីធានាដល់ការងារស្រាវជ្រាវស៊ើបអង្កេត និងការតម្រង់ទិសឲ្យបានជាប្រយោជន៍សម្រាប់ជាតិ និង ដើម្បីមានវិធានការការពារសុវត្ថិភាពពួកគេដែលជាជនបរទេស។

យ៉ាងណាក៏ដោយបញ្ហាអន្តោប្រវេសន៍ ពិសេសអន្តោប្រវេសន៍វៀតណាម នៅតែជាបញ្ហារ៉ាំរៃ សម្រាប់សង្គមកម្ពុជា។ ក្រុមអ្នកឃ្លាំមើលនិយាយថាអាជ្ញាធរកម្ពុជាអនុវត្តច្បាប់នៅមានភាពទន់ខ្សោយ និងការប្រព្រឹត្តអំពើពុករលួយ ដែលជំរុញឱ្យអន្តោប្រវេសន៍ខុសច្បាប់ជាច្រើន ពិសេសវៀតណាមអាចទទួលបានភាពស្របច្បាប់រស់នៅលើដីខ្មែរ និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិកម្ពុជាទៀតផង។

របាយការណ៍អគ្គនាយដ្ឋានអន្តោប្រវេសន៍ចេញកាលពីពាក់កណ្តាលឆ្នាំមុន បានឱ្យដឹងថា សមត្ថកិច្ចបានដកហូតឯកសាររដ្ឋបាលមិនប្រក្រតីពីជនបរទេសមានចំនួនជិត៤ម៉ឺនច្បាប់ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០១៩។

ឯកសារមិនប្រក្រតីទាំងអស់នោះ មានដូចជា សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន សំបុត្រកំណើត សេចក្ដីចម្លងសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ ដោយឯកសារទាំងអស់នេះ  អាជ្ញាធរឃុបឃិតគ្នាផ្ដល់ឯកសារឱ្យជនបរទេសទាំងនោះ ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស